ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានរកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។
ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អ្នកជំនាញ ព្រះសង្ឃឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។ បើតាមលទ្ធផលពីក្រុមស្រាវជ្រាវហ្វូស៊ីល បានធ្វើកំណាយដី ជម្រៅ១.៥ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយ៦ម៉ែត្រ រកឃើញផូស៊ីលឈើប្រវែង៣.៥ម៉ែត្រ បំណែកមែកឈើជាច្រើន ដែលនៅជាធ្យូង បំណែកផូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។
តាមរយៈកំណាយអាចយល់បានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័កាល Jurassic – Cretaceous (251-65លានឆ្នាំ)៕











