ប្រទេសម៉ិកស៊ិក ៖ នៅលើពិភពលោកនេះមានឆ្នេរសមុទ្រជាច្រើនកន្លែងមានលក្ខណៈខុសប្លែកពីគេ ហើយក្នុងចំណោមនោះ ក៏មានឆ្នេរសមុទ្រ Playa del Amor ផងដែរ ដែលជាឆ្នេរសមុទ្រមានឈ្មោះល្បីល្បាញបំផុតនៅប្រទេសម៉ិកស៊ិក ដោយសារវាស្ថិតនៅក្រោមរណ្តៅដីដ៏ធំមួយ ។ ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍ គឺឆ្នេរសមុទ្រនេះពុំមែនជាឆ្នេរអស្ចារ្យកើតឡើងតាមធម្មជាតិទេ ប៉ុន្តែវាកើតឡើងដោយសារការសាកល្បងអាវុធយោធា ។
ឆ្នេរសមុទ្រ Playa del Amor ត្រូវបានគេហៅថា Hidden Beach ដោយសារវាស្ថិតក្នុងទីតាំងខុសប្លែកពីឆ្នេរសមុទ្រផ្សេងទៀត ។ កាលពីឆ្នាំ២០០៥ ខាងឧទ្យានជាតិប្រទេសម៉ិកស៊ិកបានដាក់ឈ្មោះឆ្នេរនេះថា Love Beach ដោយសារវាជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរចូលចិត្តកម្សាន្តបែបរ៉ូមេនទិក ។ ក្រៅពីនេះ អាជ្ញាធរក្នុងតំបន់ក៏បានកំណត់ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅតំបន់នេះផងដែរ គឺមិនលើសពី១២០នាក់ក្នុង១ថ្ងៃ ។ កាលពីឆ្នាំ២០០៨ ឆ្នេរសមុទ្រនេះត្រូវបានអង្គការយូណេស្កូប្រកាសជាសម្បត្តិបេតិកភណ្ឌពិភពលោក ។
បើទោះជាប្រជុំកោះម៉ារិអេតា បានកើតឡើងដោយសារការផ្ទុះភ្នំភ្លើងនៅក្រោមទឹកអស់រយៈពេលយូរមកហើយក្តី ប៉ុន្តែវាមិនមែនជាមូលហេតុពិតប្រាកដធ្វើឱ្យកើតរណ្តៅដីដ៏ធំនេះទេ ។ ចំណុចចាប់ផ្តើមបានកើតឡើងតាំងពីដើមសតវត្សរ៍ទី២០ គឺកោះជាច្រើនកន្លែងដែលគ្មានមនុស្សរស់នៅ ត្រូវបានគេប្រើប្រាស់ធ្វើជាកន្លែងសាកល្បងអាវុធយោធារបស់រដ្ឋាភិបាលម៉ិកស៊ិក ។ ការសាកល្បងបំផ្ទុះគ្រាប់បែកទាំងនេះជាមូលហេតុបណ្តាលឱ្យផ្ទៃដីកោះភាគច្រើនក្លាយជាថ្ម រួមទាំងបង្កើតរណ្តៅយក្សនៅឆ្នេរសមុទ្រ Playa del Amor ផងដែរ ។
ចំណែកការធ្វើដំណើរទៅកាន់ឆ្នេរនេះពុំពិបាកទេ គឺភ្ញៀវទេសចរត្រូវជិះទូកពីទីក្រុង Puerto Vallarta ទៅកាន់ភាគពាយ័ព្យរហូតដល់ឆ្នេរសមុទ្រ Banderas ដោយចំណាយពេលប្រមាណ១ម៉ោង ។ បន្ទាប់មក ពួកគេត្រូវហែលទឹកក្នុងចម្ងាយប្រមាណ១៥០ម៉ែត្រទៀត ទើបទៅដល់ឆ្នេរសមុទ្រ Playa del Amor ។
ចំណុចសំខាន់ ភ្ញៀវទេសចរត្រូវទាក់ទងជាមួយមគ្គុទ្ទេសក៍ទេសចរតិចតួចប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតឱ្យនាំភ្ញៀវទេសចរមកកាន់តំបន់នេះ ដើម្បីឱ្យប្រាកដចិត្តថា ពួកគេស្ថិតក្នុងចំណោមភ្ញៀវទេសចរចំនួន១២០នាក់ ដែលទទួលបានការអនុញ្ញាតឱ្យមកកម្សាន្តនៅឆ្នេរ ៕










