កាលពីកន្លងទៅនេះអ្នកតាមដានព្រឹតិ្តការណ៍មហាស្រពកានលើកទី៧៧ ជ្រាបមកហើយថាតារាសម្តែង មាន សូនីតា និងតារាចម្រៀង ម៉ុង ម៉ានិត បានចូលរួមកម្មវិធីនេះជាលើកដំបូងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្វីដែលកាន់តែចាប់អារម្មណ៍នេះជាលើកទី១ហើយដែលគេសង្កេតឃើញថា ម៉ានិត បានទម្លាយសម្ព័ន្ធភាពជាមួយតារាស្រីរូបនេះថាជាផ្នែកមួយនៃភាពជោគជ័យរបស់លោក ទោះបីជាពេលខ្លះល្អជាមួយគ្នាពេលខ្លះឈ្លោះទាស់ទែងគ្នាប៉ុន្តែអ្នកទាំងពីរមិនដែលចោលគ្នាឡើយ។
កាលពីពេលថ្មីៗនេះ ម៉ានិត បានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយ មាន សូនីតា លើទឹកដីប្រទេសបារាំងដោយអមជាមួយពាក្យពេចន៍ដែលមានអត្ថន័យថា «Finally we did it! សូនីតា គឺជាមនុស្សស្រីម្នាក់នៅពីក្រោយភាពជោគជ័យជាច្រើនរបស់ខ្ញុំ។ អ្នកទាំងអស់គ្នាធ្លាប់ឃើញដៃគូសិល្បៈជាគូស្នេហា តែខ្ញុំនិងគាត់ដៃគូគ្នាជាលក្ខណៈបងប្អូនតែម្ដង។ ជួយគិត ជួយគ្នា ប្រឹក្សា លើកទឹកចិត្តគ្នា គាំទ្រគ្នា ជំរុញគ្នា ភ័យស្លន់ជាមួយគ្នា ឈ្លោះគ្នា ប្រកែកគ្នា យំសោក ហើយងើបធ្វើការតទៀត គឺជារឿងធម្មតាទៅហើយ តែសំខាន់ខ្ញុំនិងគាត់មិនដែលបោះបង់ចោលគ្នាទេ។ យើងជោគជ័យជាមួយគ្នា ដើរជាមួយគ្នា។ ធ្វើអីគិតឃើញគ្នាមុនគេ។ សួរថាល្អល្អូកល្អើនរហូតអត់? គឺអត់ទេ តែយោគយល់ ការពារគ្នា ស្រលាញ់គ្នាដូចគ្រួសារបង្កើត។ 
លោក បន្ថែមទៀតថា «ពេលនេះ បេសកកម្មមក Cannes Film Festival បានរួចរាល់ជាស្ថាពរ។ ផ្ទះស្រលាញ់ ស្រលាញ់សៀវភៅ កម្ពុជាឋានសួគ៌លើដី នៅតែដំណើរការល្អទៅមុខ ដោយមានពួកយើងទាំងពីរស្រាក់ដៃគ្នា ស្រលាញ់ គោរព ជួយគ្នា មិនបោះបង់ចោលគ្នា។ I love you my បងស្រី សង្ឃឹមថាពួកយើងនឹងមានដំណឹងពិសេសការងារថ្មីៗឆាប់ៗនេះសម្រាប់អ្នកគាំទ្ររបស់យើង»។ ការបង្ហាញអារម្មណ៍បែបនេះរបស់ ម៉ានិត ទៅកាន់តារាស្រី មាន សូនីតា សាមីខ្លួនវិញបានចែករំលែកអមជាមួយពាក្យដោយខ្លីថា «I Love You»។
ងាកទៅកាន់អ្នកគាំទ្រវិញបានបង្ហាញអារម្មណ៍រំភើបចំពោះទំនាក់ទំនងអ្នកទាំងពីរនិងបង្ហាញការស្រលាញ់ទៅកាន់ពួកគេ ហើយនេះជាមិត្តភាពដ៏កម្រមួយហើយមានមនុស្សជាច្រើនតែងចង់បានដូចនេះឆ្លងកាត់ឧបសគ្គនិងភាពជោគជ័យជាមួយគ្នា។ គ្មានមិត្តភាពណាដែលរលូនទៅមុខគ្មានការឈ្លោះប្រកែកគ្នានោះទេ ប៉ុន្តែការអធ្យាស្រ័យយោគយល់គ្នា វិលមកត្រូវគ្នាវិញយកមកបញ្ហាមកដោះស្រាយទើបចំណងមិត្តភាព មានភាពយូរអង្វែង។
គួរបញ្ជាក់ថា កញ្ញា មាន សូនីតា និងតារាចម្រៀងនិងជាអ្នកនិពន្ធ ម៉ុង ម៉ានិត បានបង្កើតកម្មវិធីមួយឈ្មោះថា «កម្ពុជាឋានសួគ៌លើដី» ដើម្បីលើកស្ទួយតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជាព្រមទាំងហ៊ានចំណាយលុយខ្លួនឯងខ្ទង់ម៉ឺនដុល្លារបន្ថែមទៀតគោលបំណងតែមួយគឺលើកស្ទួយតំបន់ទេសចរណ៍ក្នុងស្រុក៕










