ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា វណ្ណដា និងវណ្ណថាន បានចេញដំណើរឆ្ពោះទៅកាន់ទឹកដីអាម៉េរិកដើម្បីសម្តែងការប្រគំតន្រ្តីលើកដំបូងរបស់ខ្លួននាពេលឆាប់ៗនេះ ប៉ុន្តែអ្នកគាំទ្រខ្លះក៏បង្ហាញការងឿងឆ្ងល់ចំពោះតារាចម្រៀង កៅ សុហ្វៀរ ដែលមិនបានរួមដំណើរជាមួយអ្នកទាំងពីរ ខណៈកាលពីកន្លងមកនេះខាងផលិតកម្មបារមីបានប្រកាសដែរថា តារាចម្រៀងស្រីរូបនេះក៏នឹងចូលរួមសម្តែងដូចគ្នា។
កាលពីយប់ថ្ងៃទី១០ មិថុនា វណ្ណដា និង វណ្ណថាន រួមទាំងក្រុមការងារមួយចំនួនបានធ្វើការហោះហើរពីមាតុភូមិដើម្បីត្រៀមចូលរួមសម្តែងនៅលើទឹកដីមហាអំណាចក្រោមការជូនពរពីហ្វេនៗជាច្រើនឱ្យធ្វើដំណើរសុខសប្បាយតាមផ្លូវ។ ធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងនិងត្រូវប្តូរជើងហោះហើរផងនៅព្រឹកថ្ងៃទី១២ មិថុនា មានការជូនដំណឹងថា វណ្ណដា បានទៅដល់ទឹកដីអាម៉េរិកហើយ។
យ៉ាងណាមិញ ទន្ទឹមនឹងភាពរំភើបចិត្តរបស់ហ្វេនៗរួមទាំងក្តីនឹករលឹកផង អ្នកគាំទ្រមួយចំនួនក៏បង្ហាញការងឿងឆ្ងល់ចំពោះការអវត្តមានរបស់តារាចម្រៀង កៅ សុហ្វៀរ ដែលមិនបានរួមដំណើរជាមួយអ្នកទាំងពីរក្នុងការចេញទៅសម្តែងនៅអាម៉េរិកលើកនេះ។
គេចាំបានថាកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ផលិតកម្មបារមីបានប្រកាសដំណឹងល្អថា តារាចម្រៀងរ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា , វណ្ណថាន រួមទាំងកញ្ញា កៅ សុហ្វៀ នឹងធ្វើការសម្ដែងជាលើកដំបូងឯសហរដ្ឋអាម៉េរិកក្នុងកម្មវិធីមហោស្រពប្រគំតន្រ្ដី Sabaidee Fest នៅឯទីក្រុង Chino, Southern California នាខែមិថុនា ឆ្នាំ២០២៤។ ការប្រកាសនេះបានធ្វើឱ្យហ្វេនៗរំភើបចិត្តចំពោះសិល្បករយ៉ាងខ្លាំងដែលទទួលបានឱកាសបញ្ចេញសមត្ថភាពក្នុងនាមជាកូនខ្មែរឱ្យជាតិសាសន៍ដទៃ បានស្គាល់តន្រ្តីរបស់ប្រទេសកម្ពុជាបានកាន់តែច្រើន ខណៈវិស័យមួយនេះកំពុងរីកដុះដាលយ៉ាងឆាប់រហ័ស។.png)
យ៉ាងណាមិញ ការអវត្តមានរបស់ កៅ សុហ្វៀរ រួមដំណើរជាមួយ វណ្ណដា និង វណ្ណថានគេមិនដឹងថាដោយសារតែមូលហេតុអ្វីនោះទេ ខណៈផលិតកម្មក៏មិនបានបញ្ជាក់ថានាងនឹងចូលរួមការសម្តែងលើកនេះឬក៏ខកខានដោយប្រការណាមួយ ឬមួយក៏ហោះហើរតាមក្រោយឬយ៉ាងណានោះទេ។
គួរបញ្ជាក់ថាការប្រគំតន្រ្តី Sabaidee Fest នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់១៦ មិថុនា។ តាមរយៈ Poster របស់កម្មវិធីបានបង្ហោះកាលពីខែមេសា វណ្ណដា វណ្ណថាន និង កៅ សុហ្វៀរ នឹងត្រូវសម្តែងនៅថ្ងៃទី២នៃកម្មវិធី គឺត្រូវនឹងថ្ងៃទី១៥ មិថុនា៕










