បច្ចុប្បន្ន យើងបានឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ជាពិសេស យុវវ័យ ចូលចិត្តយក «ការងារសំណង់» ឬប្រើពាក្យថា «ធ្វើការសំណង់» មកសរសេរក្នុងបណ្តាញសង្គមរបស់ខ្លួន ។ បើស្តាប់ពីដំបូង យើងនឹងគិតថា អ្នកនោះធ្វើការសំណង់ពិតមែន ដើម្បីរកប្រាក់មកចិញ្ចឹមក្រុមគ្រួសារ ប៉ុន្តែវាមិនមែនដូចជាការគិតនោះទេ ។ តាមពិត ពាក្យថា «ធ្វើការសំណង់» គ្រាន់តែជាពាក្យមួយដែលមនុស្សខ្លះយកមកសរសេរ ឬនិយាយលេងសើចប៉ុណ្ណោះ ។
ជាទូទៅ យើងតែងតែបានឃើញមនុស្សខ្លះសរសេរក្នុងហ្វេសប៊ុកថា «ថ្ងៃស្អែក ចូលធ្វើការសំណង់ធម្មតា» «ថ្ងៃនេះ សម្រាកពីការងារសំណង់» «ធ្វើការសំណង់ថ្ងៃនេះ នឿយហត់ណាស់» និង «ប្រឹងធ្វើការសំណង់ ដើម្បីយកប្រាក់ទៅដណ្តឹងកូនគេ» ជាដើម ។ លើសពីនេះ អ្នកខ្លះទៀត បើទោះជាពួកគេមានការងារល្អៗធ្វើក៏ដោយ ក៏ពួកគេនៅតែសរសេរពាក្យថា ធ្វើការសំណង់ នៅក្នុងហ្វេសប៊ុកដដែល ។
ការងារទាំងអស់សុទ្ធតែមានតម្លៃ ហើយការងារធ្វើសំណង់ ក៏ជាការងារមួយមានតម្លៃដែរ ពីព្រោះកម្មករសំណង់ខំប្រឹងធ្វើការទាំងហាលក្តៅ ហាលភ្លៀង ដើម្បីរកប្រាក់មកចិញ្ចឹមក្រុមគ្រួសារ ។ ហេតុនេះ មិនមែនការងារគ្មានតម្លៃទេ គឺមនុស្សជាអ្នកនិយាយថា ការងារនេះគ្មានតម្លៃ ឬការងារនោះគ្មានតម្លៃ ។
រីឯអ្នកខ្លះវិញនិយាយទៅកាន់កូនចៅថា «បើកូនមិនខំប្រឹងរៀនសូត្រទេ ពេលធំឡើង ប្រយ័ត្នអត់ចេះអក្សរ ទៅធ្វើការសំណង់» ។ ការនិយាយបែបនេះ ហាក់ដូចជាការបង្រៀនកូនឱ្យមើលងាយការងារសំណង់ ហើយហេតុអ្វីបានពួកគេមិនបង្រៀនកូនឱ្យលើកទឹកចិត្តអ្នកធ្វើការផ្នែកនេះ?
មនុស្សយើងម្នាក់ៗមានជំនាញខុសគ្នា ហើយមនុស្សម្នាក់មិនអាចធ្វើការងារគ្រប់ជំនាញតែម្នាក់ឯងបានទេ ។ ឧទាហរណ៍ ៖ បើអ្នកចេះធ្វើល្អី ខ្ញុំចេះធ្វើបង្គី ហើយអ្នកផ្សេងទៀតចេះធ្វើចប ឬចេះធ្វើនង្គ័ល ជាដើម ។ ហេតុនេះ មនុស្សម្នាក់ៗត្រូវតែពឹងពាក់លើការងារគ្នាទៅវិញទៅមក ទើបក្លាយជាសង្គមធំមួយ និងក្លាយជាប្រទេសមួយបាន ។
សរុបមក យើងគួរតែឱ្យតម្លៃការងារគ្នាទៅវិញទៅមក មិនថាការងារសំណង់, ការងារបោសសំរាមនៅតាមផ្លូវ, ការងារផ្នែកអនាម័យ, ការងារលាងចាន, ការងារបើកបររថយន្ត ឬការងារក្នុងការិយាល័យ ពីព្រោះការងារទាំងអស់នេះបានជួយធ្វើឱ្យសង្គមរបស់យើងរីកចម្រើន ហើយសង្គមក៏មិនអាចខ្វះការងារណាមួយបានដែរ ។
ការងារអ្វីក៏ដោយសុទ្ធតែមានតម្លៃទាំងអស់ ឱ្យតែការងារនោះរកប្រាក់ដោយកម្លាំងញើសឈាម និងជាការងារស្មោះត្រង់ លើកលែងតែការងារលួចឆក់ ឬប្លន់ទ្រព្យសម្បត្តិអ្នកដទៃ ដែលធ្វើឱ្យអ្នកដទៃក្តៅក្រហាយ ទួញសោក ទើបសង្គមចាត់ទុកថា វាជាការងារគ្មានតម្លៃ និងគួរឱ្យស្ពប់ខ្ពើម ៕