ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ យោធាកម្ពុជា-ចិន ប្រមាណជាង ២០០០នាក់ នឹងធ្វេី “សមយុទ្ធនាគមាស” នៅខេត្តកំពង់ឆ្នាំង និងព្រះសីហនុ ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌” ដោយសមយុទ្ធនេះនឹងធ្វើធំជាងឆ្នាំកន្លងទៅ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
សមយុទ្ធនាគមាសនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់កងទ័ពជើងគោក រីឯកងទ័ពជើងទឹកធ្វើនៅសមុទ្រ ក្នុងខេត្តព្រះសីហនុ។
គ្រឿងបំពាក់សម្រាប់ចូលរួមធ្វើសមយុទ្ធលើគោក រួមមាន រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទសរុប ចំនួន ៦៩គ្រឿង រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសំអាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារ ជាច្រើនឈុតទៀត ខណៈសមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុប ចំនួន ១៤គ្រឿង និងឧទ្ធម្ភាគចក្រជាក់ ចំនួន២គ្រឿង។
គួរបញ្ជាក់ផងដែរថា សមយុទ្ធយោធា “នាគមាស” ជាសមយុទ្ធប្រចាំឆ្នាំរវាងប្រទេសទាំងពីរ ដែលបានធ្វើ ៦ដងរួចមកហើយចាប់តាំងពីឆ្នាំ២០១៦ ដោយលើកចុងក្រោយកាលពីឆ្នាំ២០២៣ ធ្វើឡើងស្ថិតនៅបរិវេណភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ចិនបានបញ្ជូនអាវុធយុទ្ធភណ្ឌធុនធ្ងន់ និងកងទ័ពជាង ២០០នាក់មកកម្ពុជា ដោយផ្ដោតសំខាន់ ពង្រឹងសមត្ថភាពកងទ័ពកម្ពុជា រក្សាសន្តិសុខ និងជួយសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗ។









