ប្រទេសន័រវេស ៖ នៅលើភ្នំ Kjerag ក្នុងតំបន់ Rogaland ប្រទេសន័រវេស មានតំបន់ទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ គឺថ្ម «Kjeragbolten» ឬត្រូវបានគេស្គាល់ឈ្មោះថា «ថ្មតំណាងក្តីស្រឡាញ់» ។ ថ្មនេះបានកើតឡើងតាមធម្មជាតិមានលក្ខណៈប្លែក និងអស្ចារ្យយ៉ាងខ្លាំង ដោយសារវាស្ថិតនៅត្រង់ចំណុចកណ្តាលរបស់ថ្មធំៗ ។
ថ្មតំណាងក្តីស្រឡាញ់ «Kjeragbolten» បានក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់អ្នកចូលចិត្តដើរក្នុងព្រៃ និងអ្នកធ្វើដំណើរផ្សងព្រេងស្វែងរកភាពសប្បាយរីករាយ ដោយពួកគេអាចមកឈរនៅលើថ្ម ដែលមានទឹកល្ហល្ហេវនៅផ្នែកខាងក្រោម ។ 
ការធ្វើដំណើរមកកាន់ថ្ម Kjeragbolten ពុំមែនជាការងាយស្រួលប៉ុន្មានទេ ពីព្រោះអ្នកដំណើរត្រូវចំណាយពេលជាច្រើនម៉ោងក្នុងការដើរឆ្លងកាត់ព្រៃដ៏លំបាក ប៉ុន្តែអ្នកដំណើរទាំងនេះនឹងបានឃើញទិដ្ឋភាពដ៏អស្ចារ្យ និងបាត់ការនឿយហត់ពីក្នុងខ្លួន ពេលពួកគេបានឈរលើថ្ម ។ ហេតុនេះ ធ្វើឱ្យភ្ញៀវទេសចរជាច្រើនចង់ទទួលបានបទពិសោធន៍នេះ ។.jpg)
ប្រវត្តិរបស់ថ្មនេះត្រូវបានគេលើកមកនិយាយភ្ជាប់ជាមួយរឿងតំណាលថា នៅទីនេះ គឺជានិមិត្តរូបតំណាងឱ្យក្តីស្រឡាញ់ និងការប្តេជ្ញាចិត្ត ។ គូស្នេហ៍ជាច្រើនតែងតែនាំគ្នាមកឈរលើថ្មនេះ ដើម្បីបង្ហាញក្តីផ្អែមល្ហែម ឬការស្មោះត្រង់ជាមួយគ្នា ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ទើបគេដាក់ឈ្មោះវាថា «ថ្មតំណាងក្តីស្រឡាញ់» ។ រីឯនៅបរិវេណជុំវិញថ្មនេះ ក៏មានមន្តស្នេហ៍ផងដែរ ដូចជា ៖ ច្រាំងថ្មភ្នំ, ទឹកជ្រោះ និងផ្ទៃទឹកសមុទ្រពណ៌ខៀវ ប្រកបដោយបរិយាកាសស្ងប់ស្ងាត់ ។
ភាពស្រស់ស្អាតដែលធម្មជាតិបង្កើតឡើងបានធ្វើឱ្យថ្មតំណាងក្តីស្រឡាញ់ ក្លាយជាតំបន់គោលដៅពុំគួរមើលរំលងសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងអ្នកផ្សងព្រេង ដែលចង់ស្រាវជ្រាវពីតំបន់ទេសចរណ៍ដ៏អស្ចារ្យរបស់ប្រទេសន័រវេស ។.jpg)
បើទោះជាថ្មនេះស្ថិតនៅចំណុចគ្រោះថ្នាក់ក្តី ប៉ុន្តែវាពុំបានធ្វើឱ្យភ្ញៀវទេសចរភ័យខ្លាចឡើយ ផ្ទុយទៅវិញ ទីតាំងរបស់វាមានភាពខុសប្លែកបែបនេះបានធ្វើឱ្យភ្ញៀវទេសចរលើពិភពលោក ចង់ធ្វើដំណើរមកទីនេះបានម្តងក្នុងមួយជីវិត ។ ពេលមកដល់ទីនេះ ពួកគេបានថតរូបជាសកម្មភាពផ្សេងៗ ខ្លះលោត និងខ្លះទៀតយកសម្ភារៈមកជាមួយដែរ ។
ភ្ញៀវទេសចរម្នាក់ដែលធ្លាប់មកឈរលើថ្មនេះ និយាយថា បើនៅខាងក្រៅវិញ វាមានទំហំធំជាងរូបថតទៅទៀត ហើយបើយើងជាន់លើថ្មខុសតែ១ជំហាន ឬ២ជំហាន មុខជាធ្លាក់ទៅខាងក្រោមមិនខាន ។ ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍ គឺគ្មានអ្នកណាម្នាក់ធ្លាក់ទៅក្រោមទេ ។
ភ្ញៀវទេសចររូបនេះបន្តថា ៖ «បើទោះជាមនុស្សភាគច្រើនគិតថា ពិបាកធ្វើដំណើរមកកាន់ទីនេះ ប៉ុន្តែខ្ញុំគិតថា យើងអាចធ្វើដំណើរមកដល់ទីនេះដោយគ្មានការលំបាក និងពុំចាំបាច់ប្រើប្រាស់ឧបករណ៍ឡើងភ្នំ» ៕










