ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Startup មកពីសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេសបានប្រកាសពីភាពជោគជ័យរបស់ខ្លួន ក្នុងការផលិតបន្ទះសូឡាស្រូបពន្លឺថ្ងៃមានប្រសិទ្ធភាពបំផុតលើពិភពលោក ។ បន្ទះសូឡានេះអាចស្រូបពន្លឺថ្ងៃបានច្រើនជាងបន្ទះសូឡាទូទៅ និងកាត់បន្ថយការបញ្ចេញកាបូនផងដែរ ។
បន្ទះសូឡា Solar Panel មានធាតុផ្សំសំខាន់ គឺកោសិកាពន្លឺព្រះអាទិត្យ ឬ PV (Photovoltaic) ដែលអាចបំលែងពីពន្លឺព្រះអាទិត្យឱ្យក្លាយជាថាមពលអគ្គិសនី ។ ក្រុមហ៊ុន Oxford PV ដែលបានដំណើរការផលិតបន្ទះសូឡាស្ថិតក្រោមការគាំទ្រពីសាកលវិទ្យាល័យ Oxford និយាយថា បន្ទះសូឡានេះមានប្រសិទ្ធភាពបំផុតលើពិភពលោក ឬខ្ពស់ជាងបន្ទះសូឡានាពេលបច្ចុប្បន្ន រហូតដល់២៦,៩% ។
បន្ទះសូឡារបស់ក្រុមហ៊ុន Oxford PV អាចប្រើប្រាស់ដូចបន្ទះសូឡាទូទៅដែរ ហើយវាបានទាញថាមពលពីពន្លឺព្រះអាទិត្យមកបំលែងជាថាមពលអគ្គិសនី ស្មើនឹង២៦,៩% ។ ក្រុមហ៊ុននេះអះអាងថា បន្ទះសូឡានីមួយៗមានទម្ងន់ស្មើនឹង២៥គីឡូក្រាម រីឯបន្ទះសូឡាធម្មតាមានប្រសិទ្ធភាពត្រឹមតែ២៥% ប៉ុណ្ណោះ ប៉ុន្តែបន្ទះសូឡារបស់ក្រុមហ៊ុនមានការទទួលស្គាល់ពីសមាគម Fraunhofer CalLab នៅប្រទេសអាល្លឺម៉ង់ ។
David Ward ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Oxford PV និយាយថា ៖ «អ្នកដំឡើងបន្ទះសូឡាប្រភេទថ្មីនេះ នឹងទទួលបានប្រយោជន៍ពីការកើនឡើងនៃសមត្ថភាពផលិតលើសពី២០% ខណៈកន្លែងដំឡើងបន្ទះសូឡាមានទំហំស្មើមុន ។ ដូច្នេះ វាមិនត្រឹមតែជួយកាត់បន្ថយការចំណាយដើមទុនក្នុងការដំឡើងបន្ទះសូឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកាត់បន្ថយការបញ្ចេញកាបូនផងដែរ» ។
នាថ្ងៃអនាគត ក្រុមហ៊ុន Oxford PV មានគម្រោងផលិតបន្ទះសូឡាប្រើប្រាស់សារធាតុ Perovskite ដែលមានប្រសិទ្ធភាពក្នុងការទទួលថាមពលច្រើនជាង៣០% ។ ក្រុមហ៊ុននេះសង្ឃឹមថា នឹងទទួលបានជោគជ័យលើការផលិតបន្ទះសូឡារហូតដល់កម្រិតជីហ្គាវ៉ាត់ (GW) ក្នុងរយៈពេលចាប់ពី២ឆ្នាំ ទៅ៣ឆ្នាំ ខាងមុខ ៕










