តារាសម្តែងចិនដ៏មានប្រជាប្រិយ Zhao lusi ត្រូវបានអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំងចំពោះភាពស្វាហាប់ និងភាពស្រស់ស្អាតរបស់នាង នៅពេលតំណាងឱ្យប្រទេសចិនកាន់ភ្លើងគប់អូឡាំពិកនៅប្រទេសបារាំង។
បន្ទាប់ពី Zhao lusi បានចូលរួមដង្ហែភ្លើងគប់កាលពីថ្ងៃទី១៨ ខែឧសភា រូបភាពជាច្រើនសន្លឹក និងឈ្មោះរបស់នាង បានចូលទៅក្នុងការស្វែងរកកំពូលនៃបណ្តាញ សង្គម Weibo ដែលទាក់ទាញអ្នកទស្សនារាប់លាន។ ក្នុងវីដេអូដែលថតដោយអ្នកគាំទ្រ តារាស្រីរូបនេះរក្សាថាមពលបានល្អ ញញឹមជានិច្ច និងថតរូបជាមួយអ្នកគាំទ្រ។ នាងសប្បាយចិត្តព្រោះទស្សនិកជនចិនជាច្រើនដែលរស់នៅបរទេសមកលើកទឹកចិត្តនាង។ តារាសម្ដែងរូបនេះបានទៅដល់ប្រទេសបារាំងមុនមួយថ្ងៃដើម្បីចូលរួម។
នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន Xinhua តារាស្រី Zhao lusi បាននិយាយថា នាងភ្ញាក់ពីគេងនៅម៉ោង ៣:៣០ ទៀបភ្លឺ ដោយសារតែនាងរំភើប និងខ្លាចយឺត។ Zhao lusi បាននិយាយថា៖ «ការចូលរួមក្នុងការប្រណាំងបញ្ជូនភ្លើងគប់បន្តនៅបរទេសជួយខ្ញុំឱ្យមានអារម្មណ៍ថាស្មារតីអូឡាំពិកកាន់តែរឹងមាំ»។ នាងបាននិយាយថាការចងចាំដំបូងរបស់នាងអំពីព្រឹត្តិការណ៍កីឡាអូឡាំពិកគឺអូឡាំពិកឆ្នាំ ២០០៨ ដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ប្រទេសចិន។
Zhao lusi មានអាយុ ២៦ ឆ្នាំ ហើយជាតារាចិនដ៏ល្បីល្បាញមួយដែលកើតក្រោយឆ្នាំ ១៩៩៥ ដោយកាន់កិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលមានតម្លៃខ្ពស់ជាច្រើន។ នាងធ្លាប់បានប្រឡូកក្នុងភាពយន្តជាច្រើននិងសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីសំណាកទស្សនិកជន។ 
ការយកព្រះអគ្គីជ័យនៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស បានធ្វើឡើងនៅថ្ងៃទី១៦ ខែមេសានៅទីក្រុងបុរាណ Olympia ប្រទេសក្រិកដែលជាកន្លែងកំណើតនៃកីឡាអូឡាំពិកដែលជានិមិត្តរូបនៃការចាប់ផ្តើមនៃការធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសសម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា។ ការបញ្ជូនបន្តភ្លើងគប់នឹងឆ្លងកាត់ទីក្រុង និងកន្លែងសំខាន់ៗជាច្រើនរបស់បារាំង មុនពេលត្រូវបានផ្លាស់ប្តូរទៅកាន់ទឹកដីក្រៅប្រទេសមួយចំនួនរបស់ប្រទេស៕










