បរទេស៖ ស្រារបស់ប្រទេសអេស្ប៉ាញត្រូវបានគេរក្សាទុកក្នុងកោដ្ឋមួយដោយកប់ក្នុងផ្នូររ៉ូម៉ាំងរយៈពេល ២,០០០ ឆ្នាំស្រាប់តែប្រែទៅជាពណ៌ក្រហម ទោះជាយ៉ាងណាសម្រាប់រសជាតិគឺប្រៃបន្តិចប៉ុន្តែនៅតែអាចផឹកបាន។
យោងតាម Smithsonian ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ មិថុនាថា អ្នកបុរាណវត្ថុវិទូបានរកឃើញកោដ្ឋកញ្ចក់មួយដែលមានទុកនៅ សារធាតុរាវពណ៌ក្រហមជិត ៥ លីត្រ ខណៈពេលកំពុងជីកផ្នូររ៉ូម៉ាំងនៅទីក្រុង Carmona ខេត្ត Seville ប្រទេសអេស្ប៉ាញ ។

បន្ទាប់ពីបានរកឃើញភ្លាម អ្នកបុរាណវត្ថុវិទូក៏បានយកទៅវិភាគក្នុងមន្ទីរពិសោធន៍ ក្រុមការងារបានសន្និដ្ឋានថា សារធាតុរាវពណ៌ក្រហមនេះគឺធ្លាប់ជាស្រា ប៉ុន្តែបានផ្លាស់ប្តូរពណ៌ដោយសារវាត្រូវបានគេរក្សាទុកជាង ២ ពាន់ឆ្នាំមកហើយ។ លោក Rafael Ruiz Arrebola ដែលជាសហអ្នកនិពន្ធនៃសកលវិទ្យាល័យ Cordoba បាននិយាយថា “នេះជាលើកទីមួយហើយដែលសារធាតុរាវដូចនេះត្រូវបានរកឃើញ”។ Rafael បានបន្តថា វាក៏ជាស្រាចំណាស់ជាងគេបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអេស្ប៉ាញផងដែរ។ 
នៅក្នុងមន្ទីរពិសោធន៍ ក្រុមការងារបានរកឃើញថា អង្គធាតុរាវមាន pH 7.5 ស្រដៀងនឹងទឹក ទោះជាយ៉ាងណាក៏ដោយសមាសធាតុគីមីរបស់វាគឺស្រដៀងទៅនឹងស្រាជាង។ Rafael បាននិយាយថា ស្រាប្រែទៅជាពណ៌ក្រហមដែលមានអាយុកាលជាង ២ ពាន់ឆ្នាំនេះនៅតែអាចផឹកបាន ដោយវាមិនមានជាតិពុលឡើយ គ្រាន់តែមានជាតិប្រៃបន្តិច។
ស្រានេះត្រូវបានមនុស្សជំនាន់មុនផលិតពីទំពាំងបាយជូរពណ៌សកប់វាក្នុងផ្នូររ៉ូម៉ាំងជាមួយអ្នកស្លាប់ ដោយគេជឿថា នឹងអាចបំបាត់ការស្រេកទឹកពីមនុស្សដែលបានស្លាប់។ គួរបញ្ជាក់ដែរថា មុនពេលការរកឃើញថ្មីនេះ ស្រាដែលចំណាស់ជាងគេបំផុតក្នុងពិភពលោកនោះជាកម្មសិទ្ធិរបស់ “ពាងស្រាមួយ” នៅក្នុងផ្នូររ៉ូម៉ាំងមួយទៀតនៅជិត Speyer ប្រទេសអាឡឺម៉ង់ ដែលបានរកឃើញនៅឆ្នាំ ១៨៦៧ ដែលស្រាចំណាស់នោះត្រូវបានគេប៉ាន់ស្មានថាមានអាយុកាលប្រហែល ៨,០០០ ឆ្នាំ៕










