ទឹកអំពៅគឺជាភេសជ្ជៈដែលមានការពេញនិយមខ្លាំងក្នុងរដូវក្តៅនេះ ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ ក៏ដូចជាជួយបន្ថែមថាមពល កំចាត់កំដៅក្តៅចេញពីរាងកាយ ជួយឱ្យរាងកាយមានអារម្មណ៍ស្រស់ស្រាយជាងមុន។ ទឹកអំពៅត្រជាក់ ១០០ ក្រាម មានជាតិខ្លាញ់ 0.5g ប្រូតេអ៊ីន 0.2g ស្ករ 12g បូករួមជាមួយវីតាមីន និងសារធាតុរ៉ែជាច្រើនទៀតដូចជា វីតាមីន B វីតាមីន C វីតាមីន D កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិដែក។ ទឹកអំពៅ ផ្តល់នូវបរិមាណជាក់លាក់នៃជាតិសរសៃ ក្រៅពីនេះវាក៏បន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា polyphenols និង flavonoids ដែលជាអាស៊ីតសរីរាង្គ និងអង់ស៊ីមដែលល្អសម្រាប់រាងកាយ។ ទោះជាយ៉ាងណាមនុស្សជាច្រើនឆ្ងល់ថា តើការផឹកទឹកអំពៅអាចធ្វើឱ្យឡើងទម្ងន់ដែរឬទេ? ព្រោះទឹកអំពៅគឺមានជាតិផ្អែមខ្លាំងណាស់។ 
សម្រាប់ចម្លើយនោះគឺទឹកអំពៅមិនអាចធ្វើឱ្យអ្នកឡើងទម្ងន់បានឡើយ ព្រោះទឹកអំពៅមិនមានផ្ទុកជាតិខ្លាញ់ទេ ហើយភាពផ្អែមធម្មជាតិរបស់ទឹកអំពៅនឹងជួយធ្វើឱ្យអ្នកស្រស់ស្រាយនៅថ្ងៃក្តៅនឹងជៀសវាងការស្រូបជាតិខ្លាញ់ចូលទៅក្នុងខ្លួន។ លើសពីនេះ ទឹកអំពៅមួយកែវអាចផ្តល់ជាតិសរសៃប្រហែល ១៣ ក្រាម ដែលប្រហែល ៥០% នៃជាតិសរសៃដែលរាងកាយត្រូវការក្នុងមួយថ្ងៃ។ ជាតិសរសៃមិនត្រឹមតែល្អសម្រាប់ផ្លូវរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយចំណង់អាហារផងដែរ។
បើប្រៀបធៀបទៅនឹងតែទឹកដោះគោ ទឹកអំពៅអាចចាត់ទុកថាជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់សុខភាពនៅរដូវក្តៅនេះ។ ការទទួលទានទឹកអំពៅឱ្យបានត្រឹមត្រូវ មិនត្រឹមតែបំពេញជាតិទឹកដល់រាងកាយប៉ុណ្ណោះទេ ថែមទាំងផ្តល់វីតាមីន សារធាតុរ៉ែ និងអេឡិចត្រូលីតជាច្រើន ដើម្បីជួយស្តារថាមពល និងរក្សាសកម្មភាពប្រចាំថ្ងៃ។ ជាទូទៅ ទឹកអំពៅមិនមានកាឡូរីខ្ពស់ពេក និងមិនមានផ្ទុកជាតិខ្លាញ់ ដូច្នេះប្រសិនបើប្រើតែក្នុងបរិមាណមធ្យម វានឹងមិនធ្វើឱ្យឡើងទម្ងន់ឡើយ។
ទោះជាយ៉ាងណាក៏ដោយគួរកត់សម្គាល់ថាទឹកអំពៅមានផ្ទុកជាតិ fructose ច្រើនដូច្នេះវាក៏អាចបង្កើតថាមពលច្រើនផងដែរ។ នៅពេលផឹកទឹកអំពៅ យើងក៏គួរកំណត់ផងដែរ ប្រសិនបើផឹកច្រើនលើសលប់ពេកក៏អាចបណ្តាលឱ្យឡើងទម្ងន់ផងដែរ។ ដូច្នេះដើម្បីជៀសវាងការបង្ករឱ្យមានកាឡូរីលើសដែលបណ្តាលឱ្យប្រមូលផ្តុំជាតិខ្លាញ់ និងបង្កើនទម្ងន់ យើងចាំបាច់ត្រូវរក្សារបៀបរស់នៅដែលមានសុខភាពល្អ របបអាហារសមរម្យ សារធាតុចិញ្ចឹមគ្រប់គ្រាន់ និងចូលរួមក្នុងសកម្មភាពកីឡា ដើម្បីរក្សាសុខភាពរាងកាយ៕










