ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាកាសធាតុក្តៅខ្លាំងអស់រយៈពេលជាច្រើនថ្ងៃបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាស្លា.ប់ រហូតដល់៤០នាក់ក្នុង១ថ្ងៃ ហើយក្នុងខែមេសាមួយប៉ុណ្ណោះ មានពលរដ្ឋស្លា.ប់ សរុបដោយសារអាកាសធាតុក្តៅស្មើនឹង១.៤៧៣នាក់ ។
សីតុណ្ហភាពកើនឡើងខ្ពស់នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស ប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាស្លាប់ជាមធ្យមចំនួន៤០នាក់ក្នុង១ថ្ងៃ ចាប់ពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ ។ បើតាមតួលេខរបស់មន្ត្រីសុខាភិបាល និងស្ថាប័នរៀបចំបុណ្យសពបង្ហាញថា នៅខែមេសាមួយប៉ុណ្ណោះ មានមនុស្សស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំង យ៉ាងហោចណាស់ ១.៤៧៣នាក់ ។
ក្រុមសេវារថយន្តសង្គ្រោះ និងស្ម័គ្រចិត្ត (M-Rescue Corps) និយាយថា ទីក្រុង Mandalay ស្ថិតនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា មានមនុស្សស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំងស្មើប្រមាណ៩០០នាក់នៅខែមេសា ឆ្នាំ២០២៤ ក្នុងអំឡុងពេលរលកកំដៅខ្ពស់រយៈពេល២ ទៅ៣ថ្ងៃកន្លងមក ។ ពលរដ្ឋនៅទីក្រុង Mandalay បានស្លាប់ក្នុងអំឡុងពេលដើរ និងបើកបរយានជំនិះនៅតាមផ្លូវ ។
ចំណែកនៅទីក្រុងយ៉ាំងហ្គោន ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំរបស់មីយ៉ាន់ម៉ា ភ្នាក់ងាររៀបចំពិធីបុណ្យសពដោយមិនគិតថ្លៃរាយការណ៍ថា មានមនុស្សស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំង ចំនួន៤៤១នាក់ នៅខែមេសា ឆ្នាំ២០២៤ គឺខ្ពស់ជាងខែមីនា ដែលស្មើត្រឹមតែ៣៤០នាក់ ។ រីឯនៅតំបន់ Magway អ្នកស្លាប់ភាគច្រើនជាមនុស្សចាស់ ឬមានជំងឺរ៉ាំរ៉ៃ ដូចជា ៖ ជំងឺលើសឈាម និងទឹកនោមផ្អែម ខណៈតំបន់ Sagaing មានយុវជនកើតជំងឺដាច់សរសៃឈាមខួរក្បាល ។

រីឯពលរដ្ឋទូទៅដែលត្រូវចេញទៅបំពេញការងារនៅខាងក្រៅក្នុងពេលអាកាសធាតុក្តៅខ្លាំង ក៏បានប្រឈមនឹងបញ្ហាផ្សេងៗផងដែរ ដូចជា ៖ កំដៅថ្ងៃ, ខ្វះខាតទឹក និង ឈឺពោះ ។ បើទោះជាពលរដ្ឋមីយ៉ាន់ម៉ាស្លាប់ដោយសារអាកាសធាតុក្តៅកើនឡើងក្តី ប៉ុន្តែក្រសួងសុខាភិបាលរបស់រដ្ឋាភិបាលយោធាពុំបានប្រកាសពីចំនួនមនុស្សស្លាប់ពាក់ព័ន្ធនឹងអាកាសធាតុក្តៅខ្លាំង និងពុំឆ្លើយតបសំណួររបស់ក្រុមសារព័ត៌មានទេ ៕










