ប្រទេសចិន ៖ នៅឆ្នាំ២០២៤ ការលក់ដូរផលិតផលជជុះនៅប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ក្នុងនោះក៏មានផលិតផលជជុះម៉ាកល្បីៗផងដែរ ។ ផលិតផលជជុះមានហាងឆេងនៅលើទីផ្សារចិន គឺជាសញ្ញាបញ្ជាក់ថា ការនិយមប្រើប្រាស់ផលិតផលរបស់ពលរដ្ឋចិនបានផ្លាស់ប្តូរនាពេលបច្ចុប្បន្ន ជាពិសេស ក្រុមយុវជន ។
អតិថិជនម្នាក់បានមកទិញផលិតផលជជុះក្នុងហាងមួយកន្លែងនៅទីក្រុងក្វាងចូវ ប្រទេសចិន និយាយថា ៖ «បើទិញផលិតផលថ្មីមានតម្លៃថ្លៃខ្លាំងណាស់ ម្ល៉ោះហើយ ខ្ញុំរកទិញផលិតផលជជុះមកប្រើប្រាស់ជំនួសវិញ» ។
ហាងលក់ផលិតផលជជុះនៅទីក្រុងហ្វាងចូវ មានដាក់លក់កាបូបប្រណីត ដូចជា ៖ Louis Vuitton និង Burberry ក្នុងតម្លៃទាបជាងផលិតផលថ្មីរហូតដល់៨០% ។ ការពេញនិយមទិញផលិតផលជជុះមានម៉ាកល្បីៗ ដោយសារអតិថិជនផ្តល់ភាពសំខាន់លើតម្លៃផលិតផល ជាពិសេស ក្រុមយុវជនដែលកំពុងប្រឈមនឹងគ្មានការងារធ្វើ ឬមានការងារមិនច្បាស់លាស់ ។
Zhao Weilin អ្នកស្រាវជ្រាវជាន់ខ្ពស់មកពីស្ថាប័នស្រាវជ្រាវ Itochu នៅប្រទេសជប៉ុននិយាយថា ៖ «មនុស្សមានជីវភាពមធ្យម គឺជាកម្លាំងជំរុញការលក់ផលិតផលដ៏សំខាន់នៅប្រទេសចិន ហើយពួកគេពុំហ៊ានចំណាយទិញអ្វីមិនចាំបាច់ទេ» ។
ទីផ្សារលក់ផលិតផលជជុះនៅប្រទេសចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស និងអាចស្មើទឹកប្រាក់ជាង៤សែនលានដុល្លារអាមេរិកនៅឆ្នាំ២០២៥ កើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២២ ។ នេះបើតាមស្ថាប័នថាមពល បរិស្ថាន និងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Tsinghua ទីក្រុងប៉េកាំង ។
ផ្ទុយទៅវិញ ការលក់ផលិតផលប្រណីតនៅចិន បែរជាធ្លាក់ចុះនៅឆ្នាំ២០២៤ ។ LVMH ជាក្រុមហ៊ុនបារាំងលក់ផលិតផលប្រណីតៗលំដាប់ពិភពលោក មានចំនួនការលក់នៅតំបន់អាស៊ី (លើកលែងជប៉ុន) ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ បានធ្លាក់ចុះ៦% ខណៈអតិថិជនទិញផលិតផលក្រុមហ៊ុននេះភាគច្រើន ជាអតិថិនចិន ។
Kering ជាក្រុមហ៊ុនលក់ផលិតផលប្រណីតមួយទៀតម៉ាក Gucci ក៏បានជួបបញ្ហាដូចគ្នានេះដែរនាពេលកន្លងមក ដោយការលក់ផលិតផលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) បានធ្លាក់ចុះរហូតដល់១៩% ។
ចំណែកក្រុមហ៊ុន Bain & Co. រាយការណ៍ថា កាលពីឆ្នាំ២០២៣ ការលក់ផលិតផលទំនើបនៅចិន ស្មើទឹកប្រាក់ជាង១សែនលានយាន់ កើនឡើង១២% បើធៀបនឹងឆ្នាំ២០២២ ខណៈចិនរងផលប៉ះពាល់ដោយសារវិធានការ Zero Covid ។ ទោះយ៉ាងណា ការលក់ផលិតផលប្រណីតនៅឆ្នាំ២០២២ នៅតែទាងជាងឆ្នាំ២០២១ ។
Weiwei Xing ជាក្រុមហ៊ុនដៃគូសហការជាមួយ Bain & Co. ឱ្យដឹងថា ការលក់ផលិតផលប្រណីតនៅចិនបានធ្លាក់ចុះ ដោយសារអតិថិជននិយមទិញផលិតផលជជុះតាមអនឡាញ និងទិញនៅហាងផ្ទាល់ ។ ប៉ុន្តែទីផ្សារលក់ផលិតផលជជុះនៅចិនមានកម្រិតទាប បើធៀបនឹងប្រទេសលោកខាងលិច ហើយចិនអាចពង្រីកទីផ្សារនេះបានច្រើនបន្ថែមទៀត ៕










