Cruise គឺជាក្រុមហ៊ុនរថយន្តបើកបរដោយស្វ័យប្រវត្តិ បានប្រកាសសាកល្បងផ្តល់សេវាកម្មដល់អតិថិជនម្តងទៀត ក្រោយពីអាជ្ញាធរបញ្ជាឱ្យក្រុមហ៊ុននេះផ្អាកការផ្តល់សេវាកម្មទាំងអស់ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដោយសាររថយន្តរបស់ក្រុមហ៊ុនបានបើកបុកមនុស្ស និងអូសតាមផ្លូវ ស្មើជាង៦ម៉ែត្រ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឱ្យ CEO របស់ក្រុមហ៊ុន Cruise សម្រេចចិត្តលាឈប់ពីតំណែង ព្រមទាំងបញ្ឈប់បុគ្គលិករាប់រយនាក់ពីការងារក្នុងពេលតែមួយ ។
អ្នកតំណាងក្រុមហ៊ុន Cruise និយាយថា ក្រុមហ៊ុននេះនៅតែមានគោលដៅដូចមុន គឺការផ្តល់សេវាកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនត្រូវតែព្យាយាមធ្វើឱ្យអតិថិជនមានទំនុកចិត្តឡើងវិញ ។ ក្រុមហ៊ុននឹងសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិនៅតាមទីក្រុងមួយចំនួន ហើយរថយន្តទាំងនេះនឹងបើកបរតាមផែនទី និងទិន្នន័យផ្លូវដែលបង្កើតឡើងដោយប្រព័ន្ធ ។
ក្រុមហ៊ុន Cruise បញ្ជាក់ថា នៅដំណាក់កាលដំបូង គឺរថយន្តរបស់ក្រុមហ៊ុននឹងបើកបរដោយស្វ័យប្រវត្តិផ្អែកតាមផែនទី និងទិន្នន័យផ្លូវធ្វើដំណើរ មុនពេលឈានទៅដល់ការបើកបរដោយស្វ័យប្រវត្តិទាំងស្រុង ។ ហេតុនេះ ក្រុមហ៊ុននឹងដំណើរការសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិ នៅទីក្រុង Phoenix រដ្ឋ Arizona មុនគេ ។
ក្នុងអំឡុងពេលផ្អាកសេវាកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិនាពេលកន្លងមក ក្រុមហ៊ុន Cruise ប្រាប់ថា ក្រុមហ៊ុនបានសាកល្បងបើកបររថយន្តនៅទីកន្លែងស្មុគស្មាញ និងកែលម្អប្រព័ន្ធបើកបរបន្ថែមទៀត ហើយក្រុមហ៊ុនបានបង្កើតផែនទី និងទិន្នន័យផ្លូវធ្វើដំណើរយ៉ាងលម្អិត ដើម្បីឱ្យការផ្តល់សេវាកម្មដល់អតិថិជនកាន់តែមានសុវត្ថិភាពខ្លាំងឡើង ។
បច្ចុប្បន្ន ក្រុមហ៊ុនបានសាកល្បងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិមួយជំហានម្តងៗ ព្រមទាំងសាកល្បងនៅទីក្រុងមួយសិន រួចហើយ ទើបសាកល្បងនៅទីក្រុងមួយទៀត ដោយសារនៅទីក្រុងនីមួយៗមានស្ថានភាព និងបរិស្ថានខុសៗគ្នា ៕










