ប្រទេសឥណ្ឌា ៖ អណ្តូងទឹក «Rani ki vav» ឬមានឈ្មោះមួយទៀតថា អណ្តូងទឹកម្ចាស់ក្សត្រី «The Queen’s Stepwell» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់ប្រទេសឥណ្ឌា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ ។ អណ្តូងទឹកនេះមានលក្ខណៈជាកាំជណ្តើរ និងមានរូបចម្លាក់បុរាណនៅតាមជញ្ជាំងអណ្តូង ។.jpg)
អណ្តូងទឹកម្ចាស់ក្សត្រីនេះ គឺស្ថិតនៅក្បែរទន្លេសុរ៉ាសាវ៉ាឌី រដ្ឋគុថារ៉ាជ បានសាងសង់ឡើងនៅចុងសតវត្សរ៍ទី១១ ដោយម្ចាស់ក្សត្រីព្រះនាម អ៊ុថាយ៉ុមទី ដើម្បីរំលឹកដល់ព្រះមហាក្សត្រ និងត្រូវជាស្វាមីរបស់ព្រះនាងដែលបានសោយទីវង្គត ។
ក្រោយមក នៅឆ្នាំ១៩៨៦ ក្រុមអ្នកបុរាណវិទ្យានៅប្រទេសឥណ្ឌាបានចាប់ផ្តើមជីកកកាយ និងស្រាវជ្រាវអណ្តូងទឹកម្ចាស់ក្សត្រី «The Queen’s Stepwell» ជាថ្មី ។ ពេលនោះ គេបានឃើញរូបចម្លាក់ម្ចាស់ក្សត្រី អ៊ុថាយ៉ុមទី ហើយគេក៏បានជួសជុលអណ្តូងបុរាណជាថ្មីនៅឆ្នាំ១៩៨៧ ។ 
បើតាមអក្សរសិល្ប៍របស់ឥណ្ឌាបញ្ជាក់ថា អណ្តូងទឹកមានលក្ខណៈជាកាំជណ្តើរនេះបានសាងសង់នៅឆ្នាំ១០៦៣ ហើយឥណ្ឌាបានចំណាយពេលរហូតដល់២០ឆ្នាំ ទើបអាចសាងសង់អណ្តូងរួចរាល់ ។ មនុស្សទូទៅដឹងថា ម្ចាស់ក្សត្រី អ៊ុថាយ៉ុមទី បានបញ្ជាឱ្យគេសាងសង់អណ្តូងទឹកនេះសម្រាប់រំលឹកដល់ព្រះមហាក្សត្រ ព្រះនាម ភីម៉ា ទី១ (ដែលបានសោយរាជ្យចាប់ពីឆ្នាំ១០២២ ដល់ឆ្នាំ១០៦៤) ។.jpg)
ប៉ុន្តែអ្នកជំនាញបញ្ជាក់ថា អណ្តូងទឹកនេះអាចសាងសង់នៅឆ្នាំ១០៣២ ។ អណ្តូងទឹកមានប្រវែង៦៤ម៉ែត្រ, ទទឹង២០ម៉ែត្រ និងជម្រៅចុះក្រោម២៧ម៉ែត្រ ហើយត្រូវបានគេរកឃើញនៅឆ្នាំ១៩៦០ ។ គេសន្និដ្ឋានថា កាលពីបុរាណ គេប្រើប្រាស់អណ្តូងនេះសម្រាប់ស្តុកទឹកពីប្រភពទឹកក្រោមដី និងបានជួសជុលកែលម្អជាបន្តបន្ទាប់ រហូតដល់រយៈពេលជាង៣.០០០ឆ្នាំ ។
បច្ចុប្បន្ន អណ្តូងនេះបានក្លាយជាស្ថាបត្យកម្មដ៏ស្រស់ស្អាតបំផុត ខណៈនៅតាមជញ្ជាំងអណ្តូងមានក្បូរក្បាច់ និងរូបចម្លាក់ល្អឯកផ្សេងៗ ដូចជា ៖ ព្រះវិស្ណុ និងស្រីទេពអប្សរ ។ រីឯនៅបរិវេណជិតបាតអណ្តូង គឺមានរូបចម្លាក់ទំហំធំ ដូចជា ៖ ព្រះព្រហ្ម, ព្រះសិវៈ និងព្រះវិស្ណុ ជាដើម ។
ក្រៅពីនេះ អណ្តូងទឹកម្ចាស់ក្សត្រី ត្រូវបានគេកោតសរសើរថា គឺជាស្ថាបត្យកម្មមានលក្ខណៈកាំជណ្តើរដ៏ពិសិដ្ឋ និងធំបំផុតនៅរដ្ឋគុថារ៉ាជ របស់ឥណ្ឌា ។ អង្គការយូណេស្កូ (UNESCO) បានចុះបញ្ជីអណ្តូងទឹកនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ ៕










