កម្មវិធីប្រដាល់មិត្តភាពកម្ពុជា-ជប៉ុនដ៏កក្រើកកាលពីរាត្រីយប់មិញនេះ ដែលបានបង្កើតឡើងក្នុងគោលបំណងស្វែងរកថវិការជួយដល់កុមារកំព្រានៅកម្ពុជា បាននឹងកំពុងអន្រួនបេះដូងប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសគឺទៅលើកីឡាករជនជាតិជប៉ុនមួយរូប។
នារាត្រីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៤នេះ ការប្រកួតប្រដាល់សប្បុរសធម៌មិត្តភាពកម្ពុជា ជប៉ុន ដើម្បីគៀងគរថរិការជួយដល់កុមារកំព្រាកម្ពុជា ដែលមានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CNC និង Page CBS Sports ។ តាមរយៈកម្មវិធី ក៏បានលេចនូវវត្តមានទាំងកីឡាករកម្ពុជានិងជប៉ុន ក្នុងនោះកីឡាករដែលទទួលបាននូវភាពលេចធ្លោ ព្រមជាមួយនឹងការអាណិតអាសូរនិងការស្ងើចសរសើរខ្លាំងបំផុត គឺ កីឡាករជប៉ុន Kozo Fujinaga។
លោក Kozo Fujinaga ជាកីឡាករជនជាតិជប៉ុន មានវ័យរហូតដល់ទៅ៦១ ឆ្នាំហើយ ហេតុតែទឹកចិត្តស្រលាញ់វិស័យប្រដាល់ ពោរពេញទៅដោយចិត្តសប្បុរស បានលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ឡើងសង្វៀនប្រកួតនៅក្នុងកម្មវិធីនេះមិនយកថ្លៃខ្លួនសូម្បីតែមួយរៀល។ នៅក្នុងការប្រកួតគាត់គឺស្ថិតនៅក្នុងបង្គោលក្រហម ដែលត្រូវប្រកួតជាមួយនឹងបង្គោលខៀវ ជាកីឡាករជនជាតិជប៉ុនដូចគ្នាដែរ។ 
នៅក្នុងការប្រកួត លោក Kozo Fujinaga ក៏ត្រូវបានគូរបដិបរ ទាំងដាល់ ទាត់ ធាក់ គ្រវីគ្រវាត់ យ៉ាងណាក៏ដោយក៏មិនព្រមចុះចាញ់ ស៊ូរហូតដល់ទីបញ្ចប់ទាំង៣ទឹក។ ទោះជាយ៉ាងណា គាត់មិនបានឈ្នះនៅក្នុងការប្រកួតទេ ប៉ុន្តែគាត់បានជាប់ជា MVP កីឡាករដែលធ្វើបានល្អបំផុតក្នុងព្រឹត្តិការណ៍សប្បុរសធម៌លើកនេះតំណាងឲ្យជប៉ុន ជាមួយនឹងរង្វាន់ជាទឹកប្រាក់ ៥០ម៉ឺនយេន (ជាង១៣លានរៀល)។ 
គួរបញ្ជាក់ថា កម្មវិធីកីឡាប្រដាល់សប្បុរសធម៌ កម្ពុជា-ជប៉ុនលើកនេះ ត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងរៃអង្គាសថវិការជួយដល់កុមារកំព្រាកម្ពុជា។ តាមរយៈកម្មវិធី ចំពោះកីឡាករជប៉ុនទាំងអស់គឺបានស្ម័គ្រចិត្តមកប្រកួតដោយមិនយកថវិកាតម្លៃខ្លួនសូម្បីតែមួយរៀលនោះទេ។ បន្ថែមពីនេះ ក្រៅតែជាកម្មវិធីសប្បុរសជួយដល់កុមារកំព្រានៅកម្ពុជា កម្មវិធីលើកនេះក៏ជាការរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជានិងជប៉ុន រវាងប្រជាជននិងប្រជាជនទាំង២ប្រទេស ប្រកបដោយស្មាមញញឹមនិងភាពសុខដុមរមនាផងដែរ៕










