លោក ហេង ប៊ុនលាភ គឺជាតារាចម្រៀង និងជាតួឯកតាមរយៈខ្សែភាពយន្តជាច្រើនប៉ុន្តែលោកបានបាត់មុខពីវិស័យសិល្បៈយ៉ាងយូរ ទើបតែមួយរយៈចុងក្រោយនេះលោកបានលេចមុខមកវិថីនេះជាថ្មី។ តាមរយៈបទសម្ភាសតារាប្រុសរូបនេះថាការផ្អាកពីវិស័យនេះដោយសារតែពេលលោករៀបការរួចជួយការងារភរិយានៅខេត្តពោធិ៍សាត់មិនមែនមានការហាមឃាត់ពីភរិយាឡើយ។ ជាមួយគ្នានេះដែរ លោកបានបង្ហើបថារូបរាងស្គមស្គាំងរបស់ខ្លួនមិនមែនលោកកើតជំងឺអេដស៍ទេ ប៉ុន្តែជាជំងឺថ្លើម។
នៅក្នុងបទសម្ភាសក្នុងកម្មវិធី V talk ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី១២ មិថុនា លោក ហេង ប៊ុនលាភ ជាសិល្បករដែលមានឈ្មោះបោះសំឡេងនិងមានរូបរាងសង្ហាបានចូលរួមនិងបានទម្លាយរឿងរ៉ាវក្នុងចិត្តជាច្រើនក្នុងកម្មវិធី។ កាលពីកន្លងមកនេះលោក ហេង ប៊ុនលាភ បានចែករំលែករបស់ខ្លួនក្នុងសភាពដែលមានរូបរាងស្គមស្គាំង ខ្មៅ រហូតថែមទាំងមានអ្នកចោទថាលោកកើតអេដស៍។
តារាប្រុសដែលនៅតែស្រស់សង្ហារូបនេះបានឱ្យដឹងថា កាលពីមួយរយៈមុនដែលឃើញលោកស្គមហើយខ្មៅគឺលោកមានបញ្ហាសុខភាពមិនមែនកើតអេដស៍នោះទេតែមានបញ្ហា ថ្លើម ដោយពេទ្យតម្រូវឱ្យផឹកថ្នាំមួយថ្ងៃមួយគ្រាប់ដោយជំនាន់នោះមិនទាន់ទំនើបអាចលេប៥ឆ្នាំ១០ឆ្នាំឬមួយជីវិត ជម្រើសទី២គឺចាក់ដោយចំណាយពេល១ឆ្នាំទើបលោកសម្រេចចិត្តយកជម្រើសទី២ ប៉ុន្តែការចាក់នោះធ្វើទុក្ខខ្លាំងណាស់ជួនកាលក៏ចាក់ត្រង់ភ្លៅ ឬក្បាលពោះ ជាពិសេសគឺក្បាលពោះចាក់ខ្លួនឯងមួយម្ជុលរាល់មួយអាទិត្យម្តងធ្វើទុក្ខក្នុងខ្លួនស្គម ខ្មៅ និងជ្រុះសក់។
កំពុងទទួលបានភាពល្បីល្បាញទាំងសិល្បៈចម្រៀង និងសម្តែង ស្រាប់តែបាត់លោកពីសិល្បៈនោះ លោកហេង ប៊ុនលាភ បានឱ្យដឹងថាកាលនោះលោករៀបការហើយក៏ផ្អាកពីសុល្បៈមួយរយៈដោយសារគ្រួសារមានរបរឡូនេសាទហើយក៏ទៅជួយនៅខេត្តពោធិ៍សាត់ដោយពិបាកឡើងចុះខ្លាចបំពេញការងារមិនបានល្អទើបលោកសម្រេចចិត្តផ្អាកតែម្តង។មន្ទិលសង្ស័យដែលថាមានការប្រចែប្រច័ណ្ឌពីភរិយាទើបផ្អាកពីសិល្បៈនោះមិនមែននោះទេដោយសារតែរយៈពេលចុងក្រោយដែលលោកត្រឡប់មកវិញមិនមានបញ្ហាអ្វីនោះឡើយ។
យ៉ាងណាការវិលចូលសិល្បៈជាថ្មីនេះលោក ហេង ប៊ុនលាភ ថាមានភាពខុសគ្នាពីមុនឆ្ងាយកាលពីជំនាន់មុន។ គ្រាមុនលោករកចំណូលបានច្រើនទាំងកេរ្តិ៍ឈ្មោះនិងចំណូល តែបច្ចុប្បន្នវ័យក៏ជ្រេ កេរ្តិ៍ឈ្មោះក៏បាត់បង់ខ្លះ ចំណូលសិល្បៈក៏បាត់បង់ទៅតាមនោះ។ កាលពីមុនចំណូលតិចតែលុយថ្លៃ ប៉ុន្តែឥឡូវបានលុយច្រើនតែត្រូវការចំណាយច្រើនដូចគ្នាថែមទាំងមានអ្នកជំពាក់កម្រៃខ្លួនលោកថែមទៀត។
ការវិលចូលសិល្បៈវិញនេះដែរ លោក ហេង ប៊ុនលាភ ថាលោកមិនប្រកាន់ខ្លួនដើរតួជាអ្វីនោះទេលោកលេងបានទាំងអស់មិនថាជាតួអ្នកបម្រើ អ្នកបើកឡានក្តី ឱ្យតែតម្លៃខ្លួនអាចទទួលយកបានលោកសម្តែងបានទាំងអស់៕










