សហរដ្ឋអាមេរិក ៖ បើតាមសារព័ត៌មានបរទេសឱ្យដឹងថា លោក Elon Musk ជាមហាសេដ្ឋីលំដាប់ពិភពលោក និងជាម្ចាស់ក្រុមហ៊ុនល្បីៗបានឆ្លើយតបភ្លាមៗ ក្រោយពីក្រុមហ៊ុន Apple ប្រកាសថា នឹងសហការជាមួយ Open AI ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាលើឧបករណ៍អេឡិចត្រូនិក ។ តើលោក Elon Musk និយាយបែបណាខ្លះទៅកាន់ Apple?
លោក Elon Musk ជាស្ថាបនិកបណ្តាញសង្គម X និងជានាយកក្រុមហ៊ុន Tesla លើកឡើងថា លោកនឹងហាមឃាត់ការប្រើប្រាស់ iPhone របស់ក្រុមហ៊ុន Apple ទាំងអស់ក្នុងក្រុមហ៊ុនរបស់លោក ក្រោយពីក្រុមហ៊ុន Apple ប្រកាសថា នឹងសហការជាមួយ Open AI ព្រមទាំងបង្ហាញបច្ចេកវិទ្យា AI ថ្មីឈ្មោះ «Apple Intelligence» ។
សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ថា Apple បានប្រកាសពីកិច្ចសហការជាមួយក្រុមហ៊ុន Open AI ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកអភិវឌ្ឍលំដាប់ពិភពលោក នៅស្នាក់ការធំរបស់ក្រុមហ៊ុនក្នុងទីក្រុងឃូព័រទីណូ រដ្ឋកាលីហ្វ័រញ៉ា ។ លើសពីនេះ ពួកគេនឹងបង្ហាញបច្ចេកវិទ្យា AI ថ្មីឈ្មោះ «Apple Intelligence» ដែលនឹងដាក់បញ្ចូលជាមួយឧបករណ៍ផ្សេងៗ ដូចជា ៖ iPhone, iPad និង Mac ។
ក្រុមហ៊ុន Apple បញ្ជាក់ថា កម្មវិធី Apple Intelligence នឹងដាក់បន្ថែមជាមួយ Version ថ្មីក្នុងឧបករណ៍របស់ក្រុមហ៊ុន ។ កម្មវិធីនេះជួយការពារភាពឯកជនរបស់ Apple Intelligence ព្រមទាំងធ្វើឱ្យកម្មវិធីផ្សេងៗកាន់តែទំនើប ខណៈទិន្នន័យអ្នកប្រើប្រាស់ពុំត្រូវបានគេលួច ។ លើសពីនេះ កម្មវិធី GPT Chat នឹងត្រូវដាក់បញ្ចូលក្នុងឧបករណ៍របស់ Apple នាចុងឆ្នាំ២០២៤ ផងដែរ ។
ការប្រកាសពីកិច្ចសហការរវាងក្រុមហ៊ុន Apple និង Open AI បានធ្វើឱ្យលោក Elon Musk ឆ្លើយតបភ្លាមៗនៅលើបណ្តាញសង្គម X ថា ៖ «បើ Apple សហការជាមួយ Open AI ខ្ញុំនឹងហាមឃាត់ការប្រើប្រាស់ iPhone របស់ Apple ក្នុងក្រុមហ៊ុនរបស់ខ្ញុំ ពីព្រោះវាល្មើសសុវត្ថិភាព និងពុំអាចទទួលយកបាន ។ បើ Apple អភិវឌ្ឍកម្មវិធីជាមួយ Open AI ក្រុមហ៊ុនផ្សេងៗដែលមករក Apple នាថ្ងៃអនាគត នឹងត្រូវរក្សាទុកឧបករណ៍ Apple មួយកន្លែង» ៕










