ថ្មីនេះ មហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើឃ្លីបវីដេអូមួយ ដែលបង្ហាញឲ្យឃើញពីជនបរទេសចម្រុះជាតិសាសន៍មួយក្រុមបាននឹងកំពុងហាត់រាំរបាំប្រពៃណីខ្មែរបានយ៉ាងស្រស់ស្អាតបំផុត ដែលនេះគឺជាផ្សព្វផ្សាយពីរបាំអាយុកាលរាប់ពាន់ឆ្នាំរបស់ខ្មែរទៅកាន់ពិភពលោក។
យោងតាមការបង្ហោះវីដេអូពីបណ្តាញសង្គមហ្វេសបុករបស់លោក អៀង ស៊ីធុល ជាតារាចម្រៀងផ្នែកយីកេ និងល្ខោនបាសាក់ដ៏ល្បីល្បាញគឺបានឲ្យដឹងថា ក្រុមល្ខោនកុមារបាសាក់របស់លោកគឺជាអ្នកបង្រៀនសិស្សបរទេសមួយក្រុមនេះដោយផ្ទាល់។
តាមរយៈវីដេអូគឺបានឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់សិល្បៈបុរាណខ្មែររបស់ជាតិសាសន៍ដទៃ ព្រមជាមួយនឹងការតាំងចិត្តខ្ពស់ក្នុងការហាត់រៀន ព្រោះថារបាំខ្មែរនីមួយៗសុទ្ធតែបានបង្កប់នូវអត្ថន័យ អមជាមួយនឹងកាយវិការល្វត់ល្វន់ មានការហាត់ពន់ទាំងដៃ ជើងនិងដងខ្លួនទាំងមូល។ ជាមួយគ្នានោះ បន្ទាប់ពីវីដេអូបានចែកចាយ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិនិងសរសើរព្រៀងព្រាត ដើម្បីជាការតបស្នងនូវទឹកចិត្តស្រលាញ់វប្បធម៌ខ្មែរនៅក្នុងចំណោមជនបរទេស។
គួរបញ្ជាក់ថា របាំខ្មែរគឺជាសិល្បៈនៃការរាំដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ដែលមានច្រើនបែបសណ្ឋានទៅតាមតំបន់នីមួយៗ
ឮនៅក្នុងប្រទេសកម្ពុជា របាំខ្មែរមានទាំងអស់ចំនួន ៨២ របាំ និងរបាំខ្សែររឿងមានចំនួន ៣៥ របាំ ។ ហើយរបាំដែលអស្ចារ្យរបស់ខ្មែរគឺ៖ របាំព្រះរាជទ្រព្យ របាំដែលត្រូវបានគេចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ (អរូបិយ) របស់ពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ។
របាំនៅប្រទេសកម្ពុជាចែកជា 4 ប្រភេទដូចជា៖
• របាំបុរាណខ្មែរ មានដូចជា របាំព្រះរាជទ្រព្យ របាំទេពអប្សរា របាំទេពមនោរម្យ របាំជូនពរបាចផ្កា…
• របាំប្រពៃណីខ្មែរ មានដូចជា របាំក្ងោក(ខេត្តប៉ៃលិន) ,របាំច្រូតស្រូវ(ខេត្តបាត់ដំបង)…
• របាំប្រជាប្រិយខ្មែរ មានដូចជា រាំវង់ រាំក្បាច រាំសារ៉ាវ៉ាន់ កន្ទ្រឹម លាំលាវជាដើម
• របាំខ្មែរសហសម័យ៖ គឺតន្ត្រីបែបទំនើបលាយឡំទៅនិងការសម្ដែងដែលតុបតែងបែបបុរាណកាល៕










