យោងតាមរូបភាពនិងការដាក់បង្ហោះដោយ«មន្ទីរទេសចរណ៍ខេត្តបាត់ដំបង» បានឲ្យដឹងថា បាត់ដំបងគឺជាខេត្តមួយប្រជុំទៅដោយបេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្ត ម្ហូបអាហារ សិល្បៈ ដងស្ទឹង សំណង់ស្ថាបត្យកម្ម។
តំបន់សក្តានុពលសំខាន់ក្នុងនិងជុំវិញក្រុងបាត់ដំបងរួមមាន៖ រមណីយដ្ឋានភ្នំសំពៅ រមណីយដ្ឋានប្រាសាទបាណន់ រមណីយដ្ឋានប្រាសាទឯកភ្នំ ការទស្សនាហ្វូងសត្វប្រចៀវ ការជិះឡូរីជើងភ្នំបាណន់ ការទស្សនៈវត្តសម័យលោកម្ចាស់ សំណង់សម័យអាណានិគមបារាំង សម្ធិផលសម័យសង្គមរាស្រ្តនិយម ការទស្សនាចង្វាក់ផលិតកម្មអំពីផលិតផលដោយដៃដូចជា៖ស្រាស នំបញ្ចុក សង្វាក់ ណែមត្រី សំបកណែម ជាដើម។
ចំពោះតំបន់អេកូទេសចរណ៍និងកសិទេសចរណ៍ក្នុងខេត្តនេះវិញ រួមមាន ស្រុករតនៈមណ្ឌល ស្រុកសំឡូត ដែលមានសក្តានុពលអេកូទេសចរណ៍យ៉ាងល្អឯក និងស្រស់ត្រកាល បូករួមទាំងកសិទេសចរណ៍ ដែលរំលេចចេញជាទេសសចរណ៍ព្រៃព្រឹក្សា ចំការដំណាំយ៉ាងខៀវស្រងាត់ និងទេសចរណ៍ទឹកធ្លាក់ ខ្សែទឹកបង្កើតបានជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញ ដែលសំខាន់រួមមាន៖ ទឹកធ្លាក់អូរជាំ ទឹកធ្លាក់តាតោកអូរក្រូច ទឹកធ្លាក់បរឡាង ភ្នំកំពូល អូរតង ចំការស្វាយជាដើម។
បាត់ដំបងក៏ជាខេត្តមួយជាប់នឹងបឹងទន្លេសាប ដែលតំបន់នៅជុំបឹងទន្លេសាបនៃខេត្តនេះរួមមាន៖ស្រុកសង្កែ ស្រុកឯកភ្នំ ជាតំបន់ដែលមានសក្តានុពលទេសចរណ៍តាមផ្ទៃទឹកដ៏ទាក់ទាញបំផុតដូចជា៖ ដងស្ទឹងសង្កែភ្ជាប់ទៅបឹងទន្លេសាប តំបន់បាក់ព្រា ព្រែកត្រប់ ព្រែកទាល់ សំបុកសត្វអូសទូក សំបូរទៅដោយទេសភាពព្រៃលិចទឹក សត្វស្លាប តំបន់អភិរក្សពូជត្រី ជាដើម។
រីឯតំបន់ទេសចរណ៍ជនបទនិងកែច្នៃក្នុងខេត្តនេះ៖ រួមមានស្រុកមោងឬស្សី គាស់ក្រឡ រុក្ខគិរី ដែលមានសក្តានុពលទេសចរណ៍ជនបទ និងកែកែច្នៃ វាលស្រែ យ៉ាងច្រើនអនេច ទំនប់ទឹកបាសាក់ ទំនប់ទឹកដូនទ្រី វាលបឹងឈូក ប្រឡាយទឹកខ្វែងខ្វាត ពាសពេញវាលស្រែខៀវខ្ចី។
គួរបញ្ជាក់ថា ស្រុកមួយចំនួននៅក្នុងខេត្តបាត់ដំបង គឺមានព្រំប្រទល់ជាប់ជាមួយព្រះរាជាណាចក្រថៃ ដែលរួមមានស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន៕











