តើអ្នកដឹងទេថាទម្លាប់នៃការញ៉ាំអាហារមិនបានត្រឹមត្រូវដូចជា មិនញ៉ាំអាហារពេលព្រឹក មិនទទួលទានអាហារឱ្យបានទៀងទាត់ ម្តងញ៉ាំ ម្តងអត់ បរិភោគអាហារដែលគ្មានគុណភាព ឬផឹកភេសជ្ជៈជាតិផ្អែមច្រើនគឺអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើនដែលមិននឹកស្មានដល់។ លើសពីនេះការទទួលទានអាហារមិនបានត្រឹមត្រូវក៏នឹងបណ្តាលឱ្យកើតជំងឺធ្ងន់ធ្ងរផងដែរ។ ដូច្នេះមិនមែនអាហារទាំងអស់សុទ្ធតែល្អសម្រាប់សុខភាពរាងកាយរបស់យើងនោះទេ ការដែលអ្នកទទួលទានអាហារច្រើនពេក ឬលើសកំរិត ក៏អាចបណ្តាលឱ្យសុខភាពរាងកាយរបសអ្នកយ៉ាប់យឺនផងដែរ។
ខាងក្រោមនេះគឺជាជំងឺធ្ងន់ធ្ងរ ៥ យ៉ាងដែលបណ្តាលមកពីការទទួលទានអាហារមិនបានត្រឹមត្រូវ៖
១.ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង៖ ជំងឺទាំងពីរនេះភាគច្រើនបណ្តាលមកពីការទទួលទានអាហារដែលមានជាតិខ្លាញ់ ស្ករ និងអំបិលច្រើនពេក។
២. ជំងឺទឹកនោមផ្អែម៖ បណ្តាលមកពីញ៉ាំអាហារហឹរ ផ្អែម ប្រៃ ឬអាហារដែលមានជាតិខ្លាញ់ខ្ពស់ និងផឹកស្រា ឬភេសជ្ជៈប៉ូវកម្លាំង ញឹកញាប់ពេក។
៣.សម្ពាធឈាមឡើងខ្ពស់៖ បណ្តាលមកពីបរិភោគអាហារប្រៃច្រើនជាង ២,០០០ មីលីក្រាមនៃសូដ្យូមក្នុងមួយថ្ងៃ និងការញ៉ាំអាហាររហ័សជាប្រចាំ ដូចជាដំឡូងបារាំង ភីហ្សា និងមាន់បំពងជាដើម។
៤.ឡើងទម្ងន់៖ ការឡើងទម្ងន់បណ្តាលមកពីការញ៉ាំអាហារច្រើនជាងតម្រូវការដែលរាងកាយត្រូវការ ដូចជាការញ៉ាំនំដុតជាប្រចាំផឹកភេសជ្ជៈដែលមានជាតិស្ករខ្ពស់ជាប្រចាំ។
៥.ជំងឺមហារីក៖ ការដែលអ្នកមានជំងឺមហារីក គឺបណ្តាលមកពីកត្តានៃការទទួលទានអាហារដុត ឬចៀនញឹកញាប់ពេក រួមជាមួយនឹងការជក់បារីទៀងទាត់ បរិភោគអាហារកែច្នៃលើសកម្រិតជាដើម៕









