ប្រទេសឥណ្ឌា ៖ មនុស្សភាគច្រើនធ្លាប់បានឮថា បើចង់សាកល្បងឡើងភ្នំដ៏មានគ្រោះថ្នា.ក់ បំផុតនៅលើពិភពលោក គឺភ្ញៀវទេសចរអាចឡើងភ្នំហួសាន នៅប្រទេសចិន ។ ប៉ុន្តែភ្នំមួយស្ថិតនៅប្រទេសឥណ្ឌា ក៏មានគ្រោះថ្នា.ក់ ខ្លាំងមិនចាញ់ភ្នំនៅចិនឡើយ ហើយភ្ញៀវទេសចរភាគច្រើនពុំបានឡើងទៅដល់កំពូលភ្នំទេ ។ បើសម្លឹងពីចម្ងាយឃើញថា កំពូលភ្នំនេះមិនខុសគ្នាពីបង្គោលថ្មដ៏ខ្ពស់ទេ ប៉ុន្តែបើសម្លឹងមើលជិតៗនឹងឃើញជណ្តើរឡើងទៅលើភ្នំជាច្រើនជាន់ ។
ភ្នំនេះឈ្មោះថា Kalavantin Durg មានកម្ពស់៧០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងស្ថិតនៅមិនឆ្ងាយពីទីក្រុងបុមបៃប៉ុន្មានទេ ។ រីឯជណ្តើរឡើងទៅកាន់កំពូលភ្នំ គឺមានសភាពចោតខ្លាំង គ្មានបង្កាន់ដៃ និងរអិលនៅពេលភ្លៀងធ្លាក់ ។
បើតាមជំនឿបុរាណរបស់ជនជាតិឥណ្ឌាឱ្យដឹងថា ការធ្វើជណ្តើរឡើងទៅលើកំពូលភ្នំនេះ គឺដើម្បីគោរពដល់ព្រះមហាក្សត្រី១អង្គ ព្រះនាម Kalavantin ទើបការធ្វើដណ្តើរឡើង-ចុះភ្នំមានលក្ខណៈតូចចង្អៀត គ្មានបង្កាន់ដៃចាប់ ហើយធ្វើឱ្យអ្នកឃើញជណ្តើរនេះមានអារម្មណ៍ញ័រជើង ។ ប៉ុន្តែប្រសិនបើពួកគេអត់ធ្មត់ឡើងឱ្យដល់កំពូលភ្នំនោះ គឺនឹងបានឃើញទេសភាពយ៉ាងស្រស់ស្អាត ដែលកម្រមានអ្នកឡើងទៅដល់ ។
ការឡើងជណ្តើរទៅកាន់កំពូលភ្នំ Kalavantin Durg អាចចំណាយពេលប្រមាណ៣ម៉ោង ហើយដោយសារជណ្តើរមានសភាពតូចចង្អៀត ចោតខ្លាំង និងរអិល វាធ្វើឱ្យភ្ញៀវទេសចរងាយនឹងកើតគ្រោះថ្នាក់ ។ លើសពីនេះ បើពួកគេឡើងកាន់តែជិតដល់កំពូលភ្នំ នឹងកាន់តែមានគ្រោះថ្នាក់ទ្វេដង ប៉ុន្តែភ្ញៀវទេសចរអាចសម្រាក និងថតរូបបាននៅពេលឡើងលើភ្នំបានកម្ពស់៣៩០ម៉ែត្រ ។
ភ្ញៀវទេសចរភាគច្រើនពុំបានឡើងទៅដល់កំពូលភ្នំទេ ហើយពួកគេសម្រេចចិត្តឈប់នៅចំណុចជិតដល់កំពូលភ្នំ ដោយសារជណ្តើរនៅជិតកំពូលភ្នំមានគ្រោះថ្នាក់ខ្លាំង ។ បើទោះជាពុំអាចឡើងទៅដល់កំពូលភ្នំក្តី ក៏ពួកគេអាចមើលឃើញទីក្រុងជាច្រើនដែរ ដូចជា ៖ ទីក្រុង Prabalgad, Chanderi, Peb, Matheran, Irshalgad និងទន្លេ Ulhas ហើយភ្ញៀវទេសចរអាចមកកម្សាន្តនៅភ្នំនេះពេញមួយឆ្នាំ ប៉ុន្តែវានឹងមានគ្រោះថ្នាក់បំផុតនៅរដូវភ្លៀងធ្លាក់ ។.jpg)
បញ្ហាប្រឈមពាក់ព័ន្ធនឹងការមកកម្សាន្តនៅភ្នំ Kalavantin Durg គឺមានជណ្តើរចោទខ្លាំង ហើយកាំជណ្តើរនៅចំណុចខ្លះមានកម្ពស់ខ្ពស់ ។ ភ្ញៀវទេសចរត្រូវតែប្រុងប្រយ័ត្នជានិច្ចពេលឡើងលើជណ្តើរ និងឡើងបន្តិចម្តងៗ ដោយសារបើភ្លាត់ស្នៀតតែបន្តិច ពួកគេនឹងធ្លាក់ចុះមកក្រោមវិញ ។ កន្លងមក នៅទីនេះធ្លាប់កើតហេតុការណ៍ភ្ញៀវទេសចរស្លាប់ចំនួន២លើក ។
ហេតុនេះ អាជ្ញាធរតម្រូវឱ្យភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្តនៅភ្នំ Kalavantin Durg ត្រូវតែចុះឈ្មោះ និងបញ្ជាក់ព័ត៌មានលម្អិតផ្សេងៗជាមុនសិន ទើបពួកគេទទួលបានការអនុញ្ញាតឱ្យឡើងលើភ្នំដ៏គ្រោះថ្នាក់នេះ ៕










