លោក សាន់ សុវណ្ណឌីន ជាគ្រូភ្លេងនៅផលិតកម្មរស្មីហង្សមាសដ៏មានឈ្មោះបោះសំឡេង បានទម្លាយពីអត្តចរិត វណ្ណដា ថាក្រមសីលធម៌ល្អទោះកំពុងរវល់តែរត់សំដៅមករាក់ទាក់លោក ខណៈលោក សាន់ សុវណ្ណឌីន ក៏បានទម្លាយអាថ៌កំបាំងថាលោកក៏ជាហ្វេនរបស់ វណ្ណដា ម្នាក់ផងដែរព្រោះតារារ៉េបរូបនេះបាននាំយកចាប៉ីដងវែងបង្ហាញទៅកាន់ពិភពលោក។
កន្លងមកនេះបន្ទាប់ពី វណ្ណដា និង ជី ដេវីត បានជួបមុខគ្នាដោយផ្ទាល់ធ្វើឱ្យផ្ទុះកក្រើកពេញបណ្តាញសង្គមស្រាប់តែមានបុរសម្នាក់ចេញទម្លាយរឿងដ៏ភ្ញាក់ផ្អើលពីហ្វេនផ្កាប់មុខម្នាក់របស់ វណ្ណដា បានក្លាយទៅជាអ្នកស្អប់ វណ្ណដា ជាទីបំផុតព្រោះតែបានជួបហេតុការណ៍អាម៉ាស់មួយបានជួប វណ្ណដា ដោយចៃដន្យនៅហាងកាហ្វេមួយកន្លែងនិងបានសុំវណ្ណដា ថតជាមួយប៉ុន្តែត្រូវបានតារារ៉េបរូបនេះធ្វើមុខស្លើ សម្លឹងមករូបលោកដូចមនុស្សចម្លែក ហើយបុរសនេះថែមទាំងប្រើពាក្យ «អា» ទៅកាន់ វណ្ណដា ទៀត។
ផ្ទុយពីបុរសរូបនោះលោក សាន់ សុវណ្ណឌីន បានសរសើរ វណ្ណដា ជាមនុស្សមានក្រមសីលធម៌ល្អណាស់ទោះកំពុងរវល់យ៉ាងណារត់មករកលោកជារៀមច្បង។ គ្រូភ្លេងនៅផលិតកម្មរស្មីហង្សមាសរូបនេះបានបង្ហោះរូបភាពមួយសន្លឹកជាមួយវណ្នដា កាលពី១២ មេសា អមជាមួយពេចន៍ថា «អរគុណប្អូនប្រុស ប្អូនជាតារាល្បីល្បាញ ហើយមានអ្នកស្រលាញ់ចូលចិត្តច្រើន ប៉ុន្ដែពេលប្អូនឃើញបង ប្អូនក៏សំដៅមករកក្នុងពេលប្អូនកំពុងតែរវល់ ហើយពោលពាក្យថា រីករាយដែលបានជួបបង បងពិតជារំភើបណាស់ ហើយបងក៏តបវិញថា សប្បាយចិត្តណាស់ដែលបានជួបប្អូន ហើយប្អូនថាបងជារៀមច្បងល្អរបស់ប្អូន បងក៏តបវិញថា ប្អូនក៏ជាអាយដលរបស់បងដែរ ព្រោះប្អូនបានយកចាប៉ីដងវែងបង្ហាញពិភពលោកឱ្យ បរទេសដឹងថាជារបស់ខ្មែរយើង»។ លោក សាន់ សុវណ្ណឌីន បាននិយាយថា ជារួម វណ្ណដា ពិតជាមានសីលធម៌ និងក្រមសីលធម៌ល្អណាស់ ហើយលោកបានជូនពរឱ្យ វណ្ណដា រីកចម្រើនថែមទៀតក្នុងវិស័យមួយនេះ។
វណ្ណដា ជាតារារ៉េបដ៏មានឥទ្ធិពលម្នាក់នៅប្រទេសកម្ពុជា និងបានសហការជាមួយតារាបរទេសជាច្រើនប្រទេសដូចជា ជប៉ុន វៀតណាម ថៃ ជាដើមនិងមានឈ្មោះលើសារព័ត៌មានបរទេសផ្សេងៗ។ កេរ្តិ៍ឈ្មោះរបស់តារាចម្រៀងរ៉េបមានដើមកំណើតមកពីខេត្តព្រះសីហនុរូបនេះមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីអ្នកសិល្បៈមួយចំនួនក៏បង្ហាញចំៗថាជាហ្វេនរបស់វណ្ណដាដូចគ្នា៕