សឹងតែជាទម្លាប់ និងអាចថា ស្ទើរតែជាប្រពៃណីទៅហើយ បុគ្គលិកភាគច្រើនតែងតែប្រឈមនឹងបញ្ហាជាមួយថ្នាក់ដឹកនាំចាស់ នៅពេលដែលពួកគេបានសម្រេចដាក់ពាក្យថានឹងលាលែង ឬក៏ឈប់ រួចដូរទៅរកការងារនៅកន្លែងថ្មី ហើយកាន់តែពិបាកមើលមុខចំទៅទៀត ក្នុងករណីដែលបុគ្គលិកនោះគឺជាក្រុមការងារស្នូលរបស់ក្រុមហ៊ុន ហើយប្តូរទៅដៃគូប្រកួតប្រជែងនឹងខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgteBQTnNA__hOYBxRn7VDnQJOz7O-u49uKUYma29ErOnL5a2hi9F2hx3t2eu7YgCPQvI0eDkF8ADf5fT4YoPjDXn1nmF2_p5RnxQSnuDdv8qeBKsrw-xH7p9klLNf3QDb0XrDh3OGefWyXiaBSPoQm3pmspdLta06z8hvg6aA7a9y3VDqIuchYIaZCJwc/s1136/628d32806e7dc5001975b7a8.webp

ការទាំងនេះនឹងមិនសំដៅទៅលើបុគ្គលដែលក្រុមហ៊ុនបញ្ឈប់ពីមុខតំណែងដោយមានកំហុសអ្វីមួយនោះទេ ។ ថ្ងៃនេះ សារព័ត៌មាន KBN NEWS សូមលើកយកនូវវិធីសាស្ត្រល្អៗយកមកអនុវត្តតាមចំណុចខាងក្រោមនេះ នៅពេលដែលអ្នកសម្រេចចិត្តថា លាឈប់ពីការងារនៅកន្លែងចាស់ ដែលអាចសម្រួល និងធានាកាត់បន្ថយកុំឱ្យមានបញ្ហាជាមួយក្រុមហ៊ុនដែលអ្នកកំពុងតែបម្រើការបច្ចុប្បន្ននេះ ។

នៅពេលដែលទទួលបាន ឬជាប់ការងារថ្មីភ្លាម បុគ្គលិកមួយចំនួនបានដាក់ពាក្យលាឈប់ពីការងារចាស់ភ្លែត ដោយពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការលាឈប់ (ចង់ឈប់ ឈប់ភ្លាមតែម្តង) ពិសេសការនេះ និងពុំបានធ្វើការរបស់ខ្លួនឱ្យបានចប់សព្វគ្រប់ឡើយ ពោលគឺទុកឱ្យនៅមេម៉ាយតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfvlv_T3PFARd3-8rKEiOVoL4eHjc3vFkbN60NVI2cEnpMipiKPN_wK980tef5puNWB9oB1NoqqW_sxLFkV2WQrepygJLX59s9NqOh_i18A23RCVb-sf7GkuNVAAdQriE7uZbY_IizbxsVnbJvnIPc4CdPBFNkdiH7sPnCmmreKazUSzocTgbbsoppmdQ/s709/960x0.webp

ជាធម្មតា ក្រុមហ៊ុនចាស់ក៏បានចំណាយពេលបណ្តុះបណ្តាលនូវជំនាញ ដែលលោកអ្នកកំពុងធ្វើនេះអស់រយៈពេលជាច្រើនខែឆ្នាំហើយដែរ ។ ប៉ុន្តែភាគច្រើនលើសលប់នៅពេលដែលបុគ្គលិកទទួលបានជំនាញពេញខ្លួនហើយ រត់ចោលក្រុមហ៊ុនបាត់ ។ ដូច្នេះ ពួកគេនឹងមានប្រវត្តិរូបការងារមិនល្អ ឬក៏ត្រូវគេចាត់ទុកថា ជាមនុស្សមិនទទួលខុសត្រូវការងារ ហើយក្រុមហ៊ុនថ្មីក៏ពុំចង់ទទួលបុគ្គលិកប្រភេទនេះមកធ្វើការទេ លុះត្រាតែមានករណីផ្សេងពីនេះ ។

