ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នៅក្នុងយន្តហោះហើយ អ្នកដំណើរក៏នៅតែបែកញើសជោគខ្លួនដែរ ។ តាមការរៀបរាប់លម្អិតនៅលើបណ្តាញសង្គមបានបញ្ជាក់ឱ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីមួយគ្រោងធ្វើដំណើរចេញពីអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក ទៅកាន់ទីក្រុងហាតយ៉ៃ ក៏មានបញ្ហាម៉ាស៊ីនយន្តហោះមិនដំណើរការនៅមុនពេលហោះហើរ ។ ក្រុមហ៊ុននេះបានបណ្តោយឱ្យអ្នកដំណើរអង្គុយរង់ចាំនៅក្នុងយន្តហោះរហូតដល់បែកញើសជោគខ្លួន ខណៈយន្តហោះនេះចតនៅក្រោមកំដៅថ្ងៃក្តៅ ។
ក្រោយពីយន្តហោះមានបញ្ហា អ្នកដំណើរទាំងអស់នាំគ្នាបក់ផ្លិត និងរអ៊ូរទាំថា ពួកគេមិនអាចស៊ូទ្រាំបន្តទៀតទេ ខណៈពួកគេបានអង្គុយរង់ចាំយន្តហោះចេញដំណើររហូតដល់បើកញើសជោគខ្លួនក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ។ យន្តហោះពុំអាចហោះឡើងលើរហូតដល់ទៅ២ដង ហើយឱ្យអ្នកដំណើរដែលអង្គុយនៅក្នុងយន្តហោះនេះគ្មានម៉ាស៊ីនត្រជាក់ និងគ្មានខ្យល់ដកដង្ហើមអស់ជាច្រើនម៉ោង ។
បើទោះជាបុគ្គលិកបម្រើការក្នុងយន្តហោះប្រកាសថា ការធ្វើដំណើរមានសុវត្ថិភាព និងសូមឱ្យអ្នកដំណើរកុំបារម្ភ ប៉ុន្តែអ្នកដំណើរទាំងអស់ចាប់ផ្តើមរអ៊ូរទាំរឿងគ្មានខ្យល់ដកដង្ហើម និងចង់ចុះពីយន្តហោះ ។ នៅទីបំផុត យន្តហោះបានពន្យារពេលហោះហើររហូតដល់ជាង៥ម៉ោង ទម្រាំបានចេញដំណើរ ។![]()
នារីអ្នកដំណើរម្នាក់និយាយថា យន្តហោះមានបញ្ហាដាច់ចរន្តអគ្គិសនី ហើយខាងក្រុមហ៊ុនបានជូនដំណឹងម្តងហើយម្តងទៀតឱ្យអ្នកដំណើររង់ចាំ និងរក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែក្នុងយន្តហោះក្តៅខ្លាំងណាស់ ព្រោះចតនៅកណ្តាលថ្ងៃរាប់ម៉ោង ។ នាងយល់ពីស្ថានការណ៍នេះ ប៉ុន្តែចង់ឱ្យខាងក្រុមហ៊ុនប្រាប់ការពិតឱ្យអ្នកដំណើរជ្រាប ល្អជាងពន្យារពេលហោះហើរជាបន្តបន្ទាប់ ។ ក្រុមហ៊ុនគួរតែផ្តល់សំណងដល់អ្នកដំណើរឱ្យសមរម្យ ល្អជាងការចែកនំដូណាត់១ដុំ និងទឹកបរិសុទ្ធ១ដបឱ្យអ្នកដំណើរ ។
ដោយឡែក ក្រុមសារព័ត៌មាន Thai PBS បានទទួលសេចក្តីរាយការណ៍ពីសាច់ញាតិអ្នកដំណើរម្នាក់ទៀតថា នៅថ្ងៃដដែល (ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤) ថា យន្តហោះធ្វើដំណើរពីទីក្រុងបាងកក ទៅខេត្តភូកេត ក៏បានពន្យារពេលហោះហើរដូចគ្នាដែរ ហើយជាក្រុមហ៊ុនអាកាសចរណ៍តែមួយ ។
អ្នកដំណើរម្នាក់ឱ្យដឹងថា មុនពេលហោះហើរ ស្រាប់តែម៉ាស៊ីនយន្តហោះរលត់បណ្តាលឱ្យម៉ាស៊ីនត្រជាក់ពុំដំណើរការ ហើយរហូតដល់ម៉ោង១២យប់ ទើបយន្តហោះចេញដំណើរ ។ អ្នកដំណើររូបនេះបន្តថា ខ្លួនខឹងខ្លាំង ព្រោះតាមគម្រោង គឺយន្តហោះនឹងទៅដល់ខេត្តភូកេតនៅម៉ោង៧យប់ ប៉ុន្តែដោយសារមានបញ្ហា យន្តហោះមកដល់ខេត្តភូកេតម៉ោង១យប់ ។
ក្រុមហ៊ុនអាកាសចរណ៍ Nok Air បានបញ្ជាក់ពីករណីជើងហោះហើរ DD506 ពីអាកាសយានដ្ឋានដងមឿង (ក្រុងបាងកក) ទៅទីក្រុងហាតយ៉ៃ និងជើងហោះហើរ DD5340 ពីអាកាសយានដ្ឋានដងមឿង (ក្រុងបាងកក) ទៅខេត្តភូកេត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ថា ពេលយន្តហោះត្រៀមហោះហើរ អ្នកបើកយន្តហោះបានជូនដំណឹងមកក្រុមហ៊ុនអាកាសចរណ៍ថា មានបញ្ហាបច្ចេកទេសមួយចំនួន ទើបយន្តហោះត្រូវត្រួតពិនិត្យ និងឱ្យភ្នាក់ងារនាំអ្នកដំណើរចុះពីយន្តហោះ ។ ក្រោយពីក្រុមបច្ចេកទេសបានត្រួតពិនិត្យ និងដោះស្រាយបញ្ហារួចរាល់ហើយ យន្តហោះក៏បានធ្វើដំណើរទៅដល់គោលដៅដោយសុវត្ថិភាព ៕










