កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក ជួន គន្ធា និងបក្ខពួក បានធ្វើការផ្សព្វផ្សាយចែកដី ដល់ពលរដ្ឋក្រីក្រចំនួន ៦០០០ឡូត៍ លើផ្ទៃដីសរុបទំហំ ៤២០ហិកតា ដោយក្នុងមួយគ្រួសារអាចទទួល បាន១០ឡូត៏ចុះ (ទំហំដី ១០ម៉ែត្រ x ៣០ម៉ែត្រ) និង តម្រូវឱ្យជួយថ្លៃសេវារដ្ឋបាលជាមុន ក្នុងមួយឡូតិ៍ ៤៥០ដុល្លារអាមេរិក សម្រាប់ការរត់ការឯកសារ។
ក៏ប៉ុន្តែក្រោយមក តុលាការ និងអជ្ញាធរខេត្តកំពង់ស្ពឺ រកឃើញថា ដីនោះជាដីរបស់រដ្ឋ ក៏បានចាត់ឱ្យតំណាងអយ្យការខេត្តកំពង់ស្ពឺ ចេញដីកាឃាត់ខ្លួន លោក ជួន គន្ធា និងបក្ខពួក។
ក្រោយបើកការសាកសួរចម្លើយ សាលាដំបូងខេត្តកំពង់ស្ពឺសម្រេចចោទប្រកាន់លោក ជួន គន្ធា និងបក្ខពួក ពាក់ព័ន្ធបទល្មើសប៉ុនប៉ងឆបោក, ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារ សាធារណៈក្លែង, កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត៕