ការរៀបចំត្រៀមខ្លួនមុនពេលលាឈប់ពីការងារ គឺជារឿងសំខាន់ និងចាំបាច់បំផុត ដែលយើងគួរតែបំពេញការងារឱ្យបានរួចរាល់ ដើម្បីឱ្យការលាឈប់នេះប្រព្រឹត្តទៅបានល្អ រលូនតាមការចង់បាន និងពុំបាត់បង់ ឬក៏ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ឬប្រវត្តិការងារនៅពេលក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJVx2adcT2sdF2eBEas1aAmweR8q36SppW9D_s_YrSI96znv04e_hpJChkv4JzWFEEYUbPv_c5B2xs1E5HEU4glz51Cub0SOjBq5DqjUtqZAYuQ1GKeJSJf285FGqGtegDAnWJQ9D3krwtgjO3w58MVxp37mXO1il2mFAbsMVL7vJd2CLrjmrCnWkOsEM/s1280/boIC07teQliDNxwea1iL_Resignation.jpg

តើបុគ្គលិកគួរតែត្រៀមខ្លួនដូចម្តេចខ្លះមុនពេលសម្រេចចិត្តដាក់ពាក្យលាឈប់ពីការងារ និងកុំឱ្យមានបញ្ហាជាមួយក្រុមហ៊ុន?

១-ឈ្វេងយល់ពីលក្ខខណ្ឌការលាឈប់ ៖
គួរតែត្រួតពិនិត្យនូវកិច្ចសន្យាការងាររវាងបុគ្គលិក និងក្រុមហ៊ុន ឬគោលនយោបាយផ្សេងៗរបស់ក្រុមហ៊ុនពាក់ព័ន្ធនឹងការលាឈប់ពីការងារ ដូចជា ៖ ការជូនដំណឹងជាមុនទៅកាន់ក្រុមហ៊ុន គឺជូនដំណឹងកន្លះខែមុន ឬ១ខែមុន ឬក៏ផ្សេងពីនេះ ព្រមទាំងពិនិត្យមើលលក្ខខណ្ឌការប្រគល់សម្ភារៈការិយាល័យទៅឱ្យក្រុមហ៊ុនវិញ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwZ813W_gY-0V0ONqNIt-wzHZoDcQbPZlrAB-_8gFfMnbR8UxhwJJWZ2Br9AIlOQQzA1aCebbkH-4KRq17e8AFgebSG4lfkCB4-pRPssA2GhXk1nqRW9mvjMt42O7SdM5TSRX9VLEXin3wSP-rfJFwgLQ5fsVfSI9ioiOtO3PW0miXgPhhJJ6Ovq0ziqc/s1500/his-time-here-has-come-to-an-end-1070990852-ca747e9659224ab695da6056a5b58287.jpg

២-រៀបចំឯកសារ ៖
ចូររៀបចំទុកដាក់ឯកសារពាក់ព័ន្ធផ្សេងៗនឹងការលាឈប់ពីការងារ ដូចជា ៖ លិខិតដាក់ពាក្យឈប់ ឬឯកសារពាក់ព័ន្ធនឹងការទទួលខុសត្រូវក្នុងក្រុម ហ៊ុន។ ការឈប់ធ្វើការនៅកន្លែងណាមួយ ចាំបាច់ត្រូវតែសរសេរលិខិតលាឈប់ត្រឹមត្រូវ និងចៀសវាងប្រាប់ផ្ទាល់មាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiBDEicqtKZ_eoONacE4DsvhpR0-9wQKmmo2olI37poR8Nsv6tAUBN3DjUFG17szE2c7e5Jr_DRYQpyWWdDC_GpwWER3gA_Ov3XET6_xg870gi0Hj9AXXaEbzQi5i8WXwgoqEpH1KMlvHDI0ErqRpCp-6Bezr31h9rF0zviVNrQGmfg5pAToMCYVUAuAE/s1200/https___cdn.cnn.com_cnnnext_dam_assets_210823130417-quitting-job-stock.jpg

