នាពេលបច្ចុប្បន្ន បារីអេឡិចត្រូនិច ឬផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) បានវាយលុកជាខ្លាំងចូលទៅកាន់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលភាគច្រើនសិស្សលង់តាមការអូសទាញតាមបណ្តាញសង្គម ឬការតាមរយៈការផ្សព្វផ្សាយផ្សេងៗទៀតនៅក្នុងមជ្ឈដ្ឋានរស់នៅផ្ទាល់។
ជុំវិញករណីនេះ ក្រសួងអប់រំក៏បានចេញសេចក្តីណែនាំ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់នៅក្នុងការគ្រប់គ្រង នៃការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិច នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដោយស្នើឱ្យធ្វើការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាពពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិច ត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដល់បុគ្គលិកអប់រំនិងអ្នកសិក្សា។
មិនតែប៉ុណ្ណោះ ក្រសួងក៏បានហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពនូវបារី អេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ខាងក្នុងនិងជុំវិញខាងក្រៅបរិវេណគ្រឹះស្ថានសិក្សា។
អ្វីដែលចាំបាច់ គឺត្រូវមានកិច្ចសហការជាមួយមាតា បិតា ឬអ្នកអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធ ក្នុងការ កំណត់មុខសញ្ញា ទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
គួរបញ្ជាក់ថា បារីអេឡិចត្រូនិច ឬផលិតផល អេចន៍ ធី ភី ជា មិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់ សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺ បេះដូង ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ ខួរក្បាលរបស់កុមារនិងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយ៕












