លោក ហ៊ុយ យ៉ាឡេង ផលិតករដ៏មានប្រជាប្រិយភាពមួយរូបរួមទាំងជាតួសម្តែងក្នុងសាច់រឿងមួយចំនួនផងបានទម្លាយថាលោកចង់សម្លាប់ខ្លួនចំនួន៣លើកដោយសារតែវិស័យកុនព្រោះផលិតរឿងមកមិនសូវទទួលបានការគាំទ្រខាតឡុងចុង។ ជួបប្រទះបញ្ហាក្នុងជីវិតបែបនេះលោកបានចាប់ផ្តើមសរសេរសាច់រឿងមួយគឺ «សម្លា.ប់ខ្លួន» ប៉ុន្តែក្រោយមកកែសម្រួលទៅជា «កុំស្លា.ប់»។ 
ផលិតករ ហ៊ុយ យ៉ាឡេង បានរៀបរាប់លើបណ្តាញសង្គមនាវេលាម៉ោងជិត២រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ មិថុនា ថា «សម្លាប់ខ្លួនជាចំណងជើងភាពយន្តដែលខ្ញុំសរសេរបន្ទាប់ពីមានវិបត្តិកូវីត១៩ ។វាមានរឿងរ៉ាវច្រើនណាស់ដែលបណ្តាលចិត្តឱ្យសរសេររឿងនេះ»។ លោកបន្តថា «ប្រឡូកវិស័យសិល្បៈតាំងពី២០០០តាំងពីតួ២ដុល្លារឡើងជាជំនួយការដឹកនាំ ឡើងជាអ្នកដឹកនាំអត់មានអ្នកស្គាល់មកចៃដន្យគេស្គាល់ដោយសាររឿងវិកលចរិត អ្នកដឹកនាំដើរតួខ្លួនឯងអត់មានអ្នកមើល។ ខ្ចីលុយគេមកថតកុនអត់មានអ្នកមើលសល់កង់មួយចង់ជិះកង់ចូលឡានចង់សម្លាប់ខ្លួនលើកទី១។ លើកទី២ពេលមានវិបត្តិកូវីត១៩ចង់ថតរឿង វិបត្តិកូវីត១៩ឱ្យគេចងចាំវិបត្តិនោះតែគ្មានអ្នកមើលពេលនោះចង់លោតចូលភ្លើងតែចៃដន្យភ្លើងធ្វើឱ្យរលាកក៏មិនបានលោត»។.png)
ផលិតករ «ដើម្បីកូន» បន្តទៀតថា «លើកទី៣ពេលអស់មែនទែនប្រកាសលក់ផ្ទះដើម្បីបន្តរដំណើរក៏គ្នានអ្នកជួយក៏សម្រេចចិត្តចេញពីភ្នំពេញទៅសៀមរាប។ ពេលចេញជិះកាត់ស្ពានជ្រោយចង្វារក៏គិតថាកាច់ចង្កូតឡានទម្លាក់ស្ពានជ្រោយចង្វារតែហាក់ដូនតាទះកំផ្លៀងឡានពួកម៉ាកឱ្យខ្ចីជិះហេតុអីត្រូវទាញឡានគេឱ្យរងគ្រោះ បំណុលធានាគារអ្នកណាអ្នកសងជំនួសយើង។ ថ្ងៃនោះជាន់ប្រាំងជាប់កុំអីគ្មានអីអស្ចារ្យក្រៅពីប្រជាជនគេសើចយំទេហើយរឿងរ៉ាវសម្លាប់ខ្លួនហាក់មានជើងកបផ្លុំត្រចៀក។ អ្វីទាំងអស់ហេតុអីឱ្យតែយើងចង់សម្លាប់ខ្លួនហេតុអីវាចេះតែទាញមិត្តភ័ក្តខ្ញុំលេបថ្នាំសម្លាប់ខ្លួនម្តងអត់ស្លាប់ហាក់ដូចមានអ្វីមកទាញ។ លើកទី២គាត់ស្លាប់ទាល់តែបានហេតុនេះហើយខ្ញុំសម្រេចសរសេររឿងដែលមានចំណងជើងថាសម្លាប់ខ្លួនតែក្រោយមកទៀតខ្ញុំបានរកឃើញចម្លើយមួយពីមិត្តខ្ញុំដែលគេបានដឹងពីសុខភាពជីវិតខ្ញុំហើយខ្ញុំក៏ដឹងខ្លួនឯងដូចគ្នាមនុស្សដែលឆ្លងកាត់ការចង់សម្លាប់ខ្លួនឯង៣ដងហើយមិនស្លាប់គឺក្លាយជាមនុស្សរឹងមាំហើយមិត្តភក្តិខ្ដែលបានជួយខ្ញុំឱ្យផលិតរឿងនេះហើយបានសុំដូរចំណងជើងរឿងនេះថា «កុំស្លាប់» អរគុណមិត្តរៀននៅសាលាដែលឥឡូវខ្ញុំហៅគាត់ថាបងភក្រ»។
ស្នាដៃលេចធ្លោរបស់ លោក ហ៊ុយ យ៉ាឡេង មានដូចជា «ខ្មោចដើមចេកជ្វា», «ផ្ទះខ្មោចទិញ», «វិកលចរិត» រួមទាំងភាពយន្ត «ដើម្បីកូន»។ ជារឿយៗផលិតកររូបនេះបានត្អូញត្អែរពិបាករកអ្នកបណ្តាក់ទុកលើវិស័យភាពយន្ត។ ជាក់ស្តែងកាលពីកន្លងមកថ្មីៗនេះលោកក៏បានលើកឡើងដែរថា វិស័យចម្រៀងមានការរីកចម្រើនខ្លាំងជាងវិស័យកុន MV មួយបទចាយដល់៣០ម៉ឺនដុល្លារមានក្រុមហ៊ុនជួយឧបត្ថម្ភ ចំណែកឯវិស័យកុនចាយ៥ទៅ៧ម៉ឺនដុល្លារកំសត់មិនសូវមានអ្នកជួយជ្រោង៕










