ជឿថាមិត្តនារីៗមួយចំនួនតែងមានទម្លាប់ចូលបន្ទប់ទឹកសារធារណៈអង្គុយលើកគូទ ដោយមិនអង្គុយផ្អិបទៅនឹងចានបង្គន់ទេព្រោះពួកគេច្រើនគិតថា បង្គន់សាធារណៈមានមេរោគ អាចបណ្តាលឱ្យឆ្លងយ៉ាងឆាប់រហ័ស។ ជាការពិតណាស់បង្គន់សាធារណៈគឺជាកន្លែងដែលងាយប្រមូលផ្ដុំមេរោគបំផុត ដោយសារមានមនុស្សចេញចូលច្រើន ហើយយើងក៏មិនដឹងថានរណាម្នាក់មានផ្ទុកមេរោគអ្វីខ្លះទេ ប្រសិនបើអ្នកប្រើប្រាស់មិនបានប្រុងប្រយ័ត្ន នោះវានឹងឆ្លងជាក់ជាមិនខាន។ ទោះជាយ៉ាងណាការបត់ជើងតូចក្នុងទីតាំងអង្គុយបែបនេះ គឺអាចមានហានិភ័យខ្ពស់នៃការឆ្លងមេរោគច្រើនជាងអង្គុយធម្មតាទៅទៀត។

យោងតាមលោកវេជ្ជបណ្ឌិត Kui Jiahao អ្នកឯកទេសខាងរោគទឹកនោម បានឱ្យដឹងថា មានអ្នកជំងឺស្រីម្នាក់ ទម្លាប់ចូលបន្ទប់ទឹកដោយលើកគូទមិនឱ្យប៉ះទៅនឹងចានបង្គន់ ការធ្វើបែបនេះជាញឹកញាប់អាចបណ្តាលឱ្យមានជំងឺរលាកផ្លូវប្រព័ន្ធទឹកនោម ដែលវាមានរោគសញ្ញាដូចជាចេញឈាមពេលនោម និងមានអារម្មណ៍ទាស់នោម ឬមិនអាចនោមចេញបាន ដែលជាហេតុធ្វើឱ្យពិបាកក្នុងខ្លួន។ វេជ្ជបណ្ឌិតពន្យល់ដូច្នេះថា រាងកាយស្ត្រីគឺមានបង្ហួរនោមខ្លី ដែលនេះធ្វើឱ្យវាងាយនឹងនាំបាក់តេរីចូលទៅក្នុងប្លោកនោម ហើយវានឹងលូតលាស់បានល្អ ប្រសិនបើទឹកនោមនៅតែមាននៅក្នុងបង្ហួរនោម ឬផ្លូវទឹកនោម ដោយបាក់តេរីនឹងកើនឡើងរៀងរាល់កន្លះម៉ោងម្តង រហូតដល់វាងាយបង្កទៅជាជំងឺរលាកផ្លូវប្រព័ន្ធទឹកនោម។
វេជ្ជបណ្ឌិតផ្តល់ដំបូន្មានដល់មិត្តនារីៗថាទីតាំងអង្គុយស្តង់ដារសុវត្ថិភាពគឺ ដាក់គូទរបស់អ្នកផ្អិបទៅនឹងចានបង្គន់តែម្តង។ វាដូចជាការអង្គុយលើកៅអីដោយជើងរបស់អ្នកប៉ះនឹងឥដ្ឋ និងផ្នែកខាងមុខនៃជើងរបស់អ្នកនៅមុំ ៩០ ដឺក្រេ វាជាទីតាំងអង្គុយធម្មតាដូចពេលយើងអង្គុយលើកៅអី។ ការអង្គុយលើបង្គន់ធម្មតាបែបនេះជួយបន្ធូរសាច់ដុំគូទ និងភ្លៅខាងក្នុង ធ្វើឱ្យការបញ្ចេញទឹកនោមមានភាពងាយស្រួល និងបត់ជើងតូចបានយ៉ាងល្អ ហើយវាមិនអាចឆ្លងមេរោគបានទេ។ ទោះជាយ៉ាងណាដើម្បីការពារឱ្យមានសុវត្ថិភាពជាងនេះទៀត អ្នកគួរជ្រើសរើសបន្ទប់ទឹកដែលមានមនុស្សតិច វាអាចជាតំបន់ដែលកម្រមានមនុស្សប្រើប្រាស់ ឬបន្ទប់ចុងក្រោយ នៅគែមខាងក្នុង។ 
កុំប៉ះជាមួយវត្ថុក្នុងបន្ទប់ទឹកដោយផ្ទាល់ ឧទាហរណ៍ទ្វា ឬអ្វីៗផ្សេងទៀត បើប៉ះត្រូវបាញ់អាកុលជាមុនសិន។ លើសពីនេះពេលអ្នកចូលបង្គន់សារធារណៈ ត្រូវតែប្រើក្រដាសទ្រាប់លើចានបង្គន់ កុំអង្គុយពេលចានបង្គន់កំពុងសើម ព្រោះអាចមានហានិភ័យនៃការឆ្លងមេរោគ។ ហើយពេលចេញពីបន្ទប់ទឹកត្រូវតែលាងដៃរបស់អ្នករាល់ពេលអ្នកបញ្ចប់កិច្ចការ គួរលាងដៃជាមួយសាប៊ូឱ្យបានស្អាត ហើយជូតឱ្យស្ងួតជាមួយក្រដាស បើគ្មានសាប៊ូនៅក្នុងបន្ទប់ទឹក អ្នកអាចលាងដៃច្រើនដងជាមួយទឹកធម្មតាឬអ្នកអាចប្រើជែល ហើយបាញ់អាល់កុលដែលយកតាមខ្លួនក៏បាន៕










