ប្រទេសអង់គ្លេស ៖ នារីម្នាក់ឈ្មោះ Bella Andrews អាយុ២៤ឆ្នាំ រស់នៅប្រទេសអង់គ្លេស បានកើតជំងឺចម្លែកមួយ គឺតែងតែសម្រាកលង់លក់រហូតដល់ជាង២០ម៉ោងក្នុង១ថ្ងៃ ហើយពេលភ្ញាក់ដឹងខ្លួនវិញ រាងកាយរបស់នាងមានសភាពដូច Zombies ឬមានអារម្មណ៍តប់ប្រមល់ ។
នារីឈ្មោះ Bella រៀបរាប់ថា នាងធ្វើជាគ្រូពេទ្យ ហើយទម្លាប់សម្រាកខុសធម្មតានេះបានកើតឡើងលើកដំបូងនៅឆ្នាំ២០១៦ ពេលនាងអាយុ១៧ឆ្នាំ ។ ពេលនោះ វាជាការស្រវឹងខ្លាំងលើកដំបូង ទើបនាងពុំបានគិតអ្វីច្រើនទេពាក់ព័ន្ធនឹងបញ្ហានេះ ។ នាងយល់ថា វាបណ្តាលមកពីការស្រវឹងខ្លាំងក្នុងពិធីជប់លៀងតែប៉ុណ្ណោះ ។
ពេលនាងអាយុពី១៧ឆ្នាំ ទៅ១៨ឆ្នាំ នាងបានសម្រាកលក់ពី៧ថ្ងៃ ទៅ១០ថ្ងៃ ហើយភ្ញាក់ឡើងមកជាមួយអាការៈតប់ប្រមល់ ។ ក្រោយមក នាងក៏ទៅជួបគ្រូពេទ្យ បែរជាគ្រូពេទ្យនិយាយថា នាងធ្វើឱ្យគេចាប់អារម្មណ៍ ។ ប៉ុន្តែឪពុក-ម្តាយរបស់នាងក៏ប្រកែកភ្លាមៗថា វាមិនមែនជាទម្លាប់របស់កូនស្រីទេ ។
នៅខែកញ្ញា ឆ្នាំ២០២៣ នាងបានទៅរកគ្រូពេទ្យម្តងទៀត ក្រោយពីការស្កេន និងត្រួតពិនិត្យអស់រយៈពេលជាច្រើនខែ ដើម្បីរកមើលដុំសាច់មហារីក និងជំងឺឆ្កួតជ្រូក ។ នៅទីបំផុត គ្រូពេទ្យសរសៃប្រាសាទធ្វើរោគវិនិច្ឆ័យថា នាងកើតជំងឺកម្រមួយឈ្មោះ «Kleine-Levine Syndrome» ។
នាងបានរៀបរាប់ពីជីវិតក្រោយពីកើតជំងឺនេះថា វាដូចជាសុបិនមួយដែលនាងពុំអាចភ្ញាក់បាន ហើយនាងដឹងថា មានអ្វីម្យ៉ាងខុសធម្មតា ។ វាដូចជាមានអ្នកណាម្នាក់ឃុំឃាំងនាងទុកក្នុងសុបិន រហូតធ្វើឱ្យនាងបារម្ភថា នាងជាមនុស្សឆ្កួត ទើបពុំហ៊ានសម្រាកឱ្យលក់ ព្រោះខ្លាចលែងដឹងខ្លួន ។
នាងនិយាយថា ៖ «វាដូចជាសុបិនអាក្រក់មួយ… តើអ្នកដឹងទេថា ពេលសុបិនអាក្រក់ឃើញធ្លាក់ពីលើជញ្ជាំងថ្ម ហើយអ្នកក៏ភ្ញាក់ដឹងខ្លួនវិញ ។ ប៉ុន្តែសម្រាប់ខ្ញុំ សុបិនអាក្រក់នេះនៅតែបន្តរហូតដល់១០ថ្ងៃ» ។
នាងបន្តថា ៖ «ខ្ញុំជាមនុស្សរីករាយ និងស្រឡាញ់សេរីភាពខ្លាំងណាស់ ហើយក៏ចុះចំណោមជាមួយមនុស្សផ្សេងទៀតដែរ ប៉ុន្តែថ្ងៃមួយ ខ្ញុំក្លាយជាមនុស្សមានចរិតខុសពីនេះ គឺដូចជាកូនក្មេងម្នាក់ ហើយការនិយាយស្តី ក៏ដូចក្មេងដែរ ។ ខ្ញុំពុំអាចធ្វើការបានទេ ព្រោះដូចស្ថិតក្នុងសុបិន» ។
បច្ចុប្បន្ន នាងដឹងខ្លួនថា មូលហេតុបណ្តាលឱ្យនាងមានសភាពបែបនេះ ដោយសារគ្រឿងស្រវឹង, ភាពតានតឹង និងអរម៉ូន ព្រោះនាងមានអាការៈនេះដំបូង តាំងពីពេលស្រវឹងក្នុងពិធីជប់លៀង ។ ជំងឺនេះធ្វើឱ្យនាងខាតបង់ពេលវេលាក្នុងជីវិតយ៉ាងខ្លាំង និងបាត់បង់ឱកាសសំខាន់ៗផងដែរ ដូចជា ៖ ចូលរួមខួបកំណើត ឬធ្វើជាអ្នកកំដរកូនក្រមុំ ។ នាងប្រាប់ថា វាជាពេលវេលាប្លែកណាស់ ព្រោះខ្ញុំបាត់បង់មិត្តភក្តិជាច្រើននាក់ ខណៈពួកគេមិនយល់ និងគិតថា ខ្ញុំជាមនុស្សចម្លែក ។
នាងមានមិត្តភក្តិបន្តិចបន្តួចប៉ុណ្ណោះដែលយល់ពីនាង ប៉ុន្តែសំណាងល្អ កាលពីឆ្នាំ២០២២ នាងបានជួបមនុស្សយល់ចិត្តម្នាក់ និងក្លាយជាគូស្នេហ៍ ។ ថ្ងៃខ្លះ គូស្នេហ៍របស់នាងបានសុំច្បាប់ការងារដើម្បីថែទាំ និងចាំដាស់នាងឱ្យភ្ញាក់មកញ៉ាំអាហារ និងផឹកទឹក ។ នាងប្រាប់ថា នាងគ្រាន់តែចង់ឱ្យអ្នកដទៃយល់ និងមិននិយាយកំប្លែងពីនាងដែលគេងយូរបែបនេះ ៕










