យោងតាមការចុះផ្សាយដោយប្រភពសារព័ត៌មាន Daily Mail កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ភពផែនដីរបស់យើងអាចនឹងរងការវាយប្រហារដោយព្យុះព្រះអាទិត្យដ៏មានឥទ្ធិពលមួយទៀតក្នុងនៅសប្តាហ៍នេះ ដែលត្រូវបានព្យាករណ៍ថា វានឹងបង្កឱ្យមាននូវផលប៉ះពាល់មួយចំនួនដូចជា ដាច់ចរន្តអគ្គីសនី ឬក៏ប្រព័ន្ធវិទ្យុសកម្ម ដែលជាបណ្តាញនៃការទំនាក់ទំនងទូទាំងសកលលោក។
គេបានកត់សម្គាល់ឃើញថា កាលពីដើមខែឧសភា ព្រះអាទិត្យបានបញ្ចេញប្លាស្មាដ៏មានឥទ្ធិពលបំផុត ពោលគឺជាការច្រាលចេញនៃអណ្តាតភ្លើងដ៏ច្រើនលើសលុបមកកាន់ផែនដី ក្នុងរយៈពេល ២០ ឆ្នាំ កន្លងមកនេះ ដែលហេតុនាំឲ្យឡើងកម្តៅផែនដីខ្លាំង។
ព្យុះព្រះអាទិត្យ ឬព្យុះធរណីមាត្រ ដែលជាភាសាអង់គ្លេសហៅថា Solar Storm ឬ Geomagnetic Storm គឺជាព្យុះធម្មជាតិមួយដែលនឹងផ្តល់នូវការរំខានដ៏ខ្លាំងក្លាទៅលើដែនម៉ាញេទិចរបស់ផែនដី ហើយវាគឺមានឥទ្ធិពលប៉ះពាល់ដល់បណ្តាញថាមពលទូទាំងសកលលោក ជាពិសេសគឺ សញ្ញាវិទ្យុសកម្ម ប្រព័ន្ធទំនាក់ទំនងដូចជា អ៊ីនធើណែត និងការផ្តាច់ចរន្តអគ្គីសនីជាដើម។
កាលពីពេលកន្លងទៅ ផ្កាយរណបរបស់ NOAA ក្រោមកិច្ចសហការជាមួយដៃគូអន្តរជាតិផ្សេងទៀត ក៏បានធ្វើការសង្កេត និងតាមដានអំពីព្យុះព្រះអាទិត្យនេះជាបន្តបន្ទាប់បានកំណត់អត្តសញ្ញាណ ឃើញថា អណ្តាតភ្លើងជាច្រើនបានផ្ទុះចេញពីព្រះអាទិត្យជាបណ្តើរៗ រួមទាំងអណ្តាតភ្លើងព្រះអាទិត្យកម្រិត X ដ៏មានឥទ្ធិពល ដែលជាហេតុបណ្តាលឲ្យមានការកើនឡើងនៃកម្តៅកាន់តែធ្ងន់ធ្ងរមកលើផែនដី។ ព្យុះព្រះអាទិត្យដ៏មានឥទ្ធិពលកម្រិត G5 ក៏បានវាយប្រហារមកលើផែនដីរួចមកហើយក្នុងអំឡុងប៉ុន្មានខែចុងក្រោយ ដោយសង្កេតឃើញថាការដាច់ចរន្តអគ្គីសនីតែងកើតមានជាញឹកញាប់មិនថានៅកម្ពុជាទេ គឺនៅជុំវិញពិភពលោកតែម្តង។
ទោះជាយ៉ាងណា ព្រឹត្តិការណ៍មិនធ្លាប់មានកាលពីដើមខែឧសភានេះ បានបង្កឲ្យមានផលរំខានដល់ប្រព័ន្ធ GPS បណ្តាញអគ្គិសនី ឧបករណ៍កសិកម្ម និងផ្កាយរណបនៅក្នុងគន្លងអវកាស ហើយអ្នកជំនាញកំពុងតាមដានពីករណីទាំងនេះ ដើម្បីជាការទប់ស្កាត់តាមដែលអាចធ្វើទៅបានផងដែរ។ 
អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងបំផុតក្នុងចំណោមអ្នកវិទ្យាសាស្រ្តនោះគឺ នៅត្រង់ចំណុចផ្ទុះអណ្តាតភ្លើងលើព្រះអាទិត្យ ដែលគេឲ្យកូតលេខ AR3664 បានបញ្ចេញព្យុះកម្តៅប្រមាណ១៧លើករួចមកហើយនៅក្នុងសប្តាហ៍នេះ និងមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត។ ទោះជាយ៉ាង បច្ចុប្បន្ន AR3664 មិនទាន់បែរមុខមកចំផែនដីដោយផ្ទាល់នូវឡើយទេ ប៉ុន្តែបើយោងតាមទិន្នន័យនៅចុងសប្តាហ៍នេះបានឲ្យដឹងថា វាអាចនឹងបម្លាស់ទីមកចំផែនដី ហើយអាចបញ្ចេញព្យុះព្រះអាទិត្យបាញ់មកចំភពផែនដីមួយទំហឹងផងដែរ៕










