ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈ៤ថ្ងៃប្រព្រឹត្តិទៅដោយរលូន ដោយក្នុងនោះគេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរព្រមទាំងភ្ញៀវទេសចរអន្តរជាតិភ្លុកទឹកភ្លុកដីទៅលេងកម្សាន្តសប្បាយនៅតាមទីតាំងសង្ក្រាន្តនីមួយៗ ទូទាំង២៥ខេត្តក្រុងនៃប្រទេសកម្ពុជា ដើម្បីជាការអបអរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិហក់រហូតដល់ប្រមាណ ៣០ម៉ឺននាក់ បានមកលេងកម្សាន្ដសង្ក្រាន្តនៅរមណីយដ្ឋានវត្តភ្នំនៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
ក្រឡេកមកមើល សង្រ្កាន្តស្រុកស្ទោងខេត្តកំពង់ធំវិញ សរុបរយៈពេលទាំង៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានអ្នកចូលរួមយ៉ាងច្រើនកុះករ ប្រមាណ ២៧៦,៧៥០នាក់ បើយោងតាមមន្ទីរព័ត៌មានខេត្តកំពង់ធំ។ ចំណែកឯនៅខាងខេត្តរតនគិរីនេះវិញ ពិធីបុណ្យចូលឆ្នាំខ្មែរសរុបរយៈពេលទាំង៤ថ្ងៃ គឺមានភ្ញៀវទេសចរទាំងជាតិនិងអន្តជាតិមកកម្សាន្តប្រមាណ ១៣៤,២៩១នាក់ កើនឡើង១៧.៥៥% បើធៀបទៅនឹងឆ្នាំមុន។
រីឯនៅខេត្តស្ទឹងត្រែង រយៈពេល៣ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នំាខ្មែរនេះទទួលបានភ្ញៀវទេសចរប្រមាណ ៣ម៉ឺននាក់។ សង្រា្កន្តអូរាំងឪ លើទឹកដីនៃខេត្តត្បូងឃ្មុំ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១២ ដល់១៦ ខែមេសា មានអ្នកចូលរួមរហូតដល់ជាង ១០ម៉ឺននាក់។ ហើយក៏នៅមានសង្ក្រាន្តនៅតាមបណ្តាខេត្តជាច្រើនទៀតផងដែរ។
តាមរយៈកម្មវិធីទាំង៤ថ្ងៃខាងលើ ទីតាំងសង្ក្រាន្តធំៗជាច្រើន ជាពិសេសគឺសង្ក្រាន្តវត្តភ្នំបានមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ជាដើម៕