ជឿថាប្រិយមិត្តមួយចំនួនប្រហែលជាមិនសូវស្គាល់ និងមិនសូវចាប់អារម្មណ៍ម្តាយបង្កើតរបស់ Elon Musk ទេដោយសារតែគាត់មិនសូវបញ្ចេញមុខ។ ទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ ម្តាយរបស់មហាសេដ្ឋីរូបនេះបានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយសម្រស់ដ៏ទាក់ទាញរបស់គាត់នៅពេលដែលគាត់បានលេចមុខនៅក្នុងគម្រប់ខួប ៦០ ឆ្នាំនៃទស្សនាវដ្ដីឈុតហែលទឹកដ៏ល្បីមួយរបស់ពិភពលោក។ 
Maye Musk អាយុ ៧៦ ឆ្នាំដែលជាម្តាយបង្កើតរបស់មហាសេដ្ឋីពិភពលោក Elon Musk បានបង្ហាញខ្លួនជាមួយរូបរាងដ៏លេចធ្លោរបំផុតក្នុងឈុតសម្លៀកបំពាក់ដ៏ប្រណិត ដែលដេរប៉ាក់ដោយ Naeem Khan ស្បែកជើងកែង Aquazzura និងគ្រឿងអលង្ការ Charlie Lapson ធ្វើឱ្យទស្សនិកជនលាន់មាត់ថា ទោះវ័យជ្រេបន្តិចមែនតែសម្រស់វិញញាក់មិនធម្មតាឡើយ។ 
Maye Musk កើតនៅឆ្នាំ ១៩៤៨ គឺជាតារាម៉ូដែល និងជាអ្នកជំនាញអាហារូបត្ថម្ភជនជាតិកាណាដា-អាហ្វ្រិកខាងត្បូង។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានបង្ហាញខ្លួនជាប្រចាំនៅក្នុង Vogue Korea, Elle Canada, Time Health ឬ New York Times ។ ហើយគាត់ក៏បានធ្វើជាគំរូសម្រាប់ម៉ាកល្បីៗជាច្រើនដូចជា Rag & Bone, La Ligne, James Perse, CoverGirl ទៀតផង។ នៅអាយុ ៧០ ឆ្នាំតារាម៉ូដែលរូបនេះបានដើរសម្រាប់កម្មវិធីដោយ Zero + Maria Cornejo, Dolce & Gabbana ។ 
ជាមួយនឹងការបង្ហាញខ្លួនដ៏ទាក់ទាញនេះ ម្តាយរបស់ Elon Musk ក៏ត្រូវបានមនុស្សជាច្រើនសួរនាំអំពីរបៀបថែរក្សាសម្រស់របស់គាត់ ដោយគាត់បានបង្ហើបថា ដើម្បីថែរក្សាសម្រស់ឱ្យនៅតែស្រស់ស្អាត និងមានសុខភាពល្អ គឺយើងត្រូវតែយកចិត្តទុកដាក់លើបញ្ហាសុខភាពផ្លូវចិត្តជាមុនសិន ប្រសិនបើយើងគិតច្រើនវាអាចធ្វើឱ្យយើងគេងមិនលក់ ញ៉ាំមិនបាន ហើយសម្រស់ក៏ធ្លាក់ចុះតាមនឹងដែរ៕










