ប្រទេសឥណ្ឌូណេស៊ី ៖ លំនៅឋានជាច្រើនខ្នង និងច្រើនជាន់ក្នុងភូមិមួយដែលលោកអ្នកបានឃើញនេះ មិនមែនជាភូមិធម្មតាៗនោះទេ ពីព្រោះភូមិនេះមានទីតាំងស្ថិតនៅលើដំបូលផ្សារទំនើបមួយកន្លែងក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ។ 
នេះបង្ហាញថា ផ្សារទំនើបនៅផ្នែកខាងក្រោមពិតជាមានសភាពរឹងមាំខ្លាំងហើយ ទើបអាចទ្រភូមិដ៏ធំមួយបាន ហើយអ្នករស់នៅភូមិនេះថែមទាំងអាចបើករថយន្តពីខាងក្រោមឡើងទៅលើ និងចតរថយន្តមុខផ្ទះពួកគេផងដែរ ។
ហេតុអ្វីទើបគេបង្កើតភូមិនៅលើដំបូលផ្សារទំនើបបែបនេះ ឬក៏ខ្វះដីសាងសង់? ភូមិនេះបង្កើតឡើងក្រោមគម្រោងអភិវឌ្ឍន៍លំនៅឋានឈ្មោះ «Cosmo Park» ដែលមានលំនៅឋាន២ជាន់ សរុបចំនួន៧៨ខ្នង ។ លើសពីនេះ ក្នុងភូមិនៅមានទីកន្លែងផ្តល់សេវាកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ដូចជា ៖ កន្លែងហាត់ប្រាណ, អាងហែលទឹក, ទីលានវាយកូនបាល់ និងមានផ្លូវខ្វាត់ខ្វែងសម្រាប់អ្នកភូមិបើកបររថយន្ត ។
ភ្នាក់ងារអភិវឌ្ឍផ្នែកអចលនទ្រព្យនៅទីក្រុងហ្សាកាតា មានគំនិតបង្កើតគម្រោងលំនៅឋានលើដំបូលផ្សារទំនើបនេះ គឺដើម្បីបង្កើនកន្លែងស្នាក់នៅដល់ពលរដ្ឋក្នុងក្រុងហ្សាកាតា ខណៈវាជាទីក្រុងធំ និងមានមនុស្សរស់នៅច្រើនបំផុតនៅឥណ្ឌូណេស៊ី ។ ម្យ៉ាងទៀត គម្រោងបង្កើតភូមិលើដំបូលផ្សារទំនើប គឺអាចបណ្តាលមកពីដីធ្លីនៅក្រុងហ្សាកាតា មានតម្លៃខ្ពស់ជាងទីក្រុងផ្សេងៗ ប្រមាណពី១០% ទៅ២០% ។ .jpg)
បើតាមការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មក្រៅប្រទេស ដែលមានទីតាំងនៅក្រុងហ្សាកាតា និងស្ថិតក្រោមក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍មួយរបស់ Cushman & Wakefield ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក បញ្ជាក់ថា តម្លៃលំនៅឋាននៅតំបន់ពាណិជ្ជកម្មក្នុងក្រុងហ្សាកាតា កាលពីចុងឆ្នាំ២០១៤ គឺតម្លៃជាមធ្យម ស្មើនឹង៣.៤៧៩ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ និងកើនឡើង៣៨,៩% បើធៀបនឹងឆ្នាំ២០១៣ ។
ភូមិស្ថិតក្រោមគម្រោងអភិវឌ្ឍន៍លំនៅឋានឈ្មោះ «Cosmo Park» បានបង្កើតឡើងនៅលើដំបូលផ្សារទំនើបមួយឈ្មោះ «Thamrin City» ដែលមានលំនៅឋានសរុបចំនួន៧៨ខ្នង ហើយលំនៅឋាននីមួយៗមានចំនួន២ជាន់ ។ អ្នករស់នៅទីនេះពុំចាំបាច់បារម្ភពីគ្រោះថ្នាក់ទេ ពីព្រោះភ្នាក់ងារជំនាញបានរៀបចំប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកភូមិ គឺសាងសង់របងបាំងកុំឱ្យមនុស្សធ្លាក់ចុះក្រោម ៕










