ប្រទេសឥណ្ឌា៖ ក្នុងរយៈពេល ៣ ខែកន្លងមកនេះគឺចាប់ពីខែមីនាដល់ឧសភា រលកកំដៅដ៏ខ្លាំងក្លានៅទូទាំងប្រទេសឥណ្ឌាបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៥៦ នាក់ស្លា.ប់និង ២៥,០០០ នាក់ទៀតទទួលរងជំងឺដាច់សរសៃឈាមខួរក្បាល។
យោងតាម CNBC ប្រទេសឥណ្ឌាបានជួបប្រទះនឹងកម្ដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងខែឧសភា នៅពេលដែលសីតុណ្ហភាពក្នុងរដ្ឋធានី Delhi និងរដ្ឋ Rajasthan បានកើនឡើងដល់ ៥០ អង្សារសេ។ ដូច្នេះនៅក្នុងខែឧសភាតែមួយ មានអ្នកស្លាប់ដោយសារកំដៅរហូតដល់ ៤៦ នាក់ និងមនុស្ស ១៩,១៨៩ នាក់ទៀតបានទទួលរងពីជំងឺគ្រុនក្តៅ នេះបើតាមទិន្នន័យពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺរបស់ប្រទេសឥណ្ឌា (NCDC)។
យោងតាមទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌា ចាប់ពីខែមីនា ដល់ខែឧសភា ប្រទេសនេះបានកត់ត្រាអ្នកស្លាប់យ៉ាងហោចណាស់ ៥៦ នាក់ និងប្រហែល ២៥,០០០ នាក់ទទួលរងជំងឺដាច់សរសៃឈាមខួរក្បាល។ កាលពីថ្ងៃទី ៣១ ខែឧសភា ឥណ្ឌាបានរាយការណ៍ថាមានអ្នកស្លាប់យ៉ាងតិច ៤០ នាក់ដោយសារកំដៅ ក្នុងនោះ ២៥ នាក់ជាបុគ្គលិកបោះឆ្នោតនៅក្នុងរដ្ឋ Uttar Pradesh និង Bihar ។

ប្រសិនបើយើងរាប់បញ្ចូលករណីសង្ស័យ និងមិនអាចបញ្ជាក់បាន នោះចំនួនអ្នកស្លាប់សរុបដោយសារកំដៅនៅក្នុងប្រទេសឥណ្ឌាអាចឡើងដល់ ៨០ នាក់។ ទោះជាយ៉ាងណាទីភ្នាក់ងារអាកាសធាតុឥណ្ឌាបានព្យាករណ៍ថាកំដៅអាចនឹងចុះត្រជាក់វិញនៅថ្ងៃទី ៥ ខែមិថុនា នៃឆ្នាំ២០២៤ នេះហើយខ្យល់មូសុងនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងចាប់តាំងពីសប្តាហ៍មុនក៏បានធ្វើឱ្យអាកាសធាតុស្រាលមួយផ្នែកផងដែរ។
គួរបញ្ជាក់ដែរថា ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបានគេចាត់ទុកថាងាយទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ។ ប្រទេសនេះជារឿយៗទទួលរងនូវរលកកំដៅក្នុងរដូវក្តៅនៃខែឧសភា និងមិថុនា ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រលកកំដៅគឺមានរយៈពេលយូរជាងធម្មតា៕










