វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាចជាកត្តាមួយបណ្តាលឱ្យមនុស្សស្លាប់យ៉ាងច្រើនក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ដែលពុំធ្លាប់កើតឡើងនៅអាមេរិក និងបណ្តាប្រទេសលោកខាងលិច គិតចាប់ពីជំងឺកូវីដឆ្លងរាតត្បាតនៅទូទាំងពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន New York Post ដែលផ្អែកតាមលទ្ធផលការស្រាវជ្រាវថ្មី ។
លទ្ធផលការវិភាគទិន្នន័យមនុស្សស្លាប់នៅបណ្តាប្រទេសលោកខាងលិចចំនួន៤៧ប្រទេស ដែលធ្វើដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Vrije របស់ប្រទេសហូឡង់បង្ហាញថា ពលរដ្ឋរស់នៅប្រទេសលោកខាងលិចនៅតែស្លាប់ក្នុងកម្រិតខ្ពស់តាំងពីឆ្នាំ២០២០ បើទោះជាមានការចែកចាយវ៉ាក់សាំងយ៉ាងទូលំទូលាយ និងមានវិធានការការពារក្តី ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ចំនួនមនុស្សស្លាប់កើនឡើងជាបន្តបន្ទាប់បានធ្វើឱ្យពិភពលោកបារម្ភយ៉ាងខ្លាំង ហើយពួកគេអំពាវនាវឱ្យមេដឹកនាំរដ្ឋាភិបាល និងសមាជិករដ្ឋសភាទាំងអស់ស៊ើបអង្កេតយ៉ាងលម្អិតអំពីមូលហេតុនៃការស្លាប់កើនឡើង។ នេះបើតាមលទ្ធផលស្រាវជ្រាវដែលផ្សព្វផ្សាយក្នុងទស្សនាដ្តី BMJ Public Health ។
បើតាមមជ្ឈមណ្ឌលចាត់ចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក បញ្ជាក់ថា សាកលវិទ្យាល័យ Vrije ស្ថិតក្នុងលំដាប់ទី១៥០ ក្នុងចំណោមសាកលវិទ្យាល័យជាង២ម៉ឺននៅទូទាំងពិភពលោក។ បើទោះជាវ៉ាក់សាំងកូវីដបានជួយការពារមនុស្សលើពិភពលោក កុំឱ្យឈឺថ្កាត់ និងស្លាប់ដោយសារជំងឺកូវីដក្តី ប៉ុន្តែក៏មានភស្តុតាងពាក់ព័ន្ធនឹងការស្លាប់គ្មានមូលហេតុផងដែរ ។
របាយការណ៍របស់អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកជំនាញវេជ្ជសាស្ត្រ និងមនុស្សទូទៅបានរងរបួសធ្ងន់ធ្ងរ និងស្លាប់ជាបន្តបន្ទាប់ ក្រោយពេលពួកគេចាក់វ៉ាក់សាំងកូវីដរួច ។ ក្នុងអំឡុងពេលជំងឺកូវីដឆ្លងរាតត្បាតខ្លាំង អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយនានាបញ្ជាក់ថា ការស្លាប់ដោយសារជំងឺនេះជារឿងសំខាន់ ហើយមនុស្សគ្រប់គ្នាគួរតែទទួលបានការការពារតាមវិធានការទប់ស្កាត់ការឆ្លងទាំងឡាយ ។ ហេតុនេះ បច្ចុប្បន្ន ប្រទេសនានាគួរផ្តល់ភាពសំខាន់លើការស្លាប់របស់ពលរដ្ឋដូចគ្នាដែរ ។
លទ្ធផលការស្រាវជ្រាវបង្ហាញថា ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ មានមនុស្សស្លាប់រហូតដល់ជាង៣លាននាក់ នៅអាមេរិក, អឺរ៉ុប និងអូស្ត្រាលី ក្នុងនោះមនុស្ស១លាននាក់បានស្លាប់នៅឆ្នាំ២០២០ ជាអំឡុងពេលជំងឺកូវីដឆ្លងរាតត្បាតខ្លាំង ។ ចំនួនអ្នកស្លាប់នៅប្រទេសទាំងនេះនៅតែកើនឡើងខ្ពស់ជាបន្តបន្ទាប់ក្នុងអំឡុងឆ្នាំក្រោយៗ ហើយមនុស្សចំនួន១លាន២សែននាក់បានស្លាប់នៅឆ្នាំ២០២១ និង៨០ម៉ឺននាក់បានស្លាប់នៅឆ្នាំ២០២២ ។
ដោយឡែក ទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកបង្ហាញថា ពលរដ្ឋអាមេរិកស្មើជាង១លាន១សែននាក់ បានស្លាប់ដោយសារជំងឺកូវីដ តាំងពីជំងឺនេះឆ្លងរាតត្បាតខ្លាំងលើពិភពលោក ៕










