MV បទចម្រៀងថ្មីរបស់ លីម តិចម៉េង ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញការសម្តែងល្ហែមជាមួយពិធីការិនី សុក សុកន្និដ្ឋា ដែលជាតារាស្រីត្រូវបានហ្វេនៗចាប់គូឱ្យអ្នកទាំងពីរជាគូស្នេហ៍កាលពីកន្លងមកនេះ។ មិនត្រឹមតែប៉ុណ្ណោះ គេសង្កេតឃើញថានេះជាលើកដំបូងហើយដែលម្ចាស់ពានពិភពលោករូបនេះហ៊ានសម្តែងឈុតឆាកស្នេហាស្អិតរមួតបែបនេះដាក់តួស្រីជាហេតុធ្វើឱ្យហ្វេនៗថាអ្នកទាំងពីរកាន់តែសមគ្នា។
គេចាំបានថាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះតារាចម្រៀង លីម តិចម៉េង និងពិធី ការិនី សុកន្និដ្ឋា ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញវីដេអូចែកចាយពេញបណ្តាញសង្គម ដែលបានប្រែក្លាយជាមានប្រធានបទស្នេហាក្នុងចំណោមអ្នកគាំទ្រដោយសារតែអ្នកទាំងពីរត្រូវគេសម្លឹងឃើញថាពិតជាសមជាមួយគ្នាណាស់។ ក្នុងកម្មវិធីមួយកញ្ញា សុក សុកន្និដ្ឋា ជាពិធីការិនីក្នុងកម្មវិធី ចំណែកឯ លីម តិចម៉េង ជាតារាកិត្តិយស។ ក្រោយពីឃើញវីដេអូ ដែលតិចម៉េង និង កន្និដ្ឋា ថតរូបក៏ដូចជាជជែកជាមួយគ្នាហើយធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍ញញឹមបិទមាត់មិនជិត និងបង្ហាញសកម្មភាព Ship អ្នកទាំងពីរ ជាគូស្នេហ៍ទៀតផង។ 
គូស្នេហ៍ដែលត្រូវហ្វេនៗ Ship កន្លងមកនេះបានធ្វើឱ្យមានប្រធានបទសាជាថ្មីបន្ទាប់ពីគេបានឃើញ លីម តិចម៉េង និងសុក សុកន្និដ្ឋា បានសម្តែងក្នុង MV ជាមួយគ្នា។ នាយប់ថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៤ ផលិតកម្មរស្មីហង្សមាសបានទម្លាក់MV ថ្មីរបស់ ម្ចាស់ពានរូបនេះមានចំណងជើងថា «អូន១៨» ដែលជាស្នាដៃដឹកនាំសម្តែងដោយលោក ឯម ស៊ីដែន។ .png)
នៅក្នុងវីដេអូចម្រៀង តិចម៉េង និង សុកន្និដ្ឋា សម្តែងជាមួយគ្នាយ៉ាងផ្អែមល្ហែមប្រកបដោយភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំង ទាំងការលេងទឹកមុខជាគូស្នេហ៍ និងមានសកម្មភាពផ្អែមល្ហែមជាមួយគ្នាជាច្រើនទៀត។ វីដេអូនេះក៏ទទួលបានការសរសើរពីអ្នកគាំទ្រ ចំណែកឯបទចម្រៀងទៀតសោតក៏អាចទទួលយកបាន ខណៈ MV មួយបទនេះហ្វេនៗរបស់ តិចម៉េង ទន្ទឹមរង់ចាំយូរដូចគ្នា។ កាន់តែពិសេសនោះ តាមរយៈ MV កន្លងមកគេសង្កេតឃើញថានេះជាលើកទីមួយហើយសម្រាប់ លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ សម្តែងស្និទ្ធស្នាលជាគូស្នេហ៍បែបនេះជាមួយតួស្រី។
ឃើញសកម្មភាពផ្អែមល្ហែមរបស់ តិចម៉េង និង សុកន្និដ្ឋា នេះដែរបើទោះបីជាការសម្តែងក្នុង MV ក៏ដោយហ្វេនៗនៅតែចិញ្ចឹមចិត្តចាប់គូអ្នកទាំងពីរជាគូស្នេហ៍ដោយសង្ឃឹមថាអាចក្លាយជាការពិត៕










