នំឆាខ្វៃ ជានំបំពងម្សៅមួយប្រភេទ ដែលតែងត្រូវបានប្រជាជនខ្មែរជាច្រើនយកមកទទួលទានជាអាហារពេលព្រឹក ដូចជាដាក់ក្នុងបបរ ឬកាហ្វេជាដើម។ យ៉ាងណាមិញ តាមពិតទៅ នំប្រភេទនេះគឺមានប្រភពមកពីប្រទេសចិន ដែលមានទំនាក់ទំនងយ៉ាងជិតស្និតនឹងរឿងរ៉ាវប្រវត្តិសាស្រ្តមួយដែលគេបានចងក្រងទុក។
នៅឯប្រទេសចិន គេហៅនំនេះថាជា«នំយ៉ាវឆាខ្វៃ» ដែល«យ៉ាវ» ក្នុងភាសាចិនមានន័យថា «ខ្លាញ់», «ឆា» មានន័យថា «ចម្រាញ់», «ខ្វៃ» គឺសំដៅលើជនក្បត់ជាតិម្នាក់ដែលមានឈ្មោះថា ខ្វៃ។ ដូច្នេះ «នំយ៉ាវឆាខ្វៃ« គឺមានន័យថា «នំចម្រាញ់ខ្លាញ់អាខ្វៃ»។
បើនិយាយពីប្រវត្តិរបស់នំនេះ គឺជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្រ្តនាសម័យសឹកសង្គ្រាមក្នុងប្រទេសចិន ដោយកាលនោះគឺមានគឺមានជនក្បត់នឹងផែនដីមួយរូប ឈ្មោះថា ខ្វៃ ដែលត្រូវបានគេចាប់មកធ្វើទារុណកម្ម ដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឲ្យឈ្មោះ ខ្វៃនោះស៊ីសាច់របស់ខ្លួនឯង។
ជាមួយគ្នានោះ គេក៏ឲ្យជាងឆ្លាក់រូបសំណាក់មួយគូរទុក ដែលតំណាងឲ្យ ជនឈ្មោះខ្វៃនិងភរិយាខ្លួន ដែលផ្សំគំនិតក្បត់ជាតិនោះ និងទុកជាគំរូមិនឲ្យជនជំនាន់ក្រោយៗទៀតយកតម្រាប់តាម។ យ៉ាងណាមិញ នំឆាខ្វៃ ដែលធ្វើចេញមកមាន១គូរៗ ជាប់គ្នារហូតនោះ ទំនងជាតំណាងឲ្យប្តីប្រពន្ធក្បត់មួយគូរនេះឯង៕










