ប្រទេសជប៉ុន ៖ សារព័ត៌មានបរទេសរាយការណ៍ថា នៅខែឧសភា ឆ្នាំ២០២៤ ផ្លូវថ្មី១ខ្សែនៅប្រទេសជប៉ុនបានក្លាយជាប្រធានបទមួយក្តៅគគុក ដោយសារមហាជនរិះគ.ន់ ថា ផ្លូវនេះពុំអាចឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន បើទោះជាធ្វើរួចរាល់ក្តី ។ គេពុំទាន់ដឹងថា តើអាជ្ញាធរជប៉ុនមានវិធានការដោះស្រាយបែបណាទេ ដើម្បីឱ្យផ្លូវនេះអាចបើកដំណើរការជាសាធារណៈ ។
ផ្លូវថ្មីនេះពុំអាចដំណើរការបាន ដោយសារនៅចំណុចមួយត្រង់ពាក់កណ្តាលផ្លូវមានម៉ុងខ្មោចប្រមាណ២០០ ហើយបញ្ហានេះធ្វើឱ្យមហាជនរិះគន់ថា អាជ្ញាធរពុំបានរៀបចំគម្រោងមុនពេលធ្វើផ្លូវ និងចាត់វិធានការដកហូតដីរបស់រដ្ឋាភិបាល ។
ប្រព័ន្ធផ្សព្វផ្សាយ Nippon TV រាយការណ៍ថា មូលហេតុដែលផ្លូវពុំអាចឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន ដោយសារគ្មានការរុះរើម៉ុងខ្មោចចេញពីផ្លូវ ។ ផ្លូវខាងលើមានប្រវែងប្រមាណ២គីឡូម៉ែត្រ ដែលតភ្ជាប់រវាងទីក្រុងតូក្យូ និងទីក្រុងសាយ៉ាម៉ា ហើយម៉ុងខ្មោចស្ថិតនៅកណ្តាលផ្លូវនេះជារបស់វត្ត Zengyo-in ដែលមានអាយុកាល៥០០ឆ្នាំ ។
ព្រះចៅអធិការវត្តនេះបានផ្តល់សម្ភាសន៍ជាមួយ Nippon TV អំពីមូលហេតុដែលគ្មានការរុះរើម៉ុងខ្មោចចេញពីផ្លូវថា ខាងវត្តយល់ព្រមឱ្យអាជ្ញាធររើម៉ុងខ្មោចចេញ ប៉ុន្តែបែរជាមានឧបសគ្គជាច្រើនទៀត ។ រដ្ឋាភិបាលបានសុំរើម៉ុងខ្មោចនៅត្រង់ចំណុចផ្លូវតែប៉ុណ្ណោះ មានន័យថា មានម៉ុងខ្មោចប្រមាណ៧០ នឹងពុំរើចេញ និងត្រូវកាត់ផ្តាច់ចេញពីបរិវេណវត្ត ។ ក្រៅពីនេះ រដ្ឋាភិបាលនឹងផ្តល់ប្រាក់សំណងសម្រាប់បរិវេណធ្វើផ្លូវប៉ុណ្ណោះ ហើយម៉ុងខ្មោចនៅសេសសល់នឹងពុំទទួលបានប្រាក់សំណងទេ ។
ពលរដ្ឋទទួលផលប៉ះពាល់ដោយសារការធ្វើផ្លូវប្រាប់ថា ការដកហូតដីចាប់ផ្តើមតាំងពី១៨ឆ្នាំមុន ហើយមានពលរដ្ឋជាង២០០គ្រួសារ ត្រូវផ្លាស់ទីលំនៅចេញពីទីនេះ ។ បុរសម្នាក់ត្រូវបានអាជ្ញាធរដកហូតដីកាលពី១៧ឆ្នាំមុន រៀបរាប់ថា លោកបានបោះបង់ផ្ទះដែលធ្លាប់រស់នៅ ហើយលោករីករាយណាស់ បើផ្លូវនេះដំណើរការដោយជោគជ័យដើម្បីជាប្រយោជន៍ដល់សាធារណជន ។ ប៉ុន្តែបែរជាមានបញ្ហាម៉ុងខ្មោច ហើយលោកសួរខ្លួនឯងថា តើលោកយល់ព្រមផ្លាស់ទីលំនៅដើម្បីអ្វី?
មហាជនបានស្នើឱ្យអាជ្ញាធររុះរើម៉ុងខ្មោចទាំងនេះទៅកន្លែងផ្សេង ប៉ុន្តែពុំមានកន្លែងណាមានផ្ទៃដីធំទូលាយសម្រាប់ធ្វើម៉ុងខ្មោចទេ ហើយមហាជនរិះគន់ថា រដ្ឋាភិបាលបរាជ័យក្នុងការចរចាជាមួយវត្ត ។ រីឯអាជ្ញាធរបញ្ជាក់ថា ជំហានដំបូង អាជ្ញាធរមានគម្រោងឱ្យពលរដ្ឋប្រើប្រាស់ផ្នែកខ្លះនៃផ្លូវនេះ ចំណែកការបើកឱ្យប្រើប្រាស់ផ្លូវទាំងមូល ពុំអាចធ្វើបាននាពេលឆាប់ៗទេ ៕