៣-ជូនដំណឹងទៅផ្នែកគ្រប់គ្រង ឬនាយកក្រុមហ៊ុន ៖
ចូរជូនដំណឹងទៅកាន់ផ្នែកគ្រប់គ្រងបុគ្គលិក ឬក៏នាយកក្រុមហ៊ុនរបស់យើងពាក់ព័ន្ធនឹងការសម្រេចចិត្តឈប់ធ្វើការ ។ វាជាចំណុចសំខាន់ណាស់ដើម្បីឱ្យពួកគេអាចរៀបចំការងារ ឬគម្រោងការងារបន្តទៀតនៅពេលដែលអវត្តមានយើង ។

៤-បង្ហើយការងារនៅសេសសល់ឱ្យអស់ ៖
យើងត្រូវព្យាយាមបង្ហើយការងារនៅសេសសល់ឱ្យអស់មុនពេលចាកចេញពីក្រុមហ៊ុន ដើម្បីកុំឱ្យប៉ះពាល់ដល់មិត្តរួមការងារ ឬមិត្តរួមការងារត្រូវមកអង្គុយធ្វើការជំនួសយើង ដោយមិនបានដឹងរឿងផ្សេងៗ ។ បើមិនដូចនេះទេ យើងនឹងមានកេរ្តិ៍ឈ្មោះមិនល្អនៅពេលទៅធ្វើការនៅកន្លែងផ្សេង ហើយវានឹងកាន់តែពិបាកស្វែងរកការងារថ្មីនាថ្ងៃអនាគត ព្រោះបណ្តាញរបស់បុគ្គលិកនិងអ្នកគ្រប់គ្រង គឺតែមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu6t3rL3YNvDHMeV_x2Nhkxtdy5T_gjly37lHl61uFdOhK7R6RYZrXMGWhHxI5g7GWnYU5pQaJHxT9kIPKZDyMKQAYpgJH-j9B0oUjGIYh-7D4JMyl3roPa-yqV0__vFLfuhfZk3QYO6LtjTP18sL_I4RGDm66_k-bg8fL4-5MBoXB2p91Fzd0A6v7igk/s744/man-thanks-his-boss-after-quitting-his-job-during-a-meeting.webp

៥-ត្រៀមខ្លួនសម្រាប់ការងារថ្មី ៖
នៅពេលបង្ហើយការងារនៅក្រុមហ៊ុនចាស់រួចហើយ ជំហានបន្ទាប់ ចូរត្រួតពិនិត្យមើលថា តើមានឯកសារចាំបាច់ណាខ្លះសម្រាប់ការចាប់ផ្តើមបំពេញការងារថ្មី? ក្រៅពីនេះ ចូរតាំងចិត្តបំពេញការងារថ្មីឱ្យល្អបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb8zzT9PkIsfh4J6E3vegDwjLdTlHTynST-mC2quXnoDLLJY5uGDYFpDVbE04HaP4IdRDmqQKrdqAOl32O8GfYOViIH6r-78xOEG58GNe_yNaORLy_M1q4ZaEBEtdvI8a1YmOCZ-BnMxsbXqZ8QtO2k3UAaTjE2Pl8PXMfIT8ooLnmGhwtX6dNEX19zfs/s1200/man-holding-resignation-letter-quits-his-job.webp

សរុបមក ការអនុវត្តតាមវិធីខាងលើនឹងជួយឱ្យយើងគ្មានបញ្ហាជាមួយក្រុមហ៊ុនចាស់ពេលលាឈប់ពីការងារ ហើយយើងនៅតែបន្តរាប់អាន និងសហការជាមួយក្រុមហ៊ុនចាស់ជានិច្ច បើទោះជាបានចាកចេញក្តី ។

រាល់ចំណុចសំខាន់ៗ យើងពុំគួរនិយាយអាក្រក់ពីក្រុមហ៊ុនចាស់ទេ ព្រោះយើងធ្លាប់ជ្រកកោននៅក្រោមដំបូលមួយនេះ ហើយចូរចងចាំថា ក្រុមហ៊ុនចាស់ គឺជាគ្រូដែលបានជួយបង្ហាត់បង្រៀនយើងឱ្យមានជំនាញ ចំណេះ និងបទពិសោធន៍ល្អៗ រហូតមកដល់មានអ្នកនៅថ្ងៃនេះ ៕