ប្រទេសម៉ិកស៊ិក ៖ ក្រោយថ្ងៃលិច កោះតុក្កតាខ្មោ.ច ក្នុងប្រទេសម៉ិកស៊ិកមានសភាពងងឹត ហើយតុក្កតាទាំងនេះបានបញ្ចេញស្រមោលព្រោងព្រាតនៅតាមដើមឈើតូច-ធំ ខណៈពន្លឺព្រះអាទិត្យចាប់ផ្តើមបាត់បន្តិចម្តងៗ ។ វាធ្វើឱ្យបរិយាកាសនៅលើកោះទាំងមូលកាន់តែគួរឱ្យភ័យខ្លាចខ្លាំងឡើង ដូចជា ៖ កោះមានសភាពស្ងាត់ជ្រងំ, ការលងបន្លាចពីតុក្កតាដែលមានសម្លៀកបំពាក់ចាស់ៗ ដាច់រហែក, សំបុកពីងពាង និងសត្វល្អិតតូចៗ ។
បើគេបានស្តាប់ពីប្រវត្តិរបស់កោះតុក្កតាខ្មោចហើយនឹងព្រឺសម្បុរជាមិនខាន ហើយអ្នកខ្លះជឿថា កោះនេះបានទទួលបណ្តាសាពីខ្មោចក្មេងស្រីម្នាក់ដែលបានស្លាប់កាលពីប្រមាណ៥០ឆ្នាំមុន ហើយវិញ្ញាណរបស់នាងបានសណ្ឋិតក្នុងតុក្កតា ។ ដូច្នេះ វាធ្វើឱ្យកោះនេះជាប់ចំណាត់ថ្នាក់ជាកោះគួរឱ្យខ្លាចបំផុតលើពិភពលោក និងក្លាយជាកន្លែងសម្រាប់សាកល្បងសេចក្តីក្លាហានរបស់ភ្ញៀវទេសចរផងដែរ ។
កោះតុក្កតាខ្មោច ស្ថិតនៅឆ្ងាយពីតំបន់ទេសចរណ៍ឈ្មោះ Xochimilco ប្រទេសម៉ិកស៊ិក ទៅកាន់ទិសខាងត្បូង ។ វាជាកោះមានទំហំតូច និងគ្មានមនុស្សរស់នៅទេ ។ បើតាមការរៀបរាប់ឱ្យដឹងថា បុរសម្នាក់ឈ្មោះ Julian Santana Barrera បានមករស់នៅលើកោះនេះ ហើយមានក្មេងស្រី៣នាក់ មកពីភូមិនៅក្បែរនេះនាំគ្នាលេងទឹកនៅលើកោះ ប៉ុន្តែក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីទាំង៣ បានលង់ទឹកស្លាប់ ហើយលោក Julian ពុំអាចជួយជីវិតនាងបានទេ ។

លោក Julian មានអារម្មណ៍ថា មានកំហុស និងសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើង ទើបលោកព្យួរតុក្កតាមួយនៅក្បែរកន្លែងក្មេងស្រីស្លាប់ ។ ប៉ុន្តែលោកពុំអាចបំភ្លេចនូវហេតុការណ៍នេះបានទេ ហើយហេតុការណ៍នេះចេះតែតាមលងបន្លាចលោកគ្រប់ពេលវេលា ។ នៅពេលយប់ លោកបានឮសូរសំឡេងទួញសោក និងសំឡេងប្លែកៗរំខានជានិច្ច ។ ដូច្នេះ លោកក៏ចាប់ផ្តើមយកតុក្កតាជាច្រើនមកព្យួរនៅតាមដើមឈើ រហូតដល់កោះនេះមានតុក្កតាយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
នៅឆ្នាំ២០០១ គេបានប្រទះឃើញសាកសពរបស់លោក Julian ស្លាប់ដោយសារលង់ទឹកនៅកន្លែងតែមួយដែលក្មេងស្រីនោះបានស្លាប់ ។ រីឯលោក Don Julian ជាចៅប្រុសរបស់លោក Julian និយាយថា លោកតាធ្លាប់ប្រាប់ថា មានសំឡេងចម្លែកបបួលឱ្យចុះក្នុងទឹករៀងរាល់យប់ ហើយនៅទីបំផុត លោកតាក៏បានចុះក្នុងទឹកតាមសំឡេងនោះ ។
បច្ចុប្បន្ន លោក Don Julian គឺជាអ្នកថែរក្សាកោះតុក្កតាខ្មោច និងជាមនុស្សតែម្នាក់គត់ដែលរស់នៅលើកោះ ។ កោះនេះបានក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរ ដែលចង់សាកល្បងភាពក្លាហានក្នុងថ្ងៃ Halloween ឬចង់ពិសោធន៍ថា តើកោះនេះពិតជាមានខ្មោចដូចការរៀបរាប់ដែរឬទេ ៕










