ស្ពានឬស្សីដ៏ល្បីល្បាញមួយ និងជានិមិត្តរូបប្រចាំខេត្តកំពង់ចាម ដែលគេត្រូវបានគេស្គាល់ថាជា«ស្ពានឬស្សីកោះប៉ែន» ខណៈកាលពីពេលថ្មីៗនេះ ប្រភពមួយបានរាយការណ៍ថាស្ពាននេះ ត្រូវបានផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នសិន ព្រោះតែទឹកជំនន់ជន់លិច។

កាលពីថ្ងៃទី២១ ខែមិថុនានេះ យោងតាមគេទំព័រមួយដែលមានឈ្មោះថា «ឆ្នេរ ធម្មជាតិ» បានចែករំលែករូបថតចំនួន២សន្លឹកអមជាមួយនឹងសារមួយឃ្លាថា«សូមជម្រាបដល់បងប្អូនសាធារណៈជនមេត្តាជ្រាបថា ចាប់ពីព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ ស្ពានឬស្សីកោះប៉ែនខេត្តកំពង់ចាម សូមផ្អាកការធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន ដោយសារទឹកឡើងជនលិចស្ពាន។ បងប្អូនអាចធ្វើដំណើរតាមស្ពានថ្មកោះមិត្ត មកកំសាន្តនៅឆ្នេរខ្សាច់កោះប៉ែនបានជាធម្មតា។ សូមអរគុណ»។
ទោះជាយ៉ាងណា នេះមិនមែនជាលើកដំបូងទេ ខណៈទឹកជំនន់តែងជន់លិចស្ពានឬស្សីនេះនៅជារៀងរាល់រដូវវស្សា ហើយក៏តែងមានការស្ថាបនានិងជុលជុលស្ពាននេះឡើងវិញក្នុងរដូវប្រាំង។ ជាទូទៅស្ពាននេះ ក៏ត្រូវបានបើកឲ្យមានការធ្វើដំណើរឆ្លងកាត់តែនៅក្នុងរដូវទឹកស្រកតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ស្ពានឬស្សីកោះប៉ែន មានទីតាំងស្ថិតនៅឃុំកោះមិត្ត ស្រុកកំពង់សៀម ក្រុងកំពង់ចាម។ ស្ពាននេះកសាងឡើងដោយប្រើប្រាស់ឬស្សីទាំងស្រុង ខណៈវាគឺជាស្ពានតភ្ជាប់ពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គប្រវែងប្រហែល១ គីឡូម៉ែត្រ ។ នៅជារៀងរាល់រដូវទឹកស្រក ក្រៅពីការឆ្លងទូកដរ ភ្ញៀវទេសចរគឺអាចធ្វើដំណើរឆ្លងកាត់ស្ពាននេះបានដោយជិះកង់ឬថ្មើរជើង ដើម្បីទៅកម្សាន្តនៅលើកោះប៉ែនប្រកបដោយភាពរីករាយផងដែរ៕










