សារី សុវត្តី Miss World Cambodia 2021 ក៏ទទួលបានការអញ្ជើញចូលរួមក្នុងកម្មវិធី Sabaidee Fest ដែលមានសិល្បករកម្ពុជា វណ្ណដា វណ្ណថាន រួមទាំងអ្នកមួយចំនួនទៀតនៅលើទឹកដីសហរដ្ឋអាម៉េរិកដែលទើបបញ្ចប់ការសម្តែងថ្មីៗនេះ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍អតីតម្ចាស់មកុដរូបនេះបានគ្រងឈុត «អប្សរា» ខ្មែរដ៏ស្រស់ស្អាតអមដោយអារម្មណ៍មោទនភាព។
ដ្បិតមិនសូវលេចធ្លោខ្លាំងក្នុងអាជីពជាបវរកញ្ញាប៉ុន្តែ សារី សុវត្តី ជាបវរកញ្ញាម្នាក់ដែលពោរពេញដោយចំណេះដឹង ថែមទាំងមានជំនាញច្រើនក្នុងអាជីពសិល្បៈទាំងការសម្តែង រួមទាំងធ្វើជាពិធីការិនី ជាពិសេសគឺចំណេះដឹងខាងភាសាបរទេសតែម្តងហើយនាងក៏មានសមត្ថភាពរាំរបាំបុរាណខ្មែរបានដូចគ្នា។ អ្វីដែលកាន់តែចាប់អារម្មណ៍ សារី សុវត្តី ជាបវរកញ្ញាខ្មែរដំបូងគេលេចវត្តមានក្នុងកម្មវិធីមហោស្រពតន្រ្តី Sabaidee Fest នៅលើទឹកដីសហរដ្ឋអាម៉េរិកដែលជាកម្មវិធីតែមួយដែលមានវត្តមាន វណ្ណដា វណ្ណថាន និងនាយកប្រតិបត្តិបារមី ឡូរ៉ា ម៉ម សម្តែងដូចគ្នា រួមទាំងសិល្បករផ្សេងទៀត។
តាមការបញ្ជាក់ពី Miss World Cambodia 2021 រូបនេះបានឱ្យដឹងថានាងមានឱកាសធ្វើជាពិធីការនីប្រកាសតារាចម្រៀងខ្មែរសម្តែងនៅលើឆាកប្រគំតន្រ្តី ជាកិត្តិយសសម្រាប់នាងយ៉ាងខ្លាំង។ លើសពីនេះទៅទៀត សារី សុវត្តី បានរំលេចខ្លួនគ្រងឈុតអប្សរាដើម្បីតំណាងឱ្យវប្បធម៌ និងប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិដ៏ធំនិងមានកិត្យានុភាលើទឹកដីសហរដ្ឋអាម៉េរិក ដែលមានការសម្ដែងបទចម្រៀងមានចំណងជើងថា «ម្ចាស់ក្សត្រីកម្ពុជា »។
គួរបញ្ជាក់ថា កាលពីខែមេសា សារី សុវត្តី បានធ្វើជាពិធីការិនីក្នុងកម្មវិធីមួយដែលមានការចូលរួមសម្តែងពី វណ្ណដា និង Kwan ខណៈរូបនាងក៏បានបង្ហោះរូបជាមួយ វណ្ណដា ថែមទាំងបង្ហាញថានាងនឹងចូលរួមទស្សនាការសម្តែងរបស់ វណ្ណដា នៅ Sabaidee Fest ដូចគ្នា៕










