ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ មានហេតុការណ៍ភ្លើងឆេះផ្សារមួយកន្លែងឈ្មោះស៊ីសាម៉នរ៉ាត់ (ឬផ្សារត្រី ចតុចាក់) នៅទីក្រុងបាងកក ដែលជាផ្សារលក់សត្វចិញ្ចឹមនៅប្រទេសថៃ និងបណ្តាលឱ្យខូចខាតតូបផ្សារអស់ចំនួន១១៨តូប និងសត្វងា.ប់ អស់រាប់ពាន់ក្បាល ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ជាងគេនោះ គឺខ្មោចពស់ដែលងា.ប់ ដោយសារភ្លើងឆេះភាគច្រើនសុទ្ធតែខាំខ្លួនឯង ។.jpg)
លោក នីតិភូមិថាណាត់ មីងរុជិរ៉ាល័យ ជាអ្នកនយោបាយថៃបានបង្ហោះរូបភាពសត្វពស់ និងសរសេរក្នុងហ្វេសប៊ុកថា ៖ «ពេលភ្លើងឆេះផ្សារ សត្វពស់ពិតជាវេទនាយ៉ាងខ្លាំង ទើបវាខាំខ្លួនឯងបែបនេះ ។ នៅថ្ងៃទី១១ ខែមិថុនា ខ្ញុំបានឃើញពស់ងាប់ក្នុងភ្លើងក្តៅៗ ហើយពស់មិនតិចក្បាលទេ ដែលខាំខ្លួនឯង ។ សូមឱ្យពស់ទៅកាន់សុគតិភព និងកុំកើតជាសត្វឱ្យមនុស្សចាប់ឃុំទៀត» ។
ចំណែកពស់ខាំខ្លួនឯង មុនពេលងាប់ក្នុងភ្លើងនោះ គឺជាពស់ពូជ Mexican Black Kingsnake និងគ្មានពិសទេ ។ ខ្លួនរបស់វាមានពណ៌ខ្មៅទាំងអស់ ហើយពស់ប្រភេទនេះមិនកាចសាហាវទេ ទើបមនុស្សចូលចិត្តចិញ្ចឹមវា ។ រីឯតម្លៃវិញ គឺចាប់ពី១ពាន់បាត ទៅ១ម៉ឺនបាត ហើយពស់នេះមិនចូលចិត្តកំដៅខ្លាំងទេ ។.jpg)
ក្រោយការបង្ហោះរូបភាពខ្មោចពស់ត្រូវភ្លើងឆេះធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និងសួរថា ហេតុអ្វីពស់ត្រូវងាប់ក្នុងលក្ខណៈខាំខ្លួនឯងបែបនេះ? តើវាជាការធ្វើបាបខ្លួនឯងដែរឬទេ? ការពិត ករណីពស់ងាប់ក្នុងលក្ខណៈខាំខ្លួនឯងនេះ ក៏ធ្លាប់កើតឡើងនាពេលកន្លងមកដែរ ។
លោក និរុត ឈុមង៉ាម អ្នកជំនាញផ្នែកសត្វល្មូន បានឆ្លើយទៅកាន់សំណួរខាងលើថា មូលហេតុដែលពស់ខាំខ្លួនឯងមុនពេលងាប់ មិនមែនជាការសម្លាប់ខ្លួនទេ ហើយវាបណ្តាលមកពីមូលហេតុជាច្រើន ដូចជា ៖
-ភាពតានតឹង
-រោគសញ្ញាសរសៃប្រសាទ និងពុំអាចគ្រប់គ្រងខ្លួនវាបាន
-អាចឈឺចាប់ខ្លាំង ទើបពេលខ្លះ វាខាំខ្លួនឯង ឬខាំក្បាល ។.jpg)
លោកបន្តថា សត្វពស់មានភាពស្វិតស្វាញខ្លាំងណាស់ គឺពេលវាត្រូវរថយន្តកិនសង្កត់ ឬត្រូវគេវាយដំ វាពុំងាយងាប់ភ្លាមៗទេ ហើយបើងាប់វិញ ក៏យូរដែរ ។ វាមានឈាមត្រជាក់ ខួរក្បាលវាត្រូវការអុកស៊ីសែនតិចជាងសត្វមានឈាមក្តៅ ។ ដូច្នេះ មុនពេលងាប់ វាឈឺចាប់ខ្លាំង ហើយហាមាត់ខាំអ្វីៗទាំងអស់ដែលនៅមុខវា ។
ករណីមួយទៀត គឺធ្មេញរបស់ពស់មុតខ្លាំង ហើយមានពេលចំណីចូលមាត់ពស់ម្តងៗ គឺចំណីកម្រធ្លាក់ចេញពីមាត់វាណាស់ ។ ហេតុនេះ ពេលវាឈឺចាប់ខ្លាំងដោយសារត្រូវភ្លើងឆេះ វាក៏ខាំខ្លួនឯង ហើយវាពិបាកទាញមាត់ចេញវិញ ទើបគេឃើញពស់ងាប់ក្នុងសភាពខាំខ្លួនវាបែបនេះ គឺវាខាំខ្លួនវារហូតដល់ងាប់ ៕










