នៅលើផែនដីយើងនេះ មានដើមឈើច្រើនរាប់មិនអស់ឡើយ ដោយដើមឈើនីមួយៗសុទ្ធតែផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្ស និងសត្វដូចជា ដើមឈើនៅតាមព្រៃភ្នំជាជម្រករបស់សត្វព្រៃទាំងឡាយជ្រកអាស្រ័យ។ ចំណែករុក្ខជាតិដែលដុះក្នុងស្រុក ជាជម្រករបស់សត្វស្រុកទាំងឡាយ និងជាជម្រករបស់មនុស្សផងដែរ។ រីឯដើមឈើដែលដុះនៅតាមដងផ្លូវវិញ គឺជាទីពឹងរបស់អ្នកដំណើរចូលទៅជ្រកសម្រាកកាយ បរិភោគអាហារដោយក្តីរីករាយនៅក្រោមម្លប់ឈើនោះ។ ដូច្នេះហើយតើអ្នកដឹងទេថា ដើមឈើណាដែលធំជាងគេ ខ្ពស់ជាងគេ និងមានអាយុកាលចំណាស់ជាងគេនៅលើពិភពលោក? ហើយពួកវាស្ថិតក្នុងប្រទេសណា?
១.ដើមឈើធំជាងគេ៖ ដើមឈើដែលគេចាត់ទុកថាធំជាងគេបំផុតលើលោក គឺដើមឈើ Giant Sequoia ដែលស្ថិតនៅឧទ្យានជាតិ «សេក្វូយ៉ា (Sequoia)» ក្នុងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក។ ដើមឈើនេះ មានមាឌប្រមាណ ១,៤៨៧ ម៉ែត្រគូប ដែលធំជាងគេបង្អស់លើផែនដី និងមានកម្ពស់ជាង ៨៣ ម៉ែត្រ ដែលភាគច្រើនវាមានអាយុលើសពី ៣,២០០ ឆ្នាំ។
២.ដើមឈើខ្ពស់ជាងគេ៖ ដើមឈើដែលគេចាត់ទុកថាខ្ពស់ជាងគេបំផុតលើលោក គឺដើមឈើ Hyperion ដែលស្ថិតនៅឧទ្យានជាតិ «រ៉េដវូដ (Redwood)» ក្នុងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក ដោយវាមានកម្ពស់រហូតដល់ទៅ ១១៥.៧ ម៉ែត្រត្រូវបានគេចាត់ទុកថាជាដើមឈើខ្ពស់ជាងគេបង្អស់នៅលើផែនដី។
៣.ដើមឈើចំណាស់ជាងគេ៖ យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ដើមឈើដែលចំណាស់ជាងគេបំផុតលើលោកនាពេលបច្ចុប្បន្ននេះគឺដើមឈើ Methuselah ដែលមានអាយុកាលជាង ៤,៨០០ ឆ្នាំ ជាប្រភេទដើមឈើ Bristlecone Pine ស្ថិតនៅជួរភ្នំសនៃរដ្ឋកាលីហ្វរញ៉ា។ ទោះជាយ៉ាងណាក៏ដោយ កាលពីកន្លងទៅក៏ធ្លាប់មានដើមឈើមួយទៀត ដែលមានឈ្មោះ Prometheus ស្ថិតនៅរដ្ឋ Nevada មានអាយុកាលរហូតដល់ ៤,៩០០ ឆ្នាំឯណោះ ប៉ុន្តែត្រូវបានគេកាត់ចោលកាលតាំងពីឆ្នាំ ១៩៦៤ មកម្លេះ៕.jpg)










