ថ្មីៗនេះ មហាជនគ្រប់ៗរូបហាក់ចាប់អារម្មណ៍និងសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងទៅលើខេត្តបាត់ដំបង ដែលបានត្រៀមរៀបចំយ៉ាងពិសេស សម្រាប់ពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា គឺបុណ្យវិសាខបូជា ដែលនឹងប្រារព្ធឡើងនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
យោងតាមការបង្ហោះដោយគេហទំព័រមួយដែលមានឈ្មោះថា ពុទ្ធសាសនាដើម្បីការអប់រំកម្ពុជា BEC បានបង្ហាញរូបថតប៉ុន្មានសន្លឹកអមជាមួយនឹងពាក្យមួយឃ្លាថា «បាត់ដំបងឆ្នាំនេះ ត្រៀមបានល្អណាស់ សម្រាប់ការប្រារព្ធបុណ្យវិសាខបូជា, សូមអនុមោទនា!»។
តាមរយៈរូបថតដែលបានដាក់បង្ហោះដោយគេហទំព័រខាងលើ ដោយសង្កេតឃើញថា ផ្ទាំងប៉ាណូធំៗច្រើន ដាក់តម្រៀបគ្នាជាជួរៗ បាននឹងកំពុងលេចវត្តមាននៅតាមដងវិថី ស្ថិតនៅបរិវេនអ្នកតាដំបងក្រញូង នាខេត្តបាត់ដំបង។ ខណៈដែលផ្ទាំងប៉ាណូទាំងនោះទៀតសោត សុទ្ធតែបានដាក់តាំងបង្ហាញពីបុណ្យវិសាខបូជា ដែលផ្សារភ្ជាប់អត្ថន័យជាមួយនឹងដំណើរសង្ខារនៃព្រឹត្តិការណ៍ទាំង ៣ សំខាន់ៗរបស់ព្រះសម្មាសម្ពុទ្ធ គឺទី១ ពេលព្រះពុទ្ធទ្រង់ប្រសូត្រ , ២ ទ្រង់ត្រាស់ដឹង ,៣ ទ្រង់បរិនិព្វាន។ 
ការដាក់តាំងផ្លាកប៉ាណូនៅតាមដងផ្លូវនេះពិតជាបានបង្ហាញនូវលេចធ្លោ ជាការក្រើនរំលឹកទៅកាន់សាធារណៈជន និងជាការអនុមោទនាផលបុណ្យ ព្រោះនេះគឺជាការសបញ្ជាក់ថាព្រះពុទ្ធសាសនាបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា និងជាការប្រកាសថាព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលពុទ្ធសាសនិកគ្រប់ៗរូបត្រូវតែប្រកាន់យកឲ្យបានខ្ជាប់ខ្ជួន។
ជាមួយគ្នានេះ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិយ៉ាងពេញចិត្ត និងអនុមោទនាបុណ្យកុសលព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា «សូមកោតសរសើរដល់ថ្នាក់ដឹកនាំរយៈពេលប៉ុន្មាន ឆ្នាំនេះខេត្តបាត់ដំបងបានប្រែមុខមាត់ថ្មីនិងល្អប្រសើរខ្លាំងណាស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ជាន់ថ្នាក់ លោកយកចិត្តទុកដាក់លោកតែងតែរៀបចំកម្មវិធីទៅតាមការ វេលាទៅតាមបុណ្យជាតិនិងបុណ្យសាសនាបែបនេះហើយ ទើបសមជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា»។ 
អ្នកខ្លះថា«ករុណាពិតជាស្រស់ស្អាតណាស់»។ អ្នកខ្លះទៀតថា «សូមសរសើរប្រទេសខ្មែររីកចម្រើន»។ ហើយអ្នកខ្លះទៀតក៏បានលើកឡើងថា «ស្រស់ស្អាតណាស់ខេត្តកំណើតរបស់ខ្ញុំ ប្រពៃណាស់»។
គួរបញ្ជាក់ថា បុណ្យវិសាខបូជាគឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ខណៈដែលនៅកម្ពុជាយើងគឺបានចាត់ទុកជាថ្ងៃបុណ្យជាតិដ៏សំខាន់មួយរបស់រដ្ឋ។ បុណ្យវិសាខបូជាតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជារៀងរាល់រាល់ថ្ងៃទី១៥កើត ខែពិសាខ។ ការប្រារព្ធពិធីបុណ្យវិសាខបូជានេះទៀតសោត សំអាងលើហេតុផល៣យ៉ាងគឺ ដើម្បីរម្លឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត្រ, ទ្រង់ត្រាស់ដឹង និងទ្រង់ចូលព្រះនិព្វាន។ បុណ្យវិសាខបូជា ក៏ត្រូវបានប្រទេសជិត២០០ ដែលត្រូវជាសមាជិករបស់អង្គការសហប្រជាជាតិ អនុម័ត និងទទួល ស្គាល់ជាបុណ្យអន្តរជាតិកាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ ផងដែរ៕










