បរទេស៖ កាលពីពេលថ្មីៗនេះ បើយោងតាម Techinasia ដែលបានរាយការណ៍នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ថានាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook គ្រោងនឹងសាងសង់រោងចក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលនេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Apple មានគម្រោងចង់សាងសង់រោងចក្រនៅអាស៊ីអាគ្នេយ៍។
លោក Tim Cook បាននិយាយថា គាត់គ្រោងនឹងទៅទស្សនកិច្ចក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ២០ ខែមេសាខាងមុខនេះ ក្នុងគោលបំណងពាក់ព័ន្ធនឹងផែនការវិនិយោគរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌូនេស៊ី រួមទាំងលទ្ធភាពដែលក្រុមហ៊ុននឹងសាងសង់រោងចក្រថ្មីដំបូងនៅក្នុងប្រទេសនេះ ទោះជាយ៉ាងណាក៏ដោយ ផែនការទាំងនេះនៅតែមិនទាន់ប្រាកដប្រជានៅឡើយទេ។
ក្នុងឆ្នាំ ២០១៧ Apple បានបណ្តាក់ទុនចំនួន ៤៤ លានដុល្លារនៅឥណ្ឌូនេស៊ី នៅពេលនោះ ការវិនិយោគនេះត្រូវបានធ្វើឡើងតាមរយៈការសាងសង់សាលា Apple Academy ដែលមានទីតាំងនៅ BSD City ក្នុងខេត្ត Banten ។ យោងតាមទិន្នន័យ StatCounter គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ ចំណែកទីផ្សារ iOS នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានឈានដល់ ១០% ដែលចំនួននេះនៅតែទាបជាងចំណែកទីផ្សារ Android របស់ Google ច្រើន។ បើយោងតាមរបាយការណ៍ពី IDC ការលក់ស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុនក៏ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនផ្សេងទៀតដូចជា Samsung, Oppo និង Vivo ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ IDC ក៏បានកត់សម្គាល់ផងដែរថា ការលក់ស្មាតហ្វូនតម្លៃខ្ពស់ ដែលគ្រប់គ្រងជាចម្បងដោយ Apple និង Samsung គឺជាក្រុមហ៊ុនតែមួយគត់ដែលកើនឡើងកាលពីឆ្នាំមុន ដោយសម្រេចបាននូវការកើនឡើង ៧៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីដើមខែនេះ Apple ក៏បានសម្រេចចិត្តបើកមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំបូងរបស់ខ្លួនសម្រាប់តំបន់ក្នុងប្រទេសសិង្ហបុរី ដោយផ្តល់នូវការចូលប្រើប្រាស់កាន់តែប្រសើរឡើងទៅកាន់អ្នកជំនាញ សេវាកម្មគាំទ្រ បច្ចេកវិទ្យា និងធនធានចុងក្រោយបំផុតពី Apple ។
មជ្ឈមណ្ឌលនេះមានទីតាំងនៅអគារមួយនៅលើផ្លូវ Fusionopolis Walk ភាគខាងជើងនៃប្រទេសសិង្ហបុរី។ នេះជាកន្លែងមួយក្នុងចំណោមគ្រឿងបរិក្ខារសាកលទាំងបួនរបស់ Apple រួមជាមួយ Cupertino រដ្ឋ California (សហរដ្ឋអាមេរិក) Bengaluru (ឥណ្ឌា) និង Shanghai (ចិន)។ Susan Prescott អនុប្រធានផ្នែកទំនាក់ទំនងអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោករបស់ក្រុមហ៊ុន Apple បាននិយាយថា មជ្ឈមណ្ឌលនេះនឹងក្លាយជាធនធានដ៏អស្ចារ្យសម្រាប់អ្នកអភិវឌ្ឍន៍មកពីប្រទេសសិង្ហបុរី និងប្រទេសជិតខាង៕










