ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា នៅតំបន់ភាគខាងលិចកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី មានគ្រោះទឹកជំនន់ភ្លាមៗ និងបាក់ដីធ្ងន់ធ្ង.រ បណ្តាលឱ្យពលរដ្ឋស្លា.ប់ ជាច្រើននាក់ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ខណៈប្រទេសនេះទើបតែរ.ងគ្រោះ ដោយសារទឹកជំនន់ កាលពីខែមីនា ឆ្នាំ២០២៤ ។
អាជ្ញាធរប្រចាំតំបន់បញ្ជាក់ថា ចំនួនអ្នកស្លា.ប់ ដោយសារគ្រោះធម្មជាតិដ៏ធ្ងន់ធ្ង.រ នៅតំបន់ភាគខាងលិចកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងរហូតដល់ជាង៣០នាក់ ហើយអាជ្ញាធរកំពុងតាមស្វែងរកអ្នកបាត់ខ្លួនជាច្រើនទៀត ។
សារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ថា កាលពីថ្ងៃទី១១ ខែឧសភា កន្លងមក នៅតំបន់ភាគខាងលិចកោះស៊ូម៉ាត្រា មានគ្រោះទឹកជំនន់ភ្លាមៗបណ្តាលឱ្យបាក់ដី និងមានកំអែភ្នំភ្លើងហូរចេញពីភ្នំភ្លើងម៉ារ៉ាពី ។ គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរកើតឡើងដោយសារមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នេះ កាលពីប៉ុន្មានថ្ងៃមុន ។
ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយប្រចាំតំបន់ខាងលិចខេត្តស៊ូម៉ាត្រា បានរាយការណ៍បន្ថែមថា ចំនួនពលរដ្ឋស្លាប់ដោយសារគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះ ស្មើយ៉ាងហោចណាស់ ៣៤នាក់ ហើយចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត ព្រោះមានមនុស្សបាត់ខ្លួនយ៉ាងហោច១៦នាក់ និងអ្នករងរបួស១៨នាក់ ។ នៅថ្ងៃទី១២ ខែឧសភា អាជ្ញាធរពុំទាន់អាចវាយតម្លៃពីទំហំនៃការខូចខាតទេ ។
បើតាមរូបភាពផ្សេងៗដែលបានផ្សព្វផ្សាយជំហានដំបូងបង្ហាញថា លំនៅឋានពលរដ្ឋ, យានជំនិះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបានខូចខាតអស់យ៉ាងច្រើនដោយសារទឹកជំនន់ និងការបាក់ដីលើកនេះ ។
ប្រទេសឥណ្ឌូណេស៊ីតែងតែរងគ្រោះដោយសារទឹកជំនន់ និងការបាក់ដីជាច្រើនលើកនៅពេលមានភ្លៀងធ្លាក់ខ្លាំង ។ រីឯមូលហេតុមួយក្នុងចំណោមមូលហេតុទាំងអស់ដែលបណ្តាលឱ្យប្រទេសនេះជួបគ្រោះធម្មជាតិធ្ងន់ធ្ងរ គឺដោយសារការដុតព្រៃដើម្បីត្រៀមផ្ទៃដីដាំដំណាំ ប៉ុន្តែការដុតព្រៃទាំងនេះជាការបំផ្លាញផ្ទៃដីកសិកម្ម និងកាត់បន្ថយការជ្រាបទឹកក្នុងដី ។
កាលពីខែមីនា ឆ្នាំ២០២៤ ផ្ទៃដីនៅខេត្តសូម៉ាត្រាភាគខាងលិច ទើបតែរងគ្រោះដោយសារទឹកជំនន់ និងការបាក់ដីធ្ងន់ធ្ងរ ដែលបណ្តាលឱ្យពលរដ្ឋឥណ្ឌូណេស៊ីស្លាប់យ៉ាងហោចណាស់ ២៦នាក់ នាពេលនោះ ៕










