ប្រទេសចិន ៖ មនុស្សភាគច្រើនធ្លាប់បានឃើញសណ្ឋាគារស្អាត និងប្លែកៗនៅលើពិភពលោក ប៉ុន្តែបើឃើញសណ្ឋាគារមួយកន្លែងនៅប្រទេសចិនវិញ ពួកគេនឹងភ្ញាក់ផ្អើលខ្លាំងជាមិនខាន ។ សណ្ឋាគារនេះបានសាងសង់ឡើងក្នុងទីក្រុងមួយដែលមានធម្មជាតិពណ៌បៃតង ខណៈភ្ញៀវមកស្នាក់នៅក្នុងសណ្ឋាគារជក់ចិត្តដិតអារម្មណ៍ចង់មកម្តងហើយម្តងទៀត ។
សណ្ឋាគារនេះឈ្មោះ «Grand Tree» នៅទីក្រុង Sanya ប្រទេសចិន និងស្ថិតក្នុងចំណោមសណ្ឋាគារស្អាតគួរឱ្យចាប់អារម្មណ៍ និងប្លែកបំផុតនៅប្រទេសចិន ។ វាជាសណ្ឋាគារលំដាប់ផ្កាយ៧ ហើយគេបានស្គាល់ឈ្មោះសណ្ឋាគារនេះជាផ្លូវការថា «Beauty Crown Hotel Complex» ។
សណ្ឋាគារនេះមានឈ្មោះល្បីល្បាញនៅប្រទេសចិន និងពិភពលោក ដោយសារវាមានរូបរាងដូចដើមឈើ ថែមទាំងមើលឃើញដើម និងមែកឈើយ៉ាងច្បាស់ទៀតផង ។ សណ្ឋាគារមានអគារសរុបចំនួន៩ ដែលបានសាងសង់នៅក្បែរៗគ្នា និងសុទ្ធតែមានរូបរាងដូចដើមឈើទាំងអស់ ។.jpg)
ភ្ញៀវទេសចរដែលបានធ្វើដំណើរមកដល់សណ្ឋាគារនេះហើយនិយាយថា សណ្ឋាគារនេះបានកើតឡើងដោយសារការរចនាម៉ូដ និងការព្យាយាមខ្លាំងបំផុតរបស់ប្រទេសចិន ។ រីឯភ្ញៀវទេសចរខ្លះទៀតមិនឯកភាពទេ ហើយសួរថា តើសណ្ឋាគារនេះមានមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរត្រង់ណា ។.jpg)
បើទោះជាភ្ញៀវទេសចរមានមតិខុសៗគ្នាពាក់ព័ន្ធនឹងសណ្ឋាគារ Grand Tree ក្តី ប៉ុន្តែសណ្ឋាគារនេះបានទទួលជោគជ័យយ៉ាងខ្លាំង និងក្លាយជាសណ្ឋាគារទទួលបានការពេញនិយមច្រើនបំផុតនៅប្រទេសចិន ។ ជារៀងរាល់ឆ្នាំ មានភ្ញៀវរាប់ពាន់នាក់មកសម្រាកនៅទីនេះ ដើម្បីទទួលយកភាពស្រស់ស្រាយសប្បាយអារម្មណ៍ ។
លើសពីនេះ សណ្ឋាគារ Grand Tree ក៏បានបំបែកកំណត់ត្រាផងដែរ ដោយសារវាមានបន្ទប់សរុបជិត៧.០០០បន្ទប់ ។ រីឯបរិវេណនៅផ្នែកខាងក្រោមសណ្ឋាគារវិញ គឺពោរពេញទៅដោយហាងលក់ទំនិញ, រោងភាពយន្ត, ហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើនកន្លែងទៀត ។
តាំងពីឆ្នាំ២០១២ ដែលជាអំឡុងពេលសណ្ឋាគារនេះចាប់ផ្តើមបើកដំណើរការទទួលភ្ញៀវលើកដំបូង គឺសណ្ឋាគារបានទទួលពានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ និងទទួលបានការកោតសរសើរពីសំណាក់មហាជនក្នុងពេលប្រកួតកម្រិតជាតិ និងអន្តរជាតិ ៕










