ប្រទេសវៀតណាម ៖ លោក Kai Wei Ang សេដ្ឋវិទូប្រចាំតំបន់អាស៊ានមកពីស្ថាប័ន BofA Securities ដែលមានឈ្មោះដើមថា Bank of America Merrill Lynch និយាយថា វៀតណាម គឺជាប្រទេសលេចធ្លោជាងគេផ្នែកទាក់ទាញការវិនិយោគពីបរទេស បើប្រៀបធៀបនឹងបណ្តាប្រទេសអាស៊ានផ្សេងទៀត ។ ប៉ុន្តែវៀតណាមមានបញ្ហាដាច់ចរន្តអគ្គិសនីញឹកញាប់ និងមានវិបត្តិផ្នែកអចលនទ្រព្យ កាលពីឆ្នាំ២០២៣ ។
ក្រៅពីនេះ លោក Kai Wei Ang ក៏បានលើកឡើងអំពីគុណសម្បត្តិផ្សេងៗរបស់ប្រទេសវៀតណាមផងដែរ ដូចជា ៖ កម្លាំងពលកម្មវៀតណាមអាចប្រកួតប្រជែងជាមួយប្រទេសផ្សេង និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់វៀតណាម ។ ហេតុនេះ វាបង្កលក្ខណៈងាយស្រួលក្នុងការនាំចេញទំនិញ ក៏ដូចជាការទាក់ទាញការវិនិយោគពីក្រៅប្រទេស ។
ទោះយ៉ាងណា កាលពីឆ្នាំ២០២៣ ការផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងប្រទេសរបស់វៀតណាមពុំមានស្ថិរភាពទេ ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង ប៉ុន្តែវៀតណាមក៏បានរៀនសូត្រពីបទពិសោធន៍នានា និងត្រៀមផ្គត់ផ្គង់ថាមពលអគ្គិសនីឱ្យបានគ្រប់គ្រាន់ ។ ជាមួយគ្នានេះ វៀតណាមបានរៀបចំវិធានការផ្សេងៗទុកជាមុន ដោយសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហាការខ្វះខាតអគ្គិសនី ។
រយៈពេលជាច្រើនឆ្នាំមកនេះ វៀតណាមបានក្លាយប្រទេសលេចធ្លោជាងគេក្នុងតំបន់អាស៊ាន ដោយសារវៀតណាមអាចទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស Foreign Direct Investment (FDI) គឺមានវិនិយោគិនបរទេសយកប្រាក់មកវិនិយោគនៅវៀតណាម ស្មើជាង១ម៉ឺន១ពាន់លានដុល្លារអាមេរិក បើគិតចាប់ពីដើមឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។
ចំណុចទាក់ទាញរបស់វៀតណាមសម្រាប់វិនិយោគិនបរទេស គឺការជួលកម្លាំងពលកម្មនៅវៀតណាមមានតម្លៃថោកជាងប្រទេសជិតខាង ហើយវៀតណាមបានអភិវឌ្ឍគ្រប់ផ្នែកទាំងអស់យ៉ាងឆាប់រហ័ស ដូចជា ៖ ផ្នែកសេដ្ឋកិច្ច, តម្រូវការក្នុងស្រុក, ប្រាក់ចំណូលកើនឡើង, ការផ្តល់សិទ្ធិ និងកិច្ចព្រមព្រៀងផ្សេងៗ ។
លើសពីនេះ នយោបាយនៅវៀតណាមមានស្ថិរភាព, ពលរដ្ឋវៀតណាមមានចំនួនច្រើន, វៀតណាមមានបរិមាណប្រេងបម្រុងទុកច្រើន (ស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីប្រទេសម៉ាឡេស៊ី) ហើយវៀតណាមមានឆ្នេរសមុទ្រវែងរហូតដល់ជាង៣.០០០គីឡូម៉ែត្រ ។ ប៉ុន្តែវៀតណាមមានចំណុចខ្វះខាតខ្លះ គឺការជួលដីធ្លី និងជួលអគារនៅតែមានតម្លៃខ្ពស់ បើធៀបនឹងប្រទេសជិតខាង ៕










