រយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍បានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងខុសធម្មតា និងគ្មានភ្លៀងធ្លាក់ ។ ហេតុនេះ រដ្ឋាភិបាលប្រទេសមួយចំនួនបានជូនដំណឹងទៅពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងថែទាំសុខភាពឱ្យបានល្អ ខណៈប្រទេសខ្លះទៀតបានបិទសាលារៀនដើម្បីគេចពីកំដៅថ្ងៃ ។
វាបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុលើពិភពលោក និងការកើនឡើងនៃរោងចក្រឧស្សាហកម្មនៅតាមទីក្រុងធំៗ ទើបធ្វើឱ្យពលរដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍ទទួលរងកំដៅខ្លាំង រហូតដល់ស្លាប់បាត់បង់ជីវិតថែមទៀត ។ រីឯក្រុមងាយរងគ្រោះខ្លាំងជាងគេ គឺកុមារ, ស្ត្រីមានផ្ទៃពោះ, មនុស្សចាស់មានជំងឺប្រចាំកាយ និងអ្នកធ្វើការក្រោមកំដៅថ្ងៃ ។
តើគួរការពារខ្លួនបែបណាខ្លះ ទើបចៀសផុតពីគ្រោះថ្នាក់ដល់សុខភាពដោយសារកំដៅខ្លាំង?
១-ការលេងទឹកពេលអាកាសធាតុក្តៅជារឿងល្អមួយ ប៉ុន្តែការលេងទឹកពេញមួយថ្ងៃនៅក្រោមកំដៅថ្ងៃក្តៅអាចប៉ះពាល់ដល់អ្នកមានសុខភាពទន់ខ្សោយ, មានជំងឺប្រចាំកាយ និងកុមារតូចអាយុក្រោម៦ឆ្នាំ ពីព្រោះពួកគេប្រឈមនឹងការរលាកសួត, ដាច់សរសៃឈាមខួរក្បាល និងឈឺថ្កាត់ ។
២-កុំនៅក្រោមកំដៅថ្ងៃរយៈពេលយូរ ជាពិសេស ចាប់ពីម៉ោង៩កន្លះព្រឹក រហូតដល់ម៉ោង៤ល្ងាច ដែលជាពេលពន្លឺព្រះអាទិត្យមានកាំរស្មីយូវីខ្ពស់ ។ វានឹងបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល, រលាកស្បែក, សម្ពាធឈាមឡើងខ្ពស់ និងស្លាប់ដោយសារការបាត់បង់ជាតិទឹកក្នុងខ្លួន ។
៣-កុំស្លៀកពាក់ខោអាវពណ៌ចាស់ ឬក្រាស់ខ្លាំងពេក ព្រោះពិបាកបញ្ចេញខ្យល់និងកំដៅ រហូតធ្វើឱ្យរាងកាយក្តៅខ្លាំង ។ យើងនឹងមិនស្រួលខ្លួន ហើយអាចសន្លប់បាត់បង់ស្មារតី និងបង្កើនហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាល ។
៤-គួរចៀសវាងការបរិភោគម្ហូបអាហារមួយចំនួន និងហាមផឹកគ្រឿងស្រវឹង, ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬជាតិស្ករខ្ពស់ និងចំណីមានរសជាតិផ្អែមខ្លាំង ព្រោះធ្វើឱ្យរាងកាយទទួលជាតិស្ករលើសកម្រិត, កើតជំងឺទឹកនោមផ្អែម, ជំងឺរ៉ាំរ៉ៃ និងការរលាកអវៈយវៈផ្សេងៗ ។
៥-ហាមដាច់ខាតដោតខ្សែភ្លើងចោល ព្រោះពេលអាកាសធាតុក្តៅខ្លាំង វាមិនត្រឹមតែធ្វើឱ្យសម្ភារៈអគ្គិសនីទាំងនេះឆាប់ខូចប៉ុណ្ណោះទេ ប៉ុន្តែវាបណ្តាលឱ្យកើតភ្លើងឆេះដោយសារសម្ភារៈទាំងនេះ ។ អាកាសធាតុក្តៅខ្លាំង និងគ្រោះរាំងស្ងួត គឺជាកត្តាធ្វើឱ្យងាយឆេះសម្ភារៈក្នុងផ្ទះ និងឆេះរាលដាលផ្ទះទាំងមូល ។.jpg)
៦-ការហាត់ប្រាណក្រោមកំដៅថ្ងៃក្តៅខ្លាំងមិនមែនជាគំនិតល្អទេ ហើយការបាត់បង់ញើសច្រើនពេកនឹងធ្វើឱ្យរាងកាយស្លាប់ដោយសារខ្វះជាតិទឹក ។ រីឯអ្នកមានជំងឺប្រចាំកាយប្រឈមនឹងការគាំងបេះដូង ។
៧-មនុស្សខ្លះចូលចិត្តបរិភោគអាហារពុំសូវឆ្អិនល្អ ដែលពោរពេញដោយជាតិពុល និងបាក់តេរី ប៉ុន្តែការបរិភោគអាហារទាំងនេះអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត ។ ម្យ៉ាងទៀត ពេលអាកាសធាតុក្តៅខ្លាំង ពួកគេពុំអាចធ្វើដំណើរទៅមន្ទីរពេទ្យទាន់ពេលវេលាទេ ។
៨-បើចតរថយន្តនៅក្រោមកំដៅថ្ងៃយូរ ពុំគួរទុកសម្ភារៈផ្ទុកកំដៅ និងងាយឆេះក្នុងរថយន្តទេ ព្រោះវាអាចបណ្តាលឱ្យផ្ទុះសម្ភារៈ និងឆេះរថយន្តទាំងមូល ។
៩-បើរាងកាយខុសធម្មតា ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ព្រោះអាកាសធាតុក្តៅធ្វើឱ្យរាងកាយមានសភាពខុសធម្មតា ដូចជា ៖ បេះដូងលោតញាប់, ដកដង្ហើមហត់, ឈឺក្បាលខ្លាំង, វិលមុខ, ក្តៅខ្លួនខ្លាំង តែមិនបែកញើស និងស្រេកទឹកខុសធម្មតា ។ រោគសញ្ញាទាំងនេះបញ្ជាក់ថា យើងនឹងដាច់សរសៃឈាមខួរក្បាល ឬសរសៃឈាមក្នុងខួរក្បាលខុសធម្មតា ។
១០-ចូរលាបឡេការពារកំដៅថ្ងៃពេលចេញទៅខាងក្រៅ ព្រោះវាជួយកាត់បន្ថយហានិភ័យជំងឺមហារីកស្បែក និងរលាកស្បែកពីកំដៅថ្ងៃ ។ ចូរកុំប្រមាថកំដៅថ្ងៃជាដាច់ខាត ៕










